Fresh Exclusive: «នៅពេលការគំរាមត្រឡប់មកដាក់សម្ពាធលើអ្នកគំរាមវិញ៖ តើលោក Trump កំពុងជាប់អន្ទាក់របស់ខ្លួនឯងឬ?» (Video inside)

30-05-2026 15:30

(ភ្នំពេញ)៖ ភាពអូសបន្លាយកាន់តែខ្លាំងនៃវិបត្តិសង្គ្រាមអ៊ីរ៉ង់ កំពុងធ្វើឱ្យអ្នកវិភាគជាច្រើនចាប់ផ្តើមមើលឃើញថា លោក Donald Trump អាចកំពុងជាប់ក្នុង “អន្ទាក់នៃការបាត់បង់ភាពជឿជាក់” ។ អន្ទាក់នោះ គឺជាអន្ទាក់នៃការគំរាម និងសម្ពាធ ដែលដើមឡើយ ត្រូវបានប្រធានា ធិបតីអាមេរិក ប្រើដើម្បីបង្ខំសត្រូវ, ប៉ុន្តែពេលនេះ វាហាក់ដូចជាកំពុងត្រឡប់មកដាក់សម្ពាធលើលោក Trump វិញ ដោយខ្លួនឯង។

Fresh Exclusive មានអត្ថបទវិភាគស៊ីជម្រៅមួយជុំវិញបញ្ហានេះ៖

ខណៈសង្គ្រាមអ៊ីរ៉ង់ នៅតែមិនទាន់ផ្ទុះជាលក្ខណៈទ្រង់ទ្រាយធំសាជាថ្មី ដូចការគំរាមជាបន្តបន្ទាប់របស់លោក Donald Trump, ពិភពលោកកំពុងឃើញស្ថានការណ៍ដ៏ចម្លែក និងពោរពេញដោយភាពមិនច្បាស់លាស់មួយ៖ សហរដ្ឋអាមេរិក បន្តដាក់ឱសានវាទ, បន្តគំរាមប្រើកម្លាំងយោធា និងបន្តបង្ហាញសាច់ដុំ ដាក់អ៊ីរ៉ង់ម្តងហើយម្តងទៀត ប៉ុន្តែមកទល់ពេលនេះ វ៉ាស៊ីនតោន នៅតែមិនទាន់ហ៊ានបើកការវាយប្រហារពេញទំហឹងសាថ្មីណាមួយនៅឡើយទេ។

នៅចំកណ្តាលភាពតានតឹងនេះ សំណួរដ៏ធំមួយ កំពុងលេចឡើងក្នុងការវិភាគភូមិសាស្ត្រនយោបាយអន្តរជាតិក្នុងការចង់ដឹងថា៖ តើលោក Donald Trump កំពុងជាប់ក្នុង «អន្ទាក់នៃការគំរាម» ដែលខ្លួនឯងបានបង្កើតឬ នៅពេលការគំរាមក្លាយជាសម្ពាធត្រឡប់មកលើអ្នកគំរាមវិញ?

ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ លោក Donald Trump បានប្រើសម្តីគំរាមធ្ងន់ៗជាបន្តបន្ទាប់ ដោយប្រកាសថា សហរដ្ឋអាមេរិកកំពុងឈានទៅរក “ការសម្រេចចុងក្រោយ” (Final Determination) លើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ហើយក៏បានព្រមានផងដែរថា កងកម្លាំងយោធាអាមេរិក “ត្រៀមរួចជាស្រេច” សម្រាប់ប្រតិបត្តិការយោធា ប្រសិនបើទីក្រុងតេហេរ៉ង់ មិនព្រមទទួលយកលក្ខខណ្ឌរបស់វ៉ាស៊ីនតោន។ ប៉ុន្តែផ្ទុយពីសម្តីព្រមានដ៏ក្តៅគគុកទាំងនេះ បន្ទាប់ពីកិច្ចប្រជុំរយៈពេល២ម៉ោងនៅក្នុងបន្ទប់ Situation Room កាលពីថ្ងៃសុក្រ សេតវិមាន មិនបានប្រកាសសេចក្តីសម្រេចច្បាស់លាស់ណាមួយឡើយ។ ភាពស្ងប់ស្ងាត់នេះ បង្ហាញថា ទោះបីសហរដ្ឋអាមេរិក បង្ហាញសាច់ដុំយោធាខ្លាំងប៉ុណ្ណាក៏ដោយ ក៏វ៉ាស៊ីនតោនខ្លួនឯង នៅតែស្ទាក់ស្ទើរចំពោះ “តម្លៃពិត” និងហានិភ័យដ៏ធ្ងន់ធ្ងរ នៃសង្គ្រាមពេញទំហឹងជាមួយអ៊ីរ៉ង់ដែរ។

*សារពីររបស់វ៉ាស៊ីនតោន៖ រវាងការគំរាម និងការអត់ធ្មត់
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth ក៏បានបញ្ជាក់នៅក្នុងសន្និសីទសន្តិសុខ Shangri-La Dialogue នៅប្រទេសសិង្ហបុរីផងដែរថា, លោក Donald Trump កំពុង “រក្សាភាពអត់ធ្មត់” ក្នុងការដោះស្រាយវិបត្តិអ៊ីរ៉ង់។ ប៉ុន្តែស្ទើរតែក្នុងដង្ហើមតែមួយ លោកក៏បានផ្ញើសារគំរាមយ៉ាងច្បាស់មួយ ទៅកាន់ទីក្រុងតេហេរ៉ង់ថា៖ ប្រសិនបើអ៊ីរ៉ង់ មិនចង់ធ្វើកិច្ចព្រមព្រៀងទេ នោះ អ៊ីរ៉ង់ អាចដោះស្រាយបញ្ហានេះជាមួយនឹងកម្លាំងយោធាអាមេរិក “If Iran doesn’t want to make a great deal … then Iran can deal with the US military.”

សម្តីទាំងនេះ បង្ហាញយ៉ាងច្បាស់ថា វ៉ាស៊ីនតោន កំពុងប្រើយុទ្ធសាស្ត្រពីរដែលផ្ទុយគ្នាក្នុងពេលតែមួយ៖ មួយគឺការបង្ហាញសាច់ដុំ និងការគំរាមប្រើកម្លាំងយោធា ដើម្បីដាក់សម្ពាធលើអ៊ីរ៉ង់ ខណៈមួយទៀត គឺការពន្យារពេល និងការប្រើ “ភាពអត់ធ្មត់” ជាឧបករណ៍នយោបាយ ដើម្បីជៀសវាងការផ្ទុះសង្គ្រាមពេញទំហឹង។

ប៉ុន្តែបញ្ហាធំបំផុតសម្រាប់លោក Donald Trump គឺថា ការគំរាមជាបន្តបន្ទាប់ ដោយគ្មានសកម្មភាពយោធាជាក់ស្តែង អាចធ្វើឱ្យការគំរាមទាំងនោះ ចាប់ផ្តើមបាត់បង់ទម្ងន់ និងភាពភ័យខ្លាចនៅក្នុងក្រសែភ្នែកពិភពលោក។ ជាក់ស្តែង ពេលនេះ មជ្ឈដ្ឋានអន្តរជាតិ និងទីផ្សារពិភពលោក កំពុងចាប់ផ្តើមសួរថា តើសហរដ្ឋអាមេរិក ពិតជាចង់បើកសង្គ្រាមជាមួយអ៊ីរ៉ង់មែនឬទេ ឬគ្រាន់តែប្រើការគំរាមជាយុទ្ធសាស្ត្រ ដើម្បីបង្ខំទីក្រុងតេហេរ៉ង់ឱ្យចូលតុចរចាតែប៉ុណ្ណោះទេ?

*អ៊ីរ៉ង់ និងយុទ្ធសាស្ត្រ “មិនចុះចាញ់ក្រោមសម្ពាធ”»
សារព័ត៌មាន អាល់ហ្សាស៊ីរ៉ា បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei ដែលបាននិយាយថា៖ “We said goodbye to the language of ‘must’ 47 years ago.” មានន័យថា៖ «យើងបាននិយាយពាក្យ «លា» ចំពោះភាសានៃពាក្យ “ត្រូវតែ” កាលពី ៤៧ ឆ្នាំមុនហើយ»។

សម្តីនេះ មិនមែនគ្រាន់តែជាការឆ្លើយតបផ្នែកការទូតប៉ុណ្ណោះទេ ប៉ុន្តែវាជាការបង្ហាញពីទស្សនវិជ្ជានយោបាយរបស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ តាំងពីបដិវត្តន៍អ៊ីស្លាមឆ្នាំ១៩៧៩មក។ ន័យរបស់វាគឺថា អ៊ីរ៉ង់ មិនចង់ឱ្យពិភពលោកមើលឃើញថា ខ្លួនចុះចាញ់ក្រោមសម្ពាធ ឬការគំរាមរបស់សហរដ្ឋអាមេរិកឡើយ។

នៅក្នុងបរិបទនេះ ទីក្រុងតេហេរ៉ង់ កំពុងប្រើ “ភាពរឹងមាំផ្នែកចិត្តវិទ្យា” និង “នយោបាយនៃការមិនចុះចាញ់” ដើម្បីបង្ហាញថា ទោះបីវ៉ាស៊ីនតោនបង្កើនសម្ពាធ ឬគំរាមប្រើកម្លាំងយោធាយ៉ាងណាក៏ដោយ អ៊ីរ៉ង់ នៅតែអាចទប់ទល់ និងរក្សាជំហររបស់ខ្លួនបានដដែល។

អ៊ីរ៉ង់ ដឹងយ៉ាងច្បាស់ថា គេមិនអាចយកឈ្នះសហរដ្ឋអាមេរិកតាមរយៈសង្គ្រាមយោធាដោយផ្ទាល់បានឡើយ។ ប៉ុន្តែ ក្រុងតេហេរ៉ង់ ក៏ដឹងដែរថា ខ្លួនមានអាវុធភូមិសាស្ត្រនយោបាយមួយ ដែលអាចធ្វើឱ្យពិភពលោកទាំងមូល ឈឺចាប់បាន នោះគឺ ច្រកសមុទ្រ Hormuz។

ផ្លូវទឹកនេះ ត្រូវបានចាត់ទុកថាជា “សរសៃឈាមនៃទីផ្សារប្រេងពិភពលោក” ព្រោះជាង២០ភាគរយនៃប្រេងពិភពលោក ត្រូវឆ្លងកាត់ទីនោះ។ ដូច្នេះ អ៊ីរ៉ង់ មិនចាំបាច់បិទច្រក Hormuz ទាំងស្រុងឡើយ។ ត្រឹមតែការបាញ់ព្រមាន, ការរំខាននាវាពាណិជ្ជកម្ម ឬការបង្កភាពភ័យខ្លាចផ្នែកសន្តិសុខ ក៏គ្រប់គ្រាន់ដើម្បីធ្វើឱ្យតម្លៃប្រេងពិភពលោកឡើងចុះខ្លាំង បង្កភាពរញ្ជួយដល់ទីផ្សារហិរញ្ញវត្ថុ និងបង្កើនសម្ពាធលើសេដ្ឋកិច្ចពិភពលោកទាំងមូលផងដែរ។

*អន្ទាក់នៃការបាត់បង់ភាពជឿជាក់
នេះហើយជាអ្វី ដែលកំពុងធ្វើឱ្យលោក Donald Trump កាន់តែជាប់ក្នុង “អន្ទាក់នៃការបាត់បង់ភាពជឿជាក់” (Credibility Trap)។ ប្រសិនបើលោក មិនបើកការវាយប្រហារលើអ៊ីរ៉ង់ទេ មជ្ឈដ្ឋានអន្តរជាតិ អាចមើលឃើញថា សហរដ្ឋអាមេរិក គ្រាន់តែប្រើការគំរាមធ្វើជាសម្តីនយោបាយ ប៉ុន្តែមិនមានឆន្ទៈធ្វើសកម្មភាពពិតប្រាកដឡើយ។ ប៉ុន្តែផ្ទុយទៅវិញ ប្រសិនបើលោក Trump សម្រេចបើកសង្គ្រាម, អាមេរិកក៏អាចជាប់ក្នុងសង្គ្រាមតំបន់ដ៏វែងឆ្ងាយ និងមានតម្លៃខ្ពស់មួយនៅមជ្ឈិមបូព៌ា ដែលអាចធ្វើឱ្យតម្លៃប្រេងពិភពលោកផ្ទុះឡើង អតិផរណាកើនឡើងវិញ និងបង្កការរញ្ជួយដល់សេដ្ឋកិច្ចពិភពលោកទាំងមូល។

អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះ គឺភាគីទាំងពីរហាក់ដូចជាមិនចង់ក្លាយជា “អ្នកបាញ់មុន” នោះឡើយ។ សហរដ្ឋអាមេរិក មិនចង់ធ្លាក់ចូលក្នុងសង្គ្រាមដែលត្រូវបង់តម្លៃខ្ពស់មហាសាល និងអូសបន្លាយដ៏វែងមួយនៅមជ្ឈិមបូព៌ាទៀតទេ ខណៈអ៊ីរ៉ង់ក៏ដឹងយ៉ាងច្បាស់ថា សង្គ្រាមពេញទំហឹងជាមួយអាមេរិក អាចគំរាមដល់ស្ថិរភាពនៃរបបដឹកនាំរបស់ខ្លួនផងដែរ។

ហេតុនេះហើយ សង្គ្រាមអ៊ីរ៉ង់ពេលនេះ ហាក់មិនមែនជាសង្គ្រាមនៃការបាញ់ប្រហារពេញទំហឹងនោះទេ។ វាកំពុងក្លាយជា “សង្គ្រាមនៃការគំរាម, ការពន្យារពេល និងការសាកល្បងភាពអត់ធ្មត់” ដែលភាគីទាំងពីរ កំពុងប្រើសម្ពាធផ្នែកចិត្តវិទ្យា សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ ដើម្បីរង់ចាំមើលថា អ្នកណានឹងបាត់បង់ការអត់ធ្មត់មុនគេ។

សេចក្តីសនិ្នដ្នាន៖
នៅទីបញ្ចប់ បញ្ហាធំបំផុតសម្រាប់លោក Donald Trump ប្រហែលមិនមែនថា សហរដ្ឋអាមេរិកអាចយកឈ្នះអ៊ីរ៉ង់ តាមផ្លូវយោធាបានឬអត់នោះទេ ប៉ុន្តែថា តើពិភពលោកនៅតែជឿជាក់លើការគំរាម និងសមត្ថភាពបង្ខិតបង្ខំរបស់វ៉ាស៊ីនតោនដែរឬទេ។ ពីព្រោះនៅក្នុងភូមិសាស្ត្រនយោបាយអន្តរជាតិ ការគំរាម អាចមានប្រសិទ្ធភាពបាន លុះត្រាតែភាគីម្ខាងទៀតជឿថា អ្នកគំរាមនោះ ពិតជាហ៊ានធ្វើសកម្មភាពមែន។

ប៉ុន្តែពេលការគំរាម ត្រូវបានប្រើញឹកញាប់ពេក ដោយគ្មានសកម្មភាពជាក់ស្តែង, វាមិនត្រឹមតែធ្វើឱ្យភាពភ័យខ្លាចចាប់ផ្តើមថយចុះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចប្រែក្លាយទៅជា “អន្ទាក់នៃការបាត់បង់ភាពជឿជាក់” ដែលត្រឡប់មកដាក់សម្ពាធលើអ្នកគំរាមវិញផងដែរ។

ហើយប្រហែលជាស្ថានភាពដ៏ស្មុគស្មាញនេះហើយ ដែលលោក Donald Trump កំពុងប្រឈមនៅក្នុងសង្គ្រាមអ៊ីរ៉ង់ពេលនេះ៖ គឺស្ថិតនៅចន្លោះរវាងការរក្សាភាពខ្លាំង និងភាពគួរឱ្យខ្លាចរបស់សហរដ្ឋអាមេរិក ក្នុងនាមជាមហាអំណាចពិភពលោកផង និងការជៀសវាងសង្គ្រាមចំណាយដ៏ធ្ងន់ធ្ងរ និងអូសបន្លាយមួយទៀតផង ដែលមិនត្រឹមតែត្រូវចំណាយថវិកាមហាសាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចធ្វើឱ្យតម្លៃប្រេងពិភពលោកកាន់តែផ្ទុះឡើង បង្កអតិផរណាកាន់តែខ្ពស់ និងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកទាំងមូល រងការរញ្ជួយកាន់តែធ្ងន់ធ្ងរផងដែរ៕