នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ដឹកនាំកិច្ចប្រជុំ​បូកសរុបការងារអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ (Online Scams) នៅក្នុងខេត្តបន្ទាយមានជ័យ

30-05-2026 14:19

(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ​ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ បានអញ្ជើញដឹកនាំកិច្ចប្រជុំ​ បូកសរុបការងារអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ (Online Scams) នៅក្នុងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦។

​កិច្ចប្រជុំ​នេះមានការអញ្ជើញចូលរួមឧត្តមសេនីយ៍ឯក ឌី វិជ្ជា​ អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, លោក អ៊ុំ​ រាត្រី​ អភិបាល​ខេត្តបន្ទាយមានជ័យ​ ប្រតិអូមដំណើរគណៈអធិបតី​ ថ្នាក់ដឹកនាំសាលាដំបូងខេត្ត​ មេបញ្ជាការ​កង​កម្លាំង​គ្រប់ជាន់ថ្នាក់​ គណៈអភិបាលរងខេត្ត​ អភិបាលក្រុងស្រុកទាំង៩​ សមត្ថកិច្ចពាក់ព័ន្ធជាង២០០នាក់​។

អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានបញ្ជាក់ថា កិច្ចប្រជុំនេះមានទិសដៅជំរុញ និងបោសសំអាតបទល្មើស Online Scams ឲ្យអស់នៅក្នុងខេត្តបន្ទាយមានជ័យ ជាពិសេសក្រុងប៉ោយប៉ែត និងនីតិវិធីក្នុងការកសាងសំណុំរឿង។

សូមបញ្ជាក់ថា នៅពេលនេះក្រុងប៉ោយប៉ែត អាចនិយាយថាជាគោលដៅក្តៅជាងគេ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស Online Scams ដែលកម្លាំង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងកម្លាំងគណៈបញ្ជាការឯកភាព ខេត្តបន្ទាយមានជ័យ រួមជាមួយក្រុមការងារទី៤ ទទួលខុសត្រូវនៅខេត្តបន្ទាយមានជ័យ ដែលមាននាយឧត្តមសេនីយ៍ ជួន សុវណ្ណ ជាប្រធាន បានចុះធ្វើរដ្ឋបាល និងឈានដល់ការបង្ក្រាបជារៀងរាល់ថ្ងៃចំពោះបទល្មើសមួយនេះ ដោយឃាត់ខ្លួនជនបរទេសជាបន្តបន្ទា​ប់ និងដកហូតវត្ថុតាងជាច្រើន៕