អនុប្រធានទី២ព្រឹទ្ធសភា ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីមិត្តចិន នៅរដ្ឋធានីប៉េកាំង និងខេត្តកានស៊ូ
01-06-2026 12:03
(ប៉េកាំង)៖ នាថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២៦ គណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភាកម្ពុជា ដឹកនាំដោយ លោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ នៅព្រលានយន្តហោះអន្តរជាតិក្រុងប៉េកាំង ដោយលោក Liu Zhenzhong អគ្គលេខាធិការរងនៃសមាគមចិនដើម្បីការយល់ដឹងអន្តរជាតិ (CAFIU) ដែលនឹងអមដំណើរគណៈប្រតិភូបំពេញទស្សនកិច្ចនេះ ក្នុងនាមស្ថាប័នរៀបចំ «សន្និសីទពិភពលោកលើកទី៣ នៃអ្នកចិនសាស្រ្ត»។
បន្ទាប់មក នៅពេលគណៈប្រតិភូអញ្ជើញដល់ព្រលានយន្តហោះ ឡានចូវ ជុងឈួន លោក Li Peixing អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនខេត្តកានស៊ូ បានអញ្ជើញទៅទទួលស្វាគមន៍ផ្ទាល់ និងបានអមដំណើរគណៈប្រតិភូក្នុងការទស្សនកិច្ចសិក្សាសួនកសិកម្មផ្កាកុលាបទំនើបតំបន់ថ្មីឡានចូវ និងក្រុមហ៊ុនផលិតឱសថ Lanzhou Foci Pharmaceutical ដើម្បីសិក្សាពីខ្សែច្រវាក់ផលិតកម្ម និងបច្ចេកវិទ្យាកែច្នៃកម្រិតខ្ពស់របស់ចិន។
ដំណើរទស្សនកិច្ចក្នុងថ្ងៃដំបូងនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ភាគីចិន និងបើកឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកវិទ្យារវាងកម្ពុជា និងខេត្តកានស៊ូ ឱ្យកាន់តែស៊ីជម្រៅ៕










