ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ចុះសួរសុខទុក្ខ និងនាំយកថវិកា៣០លានរៀលរបស់នាយឧត្តមសេនីយ៍ ស ថេត ប្រគល់ជូនវីរនគរបាលបង្ក្រាបគ្រឿងញៀន ដែលកំពុងបន្តសម្រាកព្យាលជំងឺដល់គេហដ្ឋាន

30-05-2026 16:58

(ភ្នំពេញ)៖ អនុវត្តតាមអនុសាសន៍ណែនាំ ដ៏ដូចជាការយកចិត្តខ្ពស់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦នេះ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានដឹកនាំនាយនគរបាល ចុះមកសាកសួរសុខទុក្ខ និងនាំយកថវិកាចំនួន ៣០លានរៀល និងបាច់ផ្ការបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកស្រី ស ស៊ីណា ស ថេត ជូនលោកអនុសេនីយ៍ឯក ធាង ឧត្តម ដល់គេហដ្ឋាន ស្ថិតនៅផ្ទះលេខ២៤៧ ផ្លូវបេតុង ភូមិមិត្ដភាព ឃុំព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលទើបត្រឡប់មកពីសម្រាកព្យាបាល នៅប្រទេសវៀតណាម។

នាឱកាសនោះ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានថ្លែងថា បើទោះបីកងកម្លាំងរបស់យើងរងរបួស នៅពេលចុះប្រតិបត្ដិការណ៍បង្ក្រាបបទល្មើសក្នុងកម្រិតណាក៏ដោយ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកស្រី និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំ របស់យើងគ្រប់លំដាប់ថ្នាក់ មិនទុកមន្ត្រីរូបណាចោលនោះទេ គឺតែងតែយកចិត្តទុកដាក់ ជំរុញ ការមើលថែ ការព្យាបាល និងការសួរសុខទុក្ខជានិច្ច ជាក់ស្ដែងដូចជាករណីនេះជាដើម។

ក្នុងនោះដែរ លោកអនុសេនីយ៍ឯក ធាង ឧត្តម និងក្រុមគ្រួសារ បានសម្ដែងនូវក្ដីរំភើបឥតឧបមា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តមេត្តាធម៌ របស់ថ្នាក់ដឹកនាំ ដែលបានផ្តល់ភាពកក់ក្តៅដល់រូបលោក និងក្រុមគ្រួសារដោយមិនបោះបង់ឱ្យនៅឯកោ នោះឡើយ និងបានជួយទំនុបបំរ៉ុងរហូតមក។

គូសបញ្ជាក់ថា វីរនគរបាល លោកអនុសេនីយ៍ឯក ធាង ឧត្តម (អត្តលេខ ៦៨៧៣១) បានរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងពេលចុះប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបសំបុកឧក្រិដ្ឋជន ជួញដូរគ្រឿងញៀនប្រដាប់អាវុធ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ ស្ថិតនៅចំណុចភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

នៅទីបញ្ចប់ លោកអនុសេនីយ៍ឯក ធាង ឧត្តម បានលើកហត្ថប្រណម្យបួងសួងដល់គុណព្រះរតនត្រ័យ សូមប្រទានពរជ័យជូនដល់ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកស្រី និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកស្រី ព្រមទាំងឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងគណៈប្រតិភូទាំងអស់ សូមទទួលបានជោគជ័យគ្រប់ភារកិច្ចបម្រើជាតិ និងប្រជាជនជានិច្ចនិរន្តរ៍៕