ពិធីបុណ្យឡើងអ្នកតា «មេ-ស» រៀបចំរយៈពេល ៣យប់ ៣ថ្ងៃ ស្វាគមន៍ពលរដ្ឋគ្រប់ទិសទីចូលរួមលេងកម្សាន្ត នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រនគរភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង
01-06-2026 14:49
(ព្រៃវែង)៖ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករមកពីគ្រប់ទិសទី បានធ្វើដំណើរមកចូលរួមទស្សនាកម្សាន្តសប្បាយក្នុងពិធីបុណ្យឡើងអ្នកតា «មេ ស» ដែលជាពិធីបុណ្យទំនៀមទម្លាប់ប្រពៃណីដ៏ធំប្រចាំឆ្នាំ ស្ថិតនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រនគរភ្នំ ក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង។
ពិធីបុណ្យឡើងអ្នកតា «មេ-ស» ដែលតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅដើមរដូវវស្សា ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន និងសុំទឹកភ្លៀង សម្រាប់បង្កបង្កើនផលដំណាំផ្សេងៗ ឱ្យទទួលបានទិន្នផលខ្ពស់។
ក្នុងឱកាសនោះលោក ម៉ននី បណ្ឌិត អភិបាលស្រុកបាភ្នំ បានថ្លែងថា ការប្រារព្ធពិធីឡើងអ្នកតា «មេ-ស» នេះធ្វើឡើងរយៈពេល ៣យប់ ៣ថ្ងៃ ដែលជាជំនឿរបស់ប្រជាពលរដ្ឋស្រុកបាភ្នំនេះធ្វើជារាងរៀងរាលឆ្នាំ ដើម្បីរំលឹកដល់គុណអ្នកតា «មេ-ស» ដែលតែងតែផ្ដល់សេចក្តីសុខ សេចក្តីចម្រើន ដល់ប្រជាពលរដ្ឋនៅក្នុងស្រុកបាភ្នំនេះផង និងសុំទឹកភ្លៀងដើម្បីបង្ករបង្កើនផលស្រូវនារដូវវស្សាផង និងដំណាំផ្សេងៗផងដែរ ឲ្យទទួលបាននៅទិន្នផលខ្ពស់ និងមិនមានសត្វល្អិតមកបៀតបៀនយាយី ដែលធ្វើឱ្យជីវភាពរបស់គាត់កាន់តែមានភាពរីកចម្រើន ពីមួយឆ្នាំទៅមួយឆ្នាំ។
លោកអភិបាលស្រុក ក៏បានបន្ថែមទៀតថា ពិធីបុណ្យឡើងអ្នកតា «មេ-ស» នេះគឺរៀបចំកម្មវិធីជាច្រើន សម្រាប់បងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តសប្បាយរីករាយ ជួយបង្កើននូវប្រាក់ចំណូលដល់ប្រជាពលរដ្ឋក្នុងស្រុកបាភ្នំ ក្នុងការលក់ដូរនៅទំនិញផ្សេងៗផងដែរ។
បន្ថែមពីនេះអភិបាលស្រុក បានបន្តថា អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ចស្រុកបាភ្នំ ក៏បានយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្របសម្រួលចរាចរណ៍ ការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ជូនដល់បងប្អូនប្រជាពលរដ្ឋ ធ្វើឱ្យកម្មវិធីទាំងមូលប្រព្រឹត្តទៅដោយរលូន គ្មានបាតុភាពអសកម្មណាមួយកើតឡើងឡើយ។
ពិធីបុណ្យឡើងអ្នកតា «មេ-ស» មិនត្រឹមតែជាការគោរពចំពោះជំនឿវត្ថុស័ក្តិសិទ្ធិថែរក្សាទឹកដីប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សា អភិរក្សវប្បធម៌អរូបីរបស់ខ្មែរ និងការលើកកម្ពស់វិស័យទេសចរណ៍ផ្ទៃក្នុងក្នុងខេត្តព្រៃវែងផងដែរ៕















