ក្រសួងការងារ៖ ប្រទេសកម្ពុជានៅមានឱកាសការងារជាង ៩ម៉ឺន​កន្លែង ​ដែល​កំពុង​តែ​​នៅ​សល់​រង​ចាំបងប្អូន​អតីត​ពលករ​ត្រឡប់​មក​ពី​ប្រ​ទេសថៃ (Video insdie)

30-05-2026 14:40

(ភ្នំពេញ)៖ ឱកាសការងារប្រមាណជាង ៩ម៉ឺនកន្លែងនៅតាមរាជធានី-ខេត្ត ដែលកំពុងរងចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមឱ្យដឹងពី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។

តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ មានឱកាសការងារចំនួន ៩១,២១៥ កន្លែង​នៅតាម​ណ្ដារាជធានី-ខេត្ត នៅទូទាំងប្រទេស កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាស​ការងា​រទាំងនោះ ស្ថិតនៅក្នុងវិស័យសំខាន់ៗ ដូចជា៖ វិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យសេវាកម្ម។

ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែង​រកលេខ​ទំនាក់​ទំនង ឈ្មោះរោងចក្រ និងវិស័យដែលខ្លួនពេញចិត្តបានតាមរយៈខិត្ត​ប័ណ្ណការងារ​របស់ក្រសួង​ដែល​បានផ្សព្វផ្សាយយ៉ាងលម្អិត។

ជាមួយគ្នានេះ ក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាស អ្នកស្វែងរកការងារទាំងអស់ ជាពិសេសបងប្អូនអតីតពលករ ក៏អាចទាក់ទងមកប្រព័ន្ធទំនាក់ទំនងបន្ទាន់ ១២៩៧ ដើម្បីឱ្យក្រសួងការងារជួយសម្របសម្រួលស្វែងរកការងារជូនផងដែរ៕