លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចាត់តាំងគណៈប្រតិភូ នៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត បំពេញទស្សនកិច្ច (លើកទី៤) ឆ្នាំ២០២៦ ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន
30-05-2026 15:06
(ចិន)៖ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ក្រោមការយកចិត្តទុកដាក់ និងការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាប្រធានសមាគម អ.ម.ត គណៈប្រតិភូដឹកនាំដោយ លោក ឡាវ វ៉ាន់ ប្រធានការិយាល័យគ្រឹះស្ថានសិក្សា នៃគណៈកម្មាធិការអាហារូបករណ៍ និងជាប្រធានការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស នៃសមាគម អ.ម.ត អមដំណើរដោយ ឧកញ៉ា លោក លោកស្រី សរុប ២៨សរុប នឹងបំពេញ ទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦។
គូសបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០២៣ នេះជាដំណើរទស្សនកិច្ច លើកទី៤ នៃសកម្មភាពស្នូលប្រចាំឆ្នាំ របស់ការិយាល័យគ្រឹះស្ថានសិក្សា និងការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស ដែលមានរបៀបវារៈសំខាន់ ចំនួន២ (ពីរ)៖
*ទី១៖ ការពង្រឹងទំនាក់ទំនងជាមួយស្ថាប័នពាក់ព័ន្ធរួមមាន មន្ទីរអប់រំ និងគ្រឹះស្ថានសិក្សាដៃគូលើកិច្ចការអាហារូបករណ៍ ក៏ដូចជាការស្វែងរកនូវកិច្ចសហប្រតិបត្តិការថ្មីបន្ថែមសំដៅបង្កើនបរិមាណអាហារូបករណ៍ អ.ម.ត។
*ទី២៖ ទន្ទឹមនេះ រាល់ដំណើរទស្សនកិច្ច គណៈប្រតិភូ ដឹកនាំដោយ លោកឡាវ វ៉ាន់ តែងតែចុះជួបដោយផ្ទាល់ ជាមួយនិស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលកំពុងសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីសាកសួរសុខទុក្ខ ពិនិត្យស្ថានភាពសិក្សា និងការរស់នៅរបស់និស្សិត។
គិតត្រឹមឆ្នាំ២០២៥ និស្សិតកម្ពុជាដែលទទួលបានអាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ផ្តល់ជូនតាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ចំនួន ៣៦៣ នាក់ ក្នុងនោះបានបញ្ចប់ការសិក្សាដោយជោគជ័យ ចំនួន ៩៩នាក់៕


















