ជនជាតិចិន២នាក់ ដែលរកឃើញស្នាក់នៅសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ មិនមានជាប់ពាក់ព័ន្ធនឹងបទល្មើស Online Scams នោះឡើយ, ព័ត៌មានថាចាប់ចិន២នាក់ ដែលជួសជុលកំព្យូរទ័ររបស់ក្រុមប្រព្រឹត្ត Scams ជារឿងមិនពិត
30-05-2026 15:35
(ភ្នំពេញ)៖ នៅតាមបណ្តាញសង្គមបានចែករំលែក និងផ្សាយថា មានការឃាត់ខ្លួនជនជាតិចិន២នាក់នៅក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ គ្រាន់តែជួសជុលកំព្យូរទ័រចាស់ៗរបស់ក្រុមប្រព្រឹត្តបទល្មើស Online Scams ជារឿងមិនពិតនោះឡើយ ពោលសមត្ថកិច្ចបានរកឃើញពួកគាត់មែន តែក្រោយការសួរនាំ ពួកគាត់ទាំង២នាក់ជាភ្ញៀវទេសចរ ហើយបានអនុញ្ញាតឲ្យពួកគាត់ត្រឡប់ទៅវិញហើយ។
សម្រាប់ផ្ទះដែលគាត់ស្នាក់នៅនោះ ជាម្ចាស់ជនជាតិខ្មែរ ដែលគាត់អ្នកប្រមូលទិញរបស់អេតចាយ ក្នុងនោះមានកំព្យួរទ័រចាស់ៗ ដើម្បីមកជួសជុលឡើងវិញ។
យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៩ ខែឧសភា កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋាភិបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ឈួន ឆាយយ៉ារិទ្ធិ នាយករដ្ឋបាលខណ្ឌ បានចុះត្រួតពិនិត្យការស្នាក់នៅ និងបម្រើការងារនៅបុរីអាកាសចរណ៍ ផ្លូវបេតុងD ផ្ទះលេខ៣២ ភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
ពេលចុះត្រួតពិនិត្យនោះ អាជ្ញាធរ និងសមត្ថកិច្ច បានរកឃើញបុរសជនជាតិចិនស្នាក់នៅចំនួន២នាក់ តែពួកគេមានឯកសារស្នាក់នៅត្រឹមត្រូវ។ នៅក្នុងផ្ទះដែលពួកគេស្នាក់នៅនោះមានសម្ភារ កំព្យូទ័រចាស់ៗសម្រាប់ជួសជុល និង កាប់សាច់មួយចំនួន។
ក្រោយប្រទះឃើញសម្ភារទាំងនេះ អាជ្ញាធរ បានរាយការណ៍ទៅការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមកត្រួតពិនិត្យ តើជាប់ពាក់ព័ន្ធបទល្មើស Online Scams ដែរឬយ៉ាងណា?
ជាលទ្ធផល និងក្រោយការត្រួតពិនិត្យ កម្លាំងនគរបាលជំនាញបានបញ្ជាក់ថា សម្ភារដែលដោះបំបែកទាំងនេះ មិនពាក់ព័ន្ធនិងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះទេ។ តែយ៉ាងណាក៏ដោយ សម្រាប់ម្ចាស់ដែលគាត់មិននៅ សមត្ថកិច្ចនឹងសួរនាំបន្ថែម តើគាត់ទិញសម្ភារទាំងនេះមកពីណា?
ដោយឡែកជនជាតិចិនទាំង២នាក់ ដែលស្នាក់នៅក្នុងផ្ទះខាងលើ ដោយសារស្គាល់ម្ចាស់ផ្ទះ ក្រោយការសួរនាំ ក៏ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅវិញ ហើយពួកគេអាចធ្វើដំណើរកម្សាន្តទេសចរណ៍ដោយសេរី នៅក្នុងប្រទេសកម្ពុជាយើង៕







