ឧបនាយករដ្ឋមន្រ្តី ស សុខា ចុះពិនិត្យមើលទីតាំងប្រព្រឹត្តបទល្មើស Online Scams ចំនួន៣ទីតាំង ដែលបង្ក្រាបបានកន្លងទៅនៅក្រុងសំពៅពូន
30-05-2026 13:45
(កណ្ដាល)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចុះត្រួតពិនិត្យទីតាំងប្រព្រឹត្តបទល្មើស Online Scams ចំនួន៣កន្លែង ដែលកម្លាំងសមត្ថកិច្ចទើបបង្ក្រាបបានថ្មីៗស្ថិតនៅក្រុងសំពៅពូន ខេត្តកណ្តាល។
ការចុះត្រួតពិនិត្យនេះ បានធ្វើឡើងនៅថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦ រួមជាមួយវត្តមានលោក គួច ចំរើន អភិបាលខេត្តកណ្ដាល, អភិបាលរងខេត្ត, លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀតផងដែរ។
កាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចបង្ក្រាបបទល្មើស Online Scams នៅស្រុកលើកដែក ឃាត់ខ្លួនជនបរទេស៣៨នាក់ ហើយត្រូវបញ្ជូនទៅសួរចម្លើយនៅក្រុងសំពៅពូន។
លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានផ្ដាំផ្ញើឲ្យកងកម្លាំងទាំងអស់យកចិត្តទុកដាក់អនុវត្តន៍ឲ្យម៉ឺងម៉ាត់ចំពោះករណីនេះ និងប្ដេជ្ញាបោសសំអាតឲ្យ Onlines Scams ពីប្រទេសរបស់យើង។
លោក អេង សុវិចិត្ត អភិបាលក្រុងសំពៅពូន បានឲ្យដឹងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ថា ជនបរទេសទាំងនេះលួចលាក់បង្កប់ប្រព្រឹត្តបទល្មើស Onlines Scams នេះនៅក្នុងអគារផ្សេងៗពីគ្នាចំនួន៣ទីតាំង ហើយការបង្ក្រាប គឺនៅចន្លោះថ្ងៃគ្នា ពោលគឺក្នុងរយៈពេល១ខែ ឧសភានេះកម្លាំងចម្រុះរួមមាន៖ ថ្នាក់ក្រុង ខេត្ត ថ្នាក់ជាតិ បានស៊ើបអង្កេតដាស់តឿនដល់ការបង្ក្រាបទាំង៣ទីតាំង និងប្រមូលបានភស្តុតាងនិងជនបរទេសមួយចំនួន។ ប៉ុន្តែចំពោះទិន្ន័យតួលេខលម្អិតនៅពុំទាន់ដឹងច្បាស់ការណ៍នៅឡើយទេ។
អភិបាលក្រុងបានបញ្ជាក់ថា ការបង្ក្រាបនេះ គឺអនុវត្តស្របតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ នៃកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រោមការចង្អុលដឹកនាំផ្ទាល់របស់លោក គួច ចំរើន អភិបាលខេត្តកណ្ដាល។
គួររំលឹកថា កាលពីពេលថ្មីៗនេះលោក គួច ចំរើន បានប្រកាសជាសាធារណៈតាមបណ្ដាញសង្គមផ្ទាល់ខ្លួន ដោយអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមផ្តល់ព័ត៌មានពាក់ព័ន្ធករណី Onlines Scams ហើយអ្នកផ្ដល់ព័ត៌មាននឹងទទួល បានរង្វាន់លើកទឹកចិត្តចំនួន២លានរៀល ព្រមទាំងធានារក្សាការសម្ងាត់ជូនយ៉ាងតឹងរ៉ឹង៕




















