អភិបាលខេត្តមណ្ឌលគិរីថ្មី ដឹកនាំប្រជុំទប់ស្កាត់ និងបង្ក្រាបបទល្មើស Online Scams និងបទល្មើសផ្សេងៗទៀតតាមមូលដ្ឋាន

30-05-2026 15:03

(មណ្ឌលគិរី)៖ លោក គង់ គឹមនី អភិបាលខេត្តថ្មី ទើបចូលកាន់តំណែងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំសាលាដំបូងខេត្ត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកមេបញ្ជាការ បញ្ជាការរងកងកម្លាំងទាំង៣ ព្រមទាំងអភិបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត អធិការក្រុង-ស្រុក និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។

លោក គង់ គឹមនី អភិបាលខេត្ត បានថ្លែងថា កិច្ចប្រជុំនាពេលនេះ ដើម្បីពិនិត្យ វាយតម្លៃ និងដាក់ចេញវិធានការបន្តអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងបទល្មើសបច្ចេកវិទ្យាផ្សេងៗ។

លោកឲ្យពង្រឹងកិច្ចសហការរវាងអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ ក្នុងការស្រាវជ្រាវ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសអនឡាញគ្រប់ទម្រង់ ព្រមទាំង ជំរុញការផ្សព្វផ្សាយ អប់រំ និងបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ អំពីហានិភ័យ និងវិធីការពារខ្លួនពីការឆបោកតាមប្រព័ន្ធអនឡាញ ក្នុងការលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការពារផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ។

លោកអភិបាលខេត្ត បានណែនាំគណៈបញ្ជាការឯកភាពក្រុង-ស្រុក និងកងម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវសហការគ្នា និងបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ ជាពិសេស ធានាសន្តិសុខ សណ្តាប់ធ្នាប់ និងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ៕