កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ ចុះត្រួតពិនិត្យទីតាំង សង្ស័យពាក់ព័ន្ធនឹងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams), ឃាត់ជនបរទេស ១១នាក់

30-05-2026 15:40

(ភ្នំពេញ)៖ លោក លីម សុភា អភិបាលខណ្ឌជ្រោយចង្វារ នៅថ្ងៃទី៣០ ខែឧសភា​ ឆ្នាំ២០២៦នេះ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌជ្រោយចង្វារ រួមជាមួយលោកអធិការខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ និងមន្ត្រីពាក់ព័ន្ធ ចុះត្រួតពិនិត្យរដ្ឋបាល និងអនុវត្តប្រតិបត្តិការបោសសម្អាត ទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅ Condo Morgan ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។

ជាលទ្ធផលបឋម៖ ក្រុមការងារបានរកឃើញជនបរទេសស្នាក់នៅពុំមានលិខិតឆ្លងដែន សរុបចំនួន ១១នាក់ រួមមាន៖ ជនជាតិវៀតណាម ចំនួន ០៨នាក់, ជនជាតិឡាវ ចំនួន ០១នាក់, ជនជាតិឥណ្ឌា ចំនួន ០២នាក់។

បច្ចុប្បន្នកំពុងអនុវត្តនីតិវិធីបន្តតាមផ្លូវច្បាប់៕