ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំពង្រឹងការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសនៅរាជធានីភ្នំពេញ
30-05-2026 20:03
(ភ្នំពេញ)៖ នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ និងពង្រឹងការងារស្រាវជ្រាវបង្ក្រាបបទល្មើស ព័ត៌មានសន្តិសុខ និងប្រតិបត្តិការ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានណែនាំដល់កម្លាំងអាវុធហត្ថគ្រប់ជាន់ថ្នាក់ ឱ្យបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង គោរពបទបញ្ជាថ្នាក់លើ ប្រកាន់ខ្ជាប់ក្រមសីលធម៌ សុជីវធម៌ និងវិជ្ជាជីវៈរបស់កងកម្លាំង ដើម្បីបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព និងទំនួលខុសត្រូវខ្ពស់។
លោកបានសង្កត់ធ្ងន់ថា កងរាជអាវុធហត្ថត្រូវផ្តោតលើភារកិច្ចស្នូលរួមមាន ការបង្ការ បង្ក្រាប និងសង្គ្រោះ ដោយត្រៀមខ្លួនចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងជួយដោះស្រាយបញ្ហាសង្គមនានាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
ជាមួយគ្នានេះ លោកក៏បានជំរុញឱ្យកម្លាំងជំនាញបន្តពង្រឹងវិធានការបង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបញ្ហាក្មេងទំនើង បទល្មើសគ្រឿងញៀន ល្បែងអនឡាញ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅតាមភូមិសាស្ត្រទទួលខុសត្រូវរៀងៗខ្លួន។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានណែនាំយ៉ាងម៉ឺងម៉ាត់ថា កម្លាំងអាវុធហត្ថគ្រប់រូប មិនត្រូវចូលរួមសហការ សមគំនិត ឬលាក់បាំងបទល្មើសក្នុងគ្រប់រូបភាពនោះឡើយ ហើយក្នុងករណីរកឃើញការពាក់ព័ន្ធ នឹងត្រូវអនុវត្តតាមនីតិវិធីច្បាប់ដោយគ្មានការលើកលែង។
ទន្ទឹមនឹងនេះ លោកក៏បានរំលឹកអំពីសារៈសំខាន់នៃលេខអន្តរាគមន៍បន្ទាន់ ១២៩១ ដោយជំរុញឱ្យក្រុមការងារពាក់ព័ន្ធយកចិត្តទុកដាក់ក្នុងការទទួល សម្របសម្រួល និងដោះស្រាយបណ្តឹងរបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ប្រកបដោយភាពរហ័សរហួន និងការទទួលខុសត្រូវខ្ពស់។
ក្រោយបញ្ចប់កិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានជូនបាច់ផ្កាអបអរសាទរ និងជូនពរលោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលត្រូវបានថ្នាក់ដឹកនាំផ្តល់សេចក្តីទុកចិត្តតែងតាំងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ដោយជូនពរឱ្យទទួលបានជោគជ័យក្នុងភារកិច្ចថ្មី។
កម្មវិធីបានបញ្ចប់ក្នុងបរិយាកាសស្និទ្ធស្នាល និងរីករាយ ដោយថ្នាក់ដឹកនាំ និងមន្ត្រីអាវុធហត្ថបានថតរូបទុកជាអនុស្សាវរីយ៍រួមគ្នា៕






















