ក្រសួងព័ត៌មាន រម្លឹកអ្នកសារព័ត៌មានរួសរាន់ចុះឈ្មោះស្នើសុំបណ្ណសម្រាប់ឆ្នាំ២០២៦ ឱ្យបានមុនត្រឹមដំណាច់ខែមិថុនា ខាងមុខ

01-06-2026 14:26

(ភ្នំពេញ)៖ ក្រសួងព័ត៌មាន បានក្រើនរម្លឹកជាថ្មីម្ដងទៀតដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ អង្គភាព សមាគមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ព្រមទាំងអ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ទាំងអស់ ឱ្យរួសរាន់មកចុះឈ្មោះស្នើសុំបណ្ណសារព័ត៌មានសម្រាប់ឆ្នាំ២០២៦។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងព័ត៌មាន ដែលបានចេញផ្សាយកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ បានបញ្ជាក់ថា ការបើកទទួលពាក្យស្នើសុំបណ្ណសារព័ត៌មានសម្រាប់ឆ្នាំ២០២៦ កំពុងដំណើរការយ៉ាងសកម្ម។ ទោះជាយ៉ាងណា ដើម្បីជៀសវាងការខកខាន ក្រសួងបានរំលឹកដល់អ្នកសារព័ត៌មានទាំងអស់ដែលមានបំណងចង់ទទួលបានបណ្ណផ្លូវការ ត្រូវប្រញាប់រួសរាន់ដាក់ពាក្យស្នើសុំ ព្រោះការទទួលចុះឈ្មោះនឹងត្រូវបិទបញ្ចប់ត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះហើយ។

ការក្រើនរម្លឹកនេះ ធ្វើឡើងក្នុងគោលបំណងគ្រប់គ្រងទិន្នន័យអ្នកសារព័ត៌មានឱ្យបានច្បាស់លាស់ និងផ្ដល់ភាពងាយស្រួលដល់អ្នកសារព័ត៌មានក្នុងការបំពេញបេសកកម្មការងារស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ចំពោះម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ អង្គភាព និងអ្នកសារព័ត៌មានទាំងអស់ អាចដាក់ពាក្យស្នើសុំតាមរយៈប្រព័ន្ធអនឡាញ ដែលមានគេហទំព័រផ្លូវការ
តំណភ្ជាប់:https://media.inb.gov.kh