លោក Hegseth ថាសហរដ្ឋអាមេរិក ត្រៀមខ្លួនជាស្រេចដើម្បីវាយអ៉ីរ៉ង់ម្ដងទៀត ប្រសិនបើគ្មានកិច្ចព្រមព្រៀង (Video insdie)

30-05-2026 13:44

(សិង្ហបុរី)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth នៅថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦ បាននិយាយថាសហរដ្ឋអាមេរិកត្រៀមខ្លួនជាស្រេចដើម្បីបើកការវាយប្រហារឡើងវិញលើអ៉ីរ៉ង់ ប្រសិនបើកិច្ចព្រមព្រៀងមួយមិនត្រូវបានឈានដល់ទេនោះ ក្នុងគ្រាដែលក្រុមអ្នកចរចាមកពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់បាន និងកំពុងប្រឹងប្រែងសម្របសម្រួលដោះស្រាយ ចំណុចខ្វែងគំនិតគ្នាធំៗដែលកំពុងបង្កការរាំងស្ទះដល់កិច្ចព្រមព្រៀង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងចេញពីប្រទេសសិង្ហបុរី នាឱកាសចូលរួមកិច្ចប្រជុំ Shangri-La Dialogue លោក Hegseth បានអះអាងថាយោធាអាមេរិកមានសមត្ថភាពបើកការវាយប្រហារឡើងវិញលើអ៉ីរ៉ង់ ក្នុងករណីចាំបាច់ ព្រមទាំងមានស្ដុកអាវុធលើសពីគ្រប់គ្រាន់។ លោក Hegseth ក៏បានបញ្ជាក់ដែរថាទោះជាសហរដ្ឋអាមេរិកកំពុងមានជម្លោះជាមួយអ៉ីរ៉ង់ ក្នុងតំបន់មជ្ឈិមបូព៌ាក៏ពិតមែន តែទីក្រុងវ៉ាស៊ីនតោនមិនបានបែរខ្នងដាក់ ឬបោះបង់ចោលតំបន់អាស៊ីប៉ាស៊ីហ្វិកនោះទេ។ «យើងអាចធ្វើរឿង២ក្នុងពេលតែមួយ»។ នេះជាការបន្ថែមរបស់លោក Hegseth។ បើតាមលោក Hegseth លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអត់ធ្មត់ និងចង់សម្រេចបានកិច្ចព្រមព្រៀងដ៏អស្ចារ្យមួយដែលធានាថាអ៉ីរ៉ង់នឹងមិនមែនអាវុធនុយក្លេអ៊ែរដាច់ខាត។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្ដាហ៍នេះ លោក ត្រាំ បាននិយាយថារូបលោកនឹងបើកកិច្ចប្រជុំនៅឯសេតវិមាន ដើម្បីធ្វើការសម្រេចចិត្តចុងក្រោយលើសំណើបិទបញ្ចប់សង្រ្គាមអ៉ីរ៉ង់ ដែលអាចនឹងពន្យារបទឈប់បាញ់ដែលបានចូលជាធរមានកាលពីដើមខែមេសា ៦០ថ្ងៃបន្ថែមទៀត សំដៅទុកពេលវេលាឱ្យក្រុមអ្នកចរចាធ្វើកិច្ចចរចាលើកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាអចិន្ត្រៃយ៍៕