មន្ទីរពេទ្យសម្ភពសោភា សហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមកម្ពុជា ប្រារឰពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ «រួមគ្នាផ្តល់ឈាមដើម្បីជួយសង្គ្រោះជីវិត»
31-05-2026 12:59
(ភ្នំពេញ)៖ មន្ទីរពេទ្យសម្ភពសោភាបានរួមសហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមកម្ពុជា ប្រារឰពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត នៅមន្ទីរពេទ្យ សម្ភពសោភា ក្រោមប្រធានបទ «រួមគ្នាផ្តល់ឈាមដើម្បីជួយសង្គ្រោះជីវិត» នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦នេះ។
ឆ្លៀតក្នុងឱកាសដ៏វិសេសនេះ លោកសាស្ត្រាចារ្យ ប៉ិច សុធី តំណាងក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យសម្ភពសោភាបានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានរបស់វេជ្ជបណ្ឌិត គិលានុបដ្ឋាក/យិកា ឆ្មប បុគ្គលិក និងសប្បុរសជននានា ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក រួមគ្នាចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដែលជាកាយវិការបញ្ជាក់ពីសេចក្តីស្រឡាញ់ ទឹកចិត្តបរិសុទ្ធ ដើម្បីជួយអ្នកជំងឺកំពុងរង់ចាំការជួយសង្គ្រោះអាយុជីវិតជាមួយនឹងឈាមដ៏មានតម្លៃបំផុតមិនអាចកាត់ថ្លៃបានឡើយ។
មន្ទីរពេទ្យសម្ភពសោភាសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំ បុគ្គលិក និងសប្បុរសជនទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីដ៏ឧត្តុង្គឧត្តមនេះ និងសូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
មន្ទីរពេទ្យ សម្ភពសោភានៅតែប្រកាន់ខ្ជាប់នូវបេសកកម្ម ទស្សនវិស័យ និងគុណតម្លៃក្នុងការប្តេជ្ញាចិត្តផ្តល់នូវការពិនិត្យ ព្យាបាល និងការថែទាំពីវេជ្ជបណ្ឌិត គិលានុបដ្ឋាក/យិកា និងឆ្មប ប្រកបដោយការយកចិត្តទុកដាក់ និងភាពកក់ក្តៅ ព្រមទាំងមានឧបករណ៍សម្ភារបរិក្ខារទំនើប និងបន្ទប់មានផាសុកភាព ជូនដល់អតិថិជនគ្រប់រូប៕
































