កម្លាំងគណៈបញ្ជាការឯកភាពខេត្តត្បូងឃ្មុំ បន្តចុះរដ្ឋបាលនៅតាមផ្ទះវីឡា ផ្ទះសំណាក់ និងបន្ទប់ជួល ដើម្បីបន្តស្វែងរកជនបរទេសស្នាក់នៅខុសច្បាប់ និងលួចលាក់ប្រព្រឹត្តបទល្មើស Online scams
30-05-2026 14:32
(ត្បូងឃ្មុំ)៖ នៅថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦ អនុវត្តបទបញ្ជារបស់លោក ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ក្រោមការសម្របសម្រួលពីតំណាងអយ្យការ អមសាលាដំបូងខេត្ត កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត មានទាំងកម្លាំងនគរបាល កម្លាំអាវុធហត្ថ និងមានការចូលរួមពីកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបន្តអនុវត្តដូចភ្លៀងរលឹម ចុះធ្វើរដ្ឋបាលចំហរត្រួតពិនិត្យនៅតាមផ្ទះវីឡា ផ្ទះសំណាក់ បន្ទប់ជួល ដើម្បីបន្តស្វែងរកជនបរទេសស្នាក់នៅដោយខុសច្បាប់ ក្នុងភូមិសាស្ត្រខេត្ត ដែលអាចធ្វើការលួចលាក់ប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា (Online scams) និងការជួញដូរ ប្រើប្រាស់ គ្រឿងញៀន ក្មេងទំនើង។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្ត បានបញ្ជាក់ថា ជាលទ្ធផល កម្លាំងគណៈបញ្ជាការឯកភាពខេត្ត បានត្រួតពិនិត្យផ្ទះសំណាក់ចំនួន ០២ទីតាំង ស្មើនឹង ១០៨បន្ទប់។
ជាលទ្ធផលមានជនជាតិបរទេស ស្នាក់នៅ ចំនួន ២០នាក់ (ស្រី០២នាក់) រួមមាន៖
*ទី១៖ ជនជាតិចិន ចំនួន ១៧នាក់ ប្រុស (មានលិខិតឆ្លងដែន)
*ទី២៖ ជនជាតិវៀតណាម ចំនួន ០២នាក់ ស្រី០១នាក់ (មានលិខិតឆ្លងដែន)
*ទី៣៖ ជនជាតិរុស្ស៊ី ចំនួន ០១នាក់/ស្រី (មានលិខិតឆ្លងដែន)។
របាយការណ៍ បានបញ្ជាក់ថា ចំពោះម្ចាស់ទីតាំងទាំង២ ព្រមទាំងជនបរទេសទាំង២០នាក់ខាងលើ ក្រុមការងារ បានធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យា តាមអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល និងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scans)។
កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កំពុងបន្តចុះស្រាវជ្រាវ ត្រួតពិនិត្យ ស្វែងរកទីតាំង ដែលមានការសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស និងការរស់នៅប្រមូលផ្តុំខុសច្បាប់ទាំង ៧ក្រុងស្រុក ក្នុងភូមិសាស្ត្រខេត្ត ព្រមទាំងបន្តធ្វើការផ្សព្វផ្សាយ អនុក្រឹត្យ លេខ ០៣របស់រាជរដ្ឋាភិបាល ដើម្បីបោសសំអាតបទល្មើស Online Scams ឲ្យអស់ពីទឹកដីខេត្តត្បូងឃ្មុំ និងទប់ស្កាត់មិនឲ្យកើតមានឡើងនោះឡើយ៕





































