ខឹងអតីតប្រពន្ធមិនព្រមត្រូវរ៉ូវវិញ បុរសម្នាក់បានយកសាំងចាក់ស្រោចដុតបណ្តាលឲ្យរលាករងរបួសធ្ងន់, ជនដៃដល់ញៀនថ្នាំត្រូវកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺឃាត់ខ្លួន បញ្ជូនទៅតុលាការ (Video inside)
01-06-2026 14:27
(កំពង់ស្ពឺ)៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្ម (យកសាំងចាក់ដុតអតីតប្រពន្ធ) និងរក្សាទុកជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២០៖៤០នាទីនាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅភូមិព្រៃបឹង ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
ជនល្មើសបានយកសាំងចាក់ស្រោចលើអតីតប្រពន្ធហើយដុតបណ្តាលឲ្យរលាករងរបួសធ្ងន់ ហើយត្រូវបានសាច់ញាតិបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ។ សម្រាប់មូលហេតុវិញ មកពីជនល្មើសខឹងជនរងគ្រោះមិនព្រមត្រូវរ៉ូវគ្នារួមរស់ជាប្តីប្រពន្ធវិញ។
ជនដៃដល់មានឈ្មោះ គឹម រដ្ឋា អាយុ៣២ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិព្រៃបឹង ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្ដកំពង់ស្ពឺ រីឯជនរងគ្រោះមានឈ្មោះ ភួង ចន្ធូ អាយុ៣១ឆ្នាំ បច្ចុប្បន្នរស់នៅភូមិព្រៃបឹង ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ។
កម្លំាងអាវុធហត្ថ បានចាប់យកវត្ថុតាងបានរួមមាន៖ ដែកកេះចំនួន០១, ក្រាមសថ្លាចំនួន០១កញ្ចប់, ទូរសព្ទដៃ ម៉ាក Iphone 14 Pro max ពណ៌ស្វាយចំនួន០១គ្រឿង និងកែវជក់ប្រើប្រាស់គ្រឿងញៀនចំនួន០១។
បច្ចុប្បន្នជនសង្ស័យខាងលើរួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕
ទស្សនាវិដេអូ៖ https://t.me/freshnewsasia/285790

















