លោក សំ លាងទ្រី អំពាវនាវថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សទាំងអស់ ត្រូវខិតខំបំពេញការងារ នៅតាមមូលដ្ឋានឱ្យកាន់តែសកម្ម
30-05-2026 15:11
(ព្រះវិហារ)៖ លោក សំ លាងទ្រី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងជាប្រធានក្រុមការងារគណបក្សខេត្តចុះមូលដ្ឋានស្រុកឆែប នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដល់ថ្នាក់ដឹកនាំ សមាជិក និងសមាជិកាគណបក្សប្រជាជនកម្ពុជាទូទាំងស្រុកឆែប។
នៅក្នុងឱកាសនោះ លោក សំ លាងទ្រី បានថ្លែងនាំនូវការផកតាំផ្ញើសាកសួរសុខទុក្ខពីលោក ម៉ៅ សុផាន់ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ និងលោក ប្រាក់ សុវណ្ណ សមាជិកគណកម្មាធិការកណ្តាល និងជាប្រធានគណបក្សខេត្ត លោក គីម រិទ្ធី សមាជិកគណកម្មាធិការកណ្តាល និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ជូនថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទូទាំងស្រុកឆែប។
លោក សំ លាងទ្រី បានថ្លែងទៀតថា ការផ្សព្វផ្សាយផែនការរួមនាពេលនេះ គឺមានសារៈសំខាន់ក្នុងការពង្រឹងស្មារតីទទួលខុសត្រូវ និងការត្រៀមលក្ខណៈរបស់ថ្នាក់ដឹកនាំ និងសមាជិកគណបក្សគ្រប់លំដាប់ថ្នាក់ ដើម្បីអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាមទិសដៅ និងផែនការដែលគណបក្សបានដាក់ចេញ។
លោកប្រធានបានបញ្ជាក់ទៀតថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២៧ គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយ ដែលទាមទារឱ្យគ្រប់រចនាសម្ព័ន្ធ គណបក្សនៅមូលដ្ឋាន ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង បង្កើនទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
លោក សំ លាងទ្រី បានអំពាវនាវដល់ថ្នាក់ដឹកនាំ សមាជិក និងសមាជិកាគណបក្សទាំងអស់ ត្រូវខិតខំបំពេញការងារនៅតាមមូលដ្ឋានឱ្យកាន់តែសកម្ម បន្តផ្សព្វផ្សាយសមិទ្ធផល និងគោលនយោបាយរបស់គណបក្ស ព្រមទាំងថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការរស់នៅ និងការរីកចម្រើនរបស់ប្រជាពលរដ្ឋ។
លោកបានគូសបញ្ជាក់បន្ថែមថា ជ័យជម្នះក្នុងការបោះឆ្នោតនាពេលខាងមុខ អាស្រ័យលើការរួបរួមគ្នា ការលះបង់ និងការបំពេញការងារប្រកបដោយការទទួលខុសត្រូវ របស់សមាជិកគណបក្សគ្រប់រូប។ ដូច្នេះ គ្រប់រចនាសម្ព័ន្ធគណបក្សត្រូវរៀបចំផែនការសកម្មភាពជាក់លាក់ ចុះជាប់ជាមួយប្រជាពលរដ្ឋ និងពង្រឹងការងារចាត់តាំងឱ្យកាន់តែរឹងមាំ ដើម្បីសម្រេចបាននូវគោលដៅដែលបានកំណត់។
លោក ឃិត សុធារ៉ា ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកឆែប ក្នុងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទូទាំងស្រុកឆែប បានថ្លែងប្តេជ្ញាអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ឱ្យទទួលបានជោគជ័យតាមការរំពឹងទុក៕



























