គ្រោះធម្មជាតិភ្លៀងលាយខ្យល់កន្ត្រាក់ បណ្ដាលឲ្យប៉ះពាល់ផ្ទះពលរដ្ឋស្រុកពញាឮ ខេត្តកណ្ដាល ចំនួន៥៥ខ្នង

30-05-2026 21:12

(កណ្តាល)៖ ភ្លៀងលាយខ្យល់កន្ត្រាក់មួយមេធំ បានបោកបក់មកលើស្រុកពញាឮ ខេត្តកណ្ដាល បណ្ដាលឲ្យផ្ទះពលរដ្ឋចំនួន៥៥ខ្នងផ្ទះ នៅក្នុងឃុំចំនួន២ គឺឃុំទំនប់ធំ និងឃុំជ្រៃលាស់ រងផលប៉ះពាល់យ៉ាងដុំណុំ។ គ្រោះធម្មជាតិនេះ បានកើតកើតឡើងនៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦។

លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ បានឲ្យដឹងថា នៅវេលាកើតហេតុ គឺមានភ្លៀងធ្លាក់ រួមនិងខ្យល់កន្ត្រាក់ផង បានធ្វើអោយខូចខាត លំនៅដ្ឋានប្រជាពលរដ្ឋប៉ើងធ្លាក់ដំបូលជាប្រភេទផ្ទះប្រក់ស័ង្កសី ផ្ទះប្រក់ក្បឿង បានប៉ើងជ្រុះធ្លាក់ដោយអំណាចខ្យល់កន្ត្រាក់ ដោយសរុបផលប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន៥៥ខ្នងផ្ទះ ស្មើនឹង៥៥គ្រួសារ។

លោកអភិបាលស្រុក បានបញ្ជាក់ថា ចំពោះករណីគ្រោះធម្មជាតិនេះ គឺពុំបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ឬបង្កឲ្យមានរបួសដល់ប្រជាពលរដ្ឋនោះឡើយ។

លោកថាក្រោយកើតបញ្ហាភ្លាម លោកបានចាត់ឲ្យអាជ្ញាធរមូលដ្ឋានទាំងអស់ រួសរាន់ជួយពលរដ្ឋឲ្យអស់ពីសមត្ថភាព ហើយថ្ងៃច័ន្ទសប្ដាហ៍ខាងមុខ លោកអភិបាលខេត្ត គួច ចំរើន នឹងមកសួរសុខទុក្ខ និងផ្ដល់អំណោយមនុស្សធម៌ផងដែរ៕