រាជរដ្ឋាភិបាលកម្ពុជា ធ្វើការតវ៉ាជាផ្លូវការប្រឆាំង នឹងការបន្តរំលោភបំពានរបស់ភាគីថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា នៅក្នុងតំបន់ដែលកងទ័ពថៃ បានកាន់កាប់ដោយខុសច្បាប់ ចាប់តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥

30-05-2026 21:15

(ភ្នំពេញ)៖ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយទៀត ដោយបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការប្រឆាំង នឹងការបន្តរំលោភបំពានរបស់ភាគីថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា នៅក្នុងតំបន់ដែលកងទ័ពថៃ បានកាន់កាប់ដោយខុសច្បាប់ ចាប់តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ការតវ៉ាថ្មីៗនេះពាក់ព័ន្ធនឹងការសាងសង់ព្រះពុទ្ធបដិមាយ៉ាងតិចចំនួន ៣៦អង្គ នៅទីតាំងមួយចំនួនក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ ព្រមទាំងការដំឡើងបង្គោលទង់ជាតិចំនួន២ នៅក្នុងខេត្តព្រះវិហារ។

បន្ទាប់ពីបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កងកម្លាំងយោធាថៃ បានបន្តពង្រឹងការគ្រប់គ្រង និងការកាន់កាប់ដោយខុសច្បាប់លើទឹកដីកម្ពុជា តាមរយៈការសាងសង់សំណង់អចិន្ត្រៃយ៍នានា ដូចជា ផ្លូវ ព្រះពុទ្ធបដិមាធំៗ ការដំឡើង និងពង្រឹងរបាំងបិទផ្លូវដោយប្រើទូកុងតឺន័រ និងបន្លាលួស ការសាងសង់បង្គោល ទង់ជាតិនៅទីតាំងមួយចំនួន ព្រមទាំងការរៀបចំសកម្មភាពវប្បធម៌ និងទេសចរណ៍ផ្សេងៗ។

សកម្មភាពទាំងនេះមិនអាចចាត់ទុកបានថា ជាវិធានការរក្សាទីតាំងឈរជើងកងទ័ពនោះទេ គឺវាផ្ទុយ យ៉ាងច្បាស់ទៅនឹងវិធានការដែលចែងនៅក្នុងចំណុចរ៉ូម៉ាំង I នៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសក្នុងចំណុចទី២ និងទី៣។

រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ខ្សែព្រំដែនតាមរយៈការប្រើប្រាស់ កម្លាំងជាដាច់ខាត ឬការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃនោះទេ ហើយសកម្មភាពដូចបាន រៀបរាប់ខាងលើនឹងមិនធ្វើឱ្យប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់ព្រះរាជាណាចក្រកម្ពុជា ទាក់ទង នឹងព្រំដែនអន្តរជាតិរបស់ខ្លួននោះឡើយ។

រាជរដ្ឋាភិបាលកម្ពុជាសូមអំពាវនាវឱ្យប្រទេសថៃគោរពតាមការប្តេជ្ញាចិត្តដែលបានធ្វើឡើងក្នុងសេចក្តី ប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដើម្បីស្តារឡើងវិញនូវ ជំនឿ និងទំនុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងលើកកម្ពស់សន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិត ខាងល្អ តាមបណ្តោយព្រំដែនរួមរវាងប្រទេសទាំងពីរ ស្របតាមគោលការណ៍នៃច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការ សហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)៕

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស៖