កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកលើកដែក ចុះធ្វើរដ្ឋបាលនៅតាមទីតាំងសង្ស័យ ដោយចាប់បានសម្ភារៈបម្រើឲ្យបទល្មើស Online Scams រាប់រយគ្រឿង

30-05-2026 21:24

(កណ្ដាល)៖ លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦នេះ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកលើកដែក និងអភិបាលរងស្រុក បានចុះធ្វេីការត្រួតពិនិត្យរដ្ឋបាលចំហរ តាមទីតាំងបន្ទប់ជួល និងផ្ទះសំណាក់ក្នុងភូមិសាស្ត្រស្រុកលើកដែក ដេីម្បីពិនិត្យ និងផ្ទៀងផ្ទាត់ការស្នាក់នៅ សំដៅធ្វេីយ៉ាងណាធានាឲ្យបានសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន ជៀសវាងនូវការជាប់ពាក់ព័ន្ធការប្រេីប្រាស់ទីតាំងប្រព្រឹត្តបទល្មើសគ្រប់ប្រភេទ ជាពិសេស Online Scams។

លោកអភិបាលស្រុក បានថ្លែងឲ្យដឹងថា ការបង្ក្រាបនេះ គឺអនុវត្តស្របតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រោមការចង្អុលដឹកនាំផ្ទាល់របស់លោក គួច ចំរើន អភិបាលខេត្តកណ្ដាល។

សូមបញ្ជាក់ថា ខេត្តកណ្ដាល បានបង្ក្រាបករណី Online Scams នេះជាច្រើនករណី ហើយជនជាតិបរទេសរាប់រយនាក់ និងសម្ភាររាប់រយគ្រឿងត្រូវបានបង្ក្រាប និងអនុវត្តតាមនីតិវិធី។ រីឯនៅខាងក្រុងសំពៅពូនវិញ ក៏មានការបង្ក្រាប៣ករណីផងដែរ ដោយឃាត់បានជនបរទេស និងសម្ភាររាប់រយគ្រឿង។

កាលពីពេលថ្មីៗនេះ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានប្រកាសជាសាធារណៈតាមបណ្ដាញសង្គមផ្ទាល់ខ្លួន ដោយអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមផ្តល់ព័ត៌មាន ពាក់ព័ន្ធករណី Online Scams ហើយអ្នកផ្ដល់ព័ត៌មាន នឹងទទួលបានរង្វាន់លើកទឹកចិត្តចំនួន២លានរៀល ព្រមទាំងធានារក្សាការសម្ងាត់ជូនយ៉ាងតឹងរ៉ឹង៕