ការបង្ក្រាបបទល្មើស Online scams នៅកាស៊ីណូ «យីងហ័ង» ក្នុងខេត្តព្រះសីហនុ សមត្ថកិច្ចបញ្ជូនមេខ្លោងជនជាតិចិន៤នាក់ ទៅតុលាការ និងបណ្តេញជនបរទេស៦០នាក់ ចេញពីកម្ពុជា
30-05-2026 14:03
(ព្រះសីហនុ)៖ ក្រោយបង្ក្រាបបទល្មើស Online scams នៅកាស៊ីណូ «យីងហ័ង» ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ រួចមក, នៅថ្ងៃទី៣០ ខែឧសភា សមត្ថកិច្ចជំនាញបានបង្ហាញ លទ្ធផលស៊ើបអង្កេតស៊ីជម្រៅលើវត្ថុតាងពាក់ព័ន្ធ ដោយសម្រេចបញ្ជូនបញ្ជូនមេខ្លោងជនជាតិចិន៤នាក់ ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។
យោងតាមរបាយការណ៍បិទបញ្ចប់ការស៊ើបអង្កេតរបស់សមត្ថកិច្ចខេត្តព្រះសីហនុ បានឱ្យដឹងថា ក្រុមមេខ្លោងជនជាតិចិនទាំង៤នាក់នេះ រួមមាន៖
*ទី១៖ ឈ្មោះ DENG BING អាយុ៣៦ឆ្នាំ មុខរបរថៅកែ កាស៊ីណូ «យីងហ័ង»
*ទី២៖ ឈ្មោះ DENG HUI អាយុ៣៩ឆ្នាំ មុខរបរអាជីវករ
*ទី៣៖ ឈ្មោះ WANG YU អាយុ៣៣ឆ្នាំ មុខរបរអ្នកគ្រប់គ្រងសន្ដិសុខកាស៊ីណូ «យីងហ័ង»
*ទី៤៖ ឈ្មោះ XU CHONG BAO ហៅក្រៅ WEN BO អាយុ២៩ឆ្នាំ មុខរបរមេក្រុមបុគ្គលិកអនឡាញ។
ជនសង្ស័យខាងលើត្រូវបានរកឃើញប្រព្រឹត្តិបទល្មើសធំៗ ដូចជា ការរៀបចំ និងដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កាន់កាប់ និងរក្សាទុកអាវុធខុសច្បាប់ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងបទល្មើសសម្អាតប្រាក់។
វត្ថុតាងដកហូតពីការបង្ក្រាប នៅចំណុចកាស៊ីណូ «យីងហ័ង» រួមមាន៖ កុំព្យូទ័រ ចំនួន៩២៥គ្រឿង, អាវុធខ្លី ចំនួន ០១ដើម ម៉ាក LOCK 19 ពណ៌ខ្មៅ លេខ X4YKZG1YS01-2202043, បង់ចំនួន១, គ្រាប់ចំនួន១០គ្រាប់ (ជាន់ទី១៣ ភ្លុងចោល), ថ្នាំញៀន ប្រភេទម្សៅក្រាមពណ៌សថ្លា មេតំហ្វេតាមីន (MET) ទម្ងន់សុទ្ធ ១៥.០៥ក្រាម, ប្រភេទម្សៅពណ៌ទឹកក្រូច អ៉ិចស្តាស៊ី (MDMA) ទម្ងន់សុទ្ធ ២២០.៧៧ ក្រាម, ប្រភេទម្សៅពណ៌ស កេតាមីន (KET) ទម្ងន់សុទ្ធ ១៣៩.៤៨ក្រាម និងវត្ថុតាងមួយចំនួនទៀត។
រហូតដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីតំណាងអយ្យការអមសាលាដំបូងខេត្ដ ឲ្យកម្លាំងជំនាញបញ្ជូនជនសង្ស័យចំនួន៦០នាក់ ភេទប្រុស ជនជាតិចិន ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបណ្តេញចេញពីកម្ពុជា។
ពាក់ព័ន្ធករណីនេះ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ «យីងហ័ង» នៅខេត្តព្រះសីហនុ ក្រោយរកឃើញពាក់ព័ន្ធនឹង Online Scams រក្សាទុកអាវុធ និងសារធាតុញៀនខុសច្បាប់ផងដែរ។
លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)សូមជម្រាបជូនថា គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ពោលក្នុងរយៈពេលប្រមាណ ១១ខែចុងក្រោយ សមត្ថកិច្ចកម្ពុជាក្នុងរាជធានី-ខេត្ត បានបង្ក្រាបអំពើឆបោកតាមប្រព័ន្ធ បច្ចេកកវិទ្យា ជាង៤០០ករណី ក្នុងនោះសមត្ថកិច្ចបានអនុវត្តច្បាប់ ដោយបានដកហូត និងព្យួរអាជ្ញាប័ណ្ណ កាស៊ីណូចំនួន ២៥ទីតាំងពាក់ព័ន្ធនឹងការឆបោកអនឡាញ ដើម្បីបញ្ឈប់មិនឱ្យមានសកម្មភាពអាជីវកម្មទៀតឡើយ។
ជាមួយគ្នានេះ ក្នុងរយៈពេលដដែល សមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីបញ្ចូនទៅតុលាការ ទាក់ទងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សរុបចំនួន ១៤៣សំណុំរឿង/ករណី ដែលពាក់ព័ន្ធនឹងជនសង្ស័យចំនួន ១ ៤៥៨នាក់ ក្នុងនោះមាន ស្ត្រីចំនួន ២០១នាក់ មាន ១៩សញ្ជាតិ គឺជនជាតិចិន ម៉ាឡេស៊ី ជប៉ុន បង់ក្លាដេស កូរ៉េខាងត្បូង វៀតណាម ឥណ្ឌូនេស៊ី ថៃ នេប៉ាល់ ឥណ្ឌា ប៉ាគីស្ថាន សិង្ហបុរី មីយ៉ាន់ម៉ា ហ្វីលីពីន ម៉ុងហ្គោលលី កៀហ្សីស៊ីស្ថាន ស្រីលង្កា ឡាវ និងខ្មែរដែរ។
ក្នុងយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទូទាំងប្រទេសគិតចាប់ពីខែមករាឆ្នាំ២០២៥ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបានអនុវត្តនីតិវិធីបណ្តេញជនបរទេស ពាក់ព័ន្ធនឹងការប្រព្រឹត្តការឆបោកអនឡាញ សរុបចំនួន ១៨ ៨៦៤នាក់ ក្នុងនោះមានស្ត្រីចំនួន ២ ២៦៣នាក់ មាន ៣៣សញ្ជាតិ៕








