ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ជំរុញថ្នាក់ដឹកនាំមណ្ឌលសុខភាព ពង្រឹងសមត្ថភាពដឹកនាំ ខណៈមណ្ឌលសុខភាពគូលែន ត្រៀមដំឡើងកម្រិត ជាមន្ទីរពេទ្យបង្អែកកម្រិត១
30-05-2026 16:17
(ព្រះវិហារ)៖ វេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងថា «មេដឹកនាំខ្លាំង គឺជាគន្លឹះនៃភាពជោគជ័យរបស់អង្គភាព»! ដោយលោកជំរុញថ្នាក់ដឹកនាំ មណ្ឌលសុខភាពពង្រឹងសមត្ថភាពដឹកនាំ ខណៈមណ្ឌលសុខភាពគូលែន ត្រៀមដំឡើងកម្រិតជាមន្ទីរពេទ្យបង្អែកកម្រិត១។
ការលើកឡើងបែបនេះ ក្នុងឱកាសដែលលោក រួមជាមួយលោកវេជ្ជបណ្ឌិត យុន សោភណ្ឌ័តារា ប្រធានស្រុកប្រតិបត្តិត្បែងមានជ័យ អញ្ជើញ ចុះសួរសុខទុក្ខ និងពិនិត្យការបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ នៅមណ្ឌលសុខភាពគូលែន ស្ថិតក្នុងឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកមណ្ឌលសុខភាព ដោយផ្តល់អនុសាសន៍ និងការណែនាំសំខាន់ៗជាច្រើន ដើម្បីពង្រឹងគុណភាពសេវាសុខាភិបាល និងប្រសិទ្ធភាពនៃការគ្រប់គ្រងអង្គភាព។
លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងលើកឡើងដោយដកស្រង់អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកសាស្ត្រាចារ្យ ឈា រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលថា «អង្គភាពដំណើរការបានល្អ អាស្រ័យទៅលើភាពខ្លាំងរបស់មេដឹកនាំ»។
ដោយលោកជំរុញឱ្យប្រធានមណ្ឌលសុខភាពត្រូវខិតខំសិក្សា និងអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំជាបន្តបន្ទាប់ តាមរយៈវគ្គបណ្តុះបណ្តាល និងកម្មវិធីអភិវឌ្ឍភាពជាអ្នកដឹកនាំ ដែលរៀបចំឡើងដោយក្រសួងសុខាភិបាល។
លោកវេបណ្ឌិតបានបញ្ជាក់ទៀតថា មណ្ឌលសុខភាពគូលែន គ្រោងនឹងត្រូវដំឡើងកម្រិត ទៅជាមន្ទីរពេទ្យបង្អែកកម្រិត១ នាពេលខាងមុខ ដូច្នេះការពង្រឹងសមត្ថភាពដឹកនាំ របស់ថ្នាក់គ្រប់គ្រង គឺជាកត្តាចាំបាច់ដើម្បីធានាបាន នូវការអភិវឌ្ឍអង្គភាពប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត គួង ឡូ ក៏បានណែនាំឱ្យថ្នាក់ដឹកនាំបង្កើតបរិយាកាសការងារវិជ្ជមាន លើកកម្ពស់សាមគ្គីភាពក្នុងអង្គភាព និងជំរុញការធ្វើការងារជាក្រុម ដើម្បីឱ្យបុគ្គលិកទាំងអស់អាចជួយគ្នាទៅវិញទៅមក និងរួមចំណែកលើកកម្ពស់គុណភាពសេវាជូនប្រជាពលរដ្ឋ។
លោកបានថ្លែងសង្កត់ធ្ងន់ថា ការធ្វើបដិសណ្ឋារកិច្ច និងការប្រកាន់ខ្ជាប់នូវឥរិយាបទល្អចំពោះអ្នកជំងឺ និងប្រជាពលរដ្ឋ គឺជាកត្តាសំខាន់ក្នុងការកសាងទំនុកចិត្ត និងជំនឿជាក់របស់សាធារណជន លើសេវាសុខាភិបាល។ ទោះជាសកម្មភាពដែលមិនតម្រូវឱ្យចំណាយថវិកាក៏ដោយ ប៉ុន្តែមានតម្លៃយ៉ាងធំធេង ក្នុងការបង្កើនភាពពេញចិត្ត របស់ប្រជាពលរដ្ឋ។
លោកអំពាវនាវឱ្យថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាល បុគ្គលិកសម្អាត និងអ្នកបើកបររថយន្តសង្គ្រោះបន្ទាន់ទាំងអស់ ត្រូវរួមគ្នាអនុវត្តការផ្តល់សេវាប្រកបដោយសុជីវធម៌ ស្នាមញញឹម និងការយកចិត្តទុកដាក់ខ្ពស់ចំពោះអ្នកទទួលសេវា។
ជាការឆ្លើយតប លោកប្រធានមណ្ឌលសុខភាពគូលែន បានថ្លែងប្តេជ្ញាចិត្តអនុវត្តតាមអនុសាសន៍ និងការណែនាំទាំងអស់ ដើម្បីពង្រឹងគុណភាពសេវាសុខាភិបាល និងអភិវឌ្ឍមណ្ឌលសុខភាព ឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមទិសដៅរបស់ក្រសួងសុខាភិបាល៕












