អភិបាលរងខេត្តស្វាយរៀង ស្នើមន្ទីរ និងអាជ្ញាធរពាក់ព័ន្ធខិតខំប្រឹងប្រែងសហការគ្នាជំរុញការងារការថែទាំសុខភាពបឋម ឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត
01-06-2026 14:53
(ស្វាយរៀង)៖ លោក ញ៉ែម សារី អភិបាលរងខេត្តស្វាយរៀង បានថ្លែងស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពពាក់ព័ន្ធ អង្គការដៃគូទាំងអស់ និងមន្ទីរសុខាភិបាល សូមខិតខំប្រឹងប្រែងសហការគ្នា ជំរុញការងារការថែទាំសុខភាពបឋមនេះ ឲ្យកាន់តែប្រសើរឡើង ដើម្បីកែប្រែមុខមាត់ក្នុងមូលដ្ឋានរបស់យើងទាំងអស់គ្នា។
កាត់ថ្លែងបែបនេះរបស់លោក ញ៉ែម សារី បានធ្វើឡើងនៅក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារ PHC-BIF ត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្ត នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦នេះ ដែលមានការចូលរួមពីលោកវេជ្ជបណ្ឌិត គុជ សុីថា ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត គុជ សុីថា បានថ្លែងថា ដោយមានការវិវត្តនៃកំណើនប្រជាសាស្ត្រ និងការយកចិត្តទុកពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មានរដ្ឋបាលខេត្ត ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងជាពិសេសរាជរដ្ឋាភិបាលគ្រប់អាណត្តិ ដែលដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់ឱកាសឲ្យ វិស័យសុខាភិបាលខេត្តស្វាយរៀង បានអភិវឌ្ឍន៍ទាំងផ្នែកហេដ្ឋរចនាសម្ព័ន្ធរូបវ័ន្ត ទាំងធនធាន មនុស្សដើម្បីបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង រហូតដល់តំបន់ដាច់ស្រយ៉ាល។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា បច្ចុប្បន្នមន្ទីរសុខាភិបាលខេត្តស្វាយរៀង គ្របដណ្តប់លើស្រុកប្រតិបត្តិចំនួន៤ ដែលជាអង្គភាពផ្តល់សេវាសុខភាពសំខាន់ៗមួយចំនួន មានមន្ទីរពេទ្យបង្អែកចំនួន៦ (មន្ទីរពេទ្យកម្រិត៣ចំនួន១, មន្ទីរពេទ្យបង្អែកកំរិត២ចំនួន១, និងមន្ទីរពេទ្យបង្អែកកំរិត១ចំនួន៤) និងមានមណ្ឌលសុខភាពចំនួន៤៩ និងប៉ុស្តិ៍សុខភាពចំនួន៣។
ដើម្បីអនុវត្តការងារនេះឲ្យមានប្រសិទ្ធភាព លោកបានផ្តល់ជាអនុសាសន៍ដល់មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តយុទ្ធសាស្រ្តគន្លឹះរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល បានដាក់ចេញក្នុងការក្នុងពង្រឹងមណ្ឌលសុខភាព ពង្រឹងគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌តាមមន្ទីរពេទ្យស្រុក ខេត្ត និងពង្រឹងស្ថាប័ន តាមរយៈការបន្តខិតខំចូលរួមរៀនសូត្រ បង្កើនសមត្ថភាព។
បន្ថែមលើសពីនេះ លោក ញ៉ែម សារី បានរំលឹកផងដែរថា រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងសុខាភិបាល បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាព៩ចំណុច រួមមាន៖
*១៖ ការពង្រឹងសមត្ថភាពស្ថាប័ន និងភាពជាមន្ត្រីរាជការល្អ
*២៖ ការពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាល និងសេវាសង្គមកិច្ច (មូលនិធិសមធម៌)
*៣៖ ការពង្រឹងប្រព័ន្ធផ្តល់ សេវាថែទាំសុខភាពបឋម និងនវានុវត្តន៍
*៤៖ បង្កើនការអប់រំសុខភាព សេវាបង្ការ និងការផ្សព្វផ្សាយ
*៥៖ ការបង្កើន គុណភាព នៃការបណ្តុះបណ្តាលវិជ្ជាជីវៈវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ
*៦៖ ការពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ពង្រឹង ការផ្គត់ផ្គង់ឱសថ បរិក្ខារ និងការបំពាក់ឧបករណ៍វេជ្ជសាស្ត្រ
*៧៖ ការពង្រឹងកិច្ចសហការពហុវិស័យ និងអន្តរវិស័យ ការចូលរួមរបស់សហគមន៍ និងការលើកកម្ពស់ការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
*៨៖ សាងភាពជាដៃគូរវាងរដ្ឋ និងឯកជន ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល រួមទាំងកិច្ចសហប្រតិបត្តិការក្នុង តំបន់ និងសាកលលោក
*៩៖ ការអភិវឌ្ឍន៍សុខាភិបាលឌីជីថល។
លោក ញ៉ែម សារី បានផ្ដាំផ្ញើដល់រដ្ឋបាលថ្នាក់ស្រុក ក្រុង ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយវិស័យផ្សេងទៀត និងកៀរគរធនធាន ក៏ដូចជាគាំទ្រដល់សកម្មភាពការងារថែទាំសុខភាពបឋម។ ចំណែកថ្នាក់ឃុំ សង្កាត់ មានមណ្ឌលសុខភាព និងគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព។ ការបន្តការគាំទ្ររបស់ រដ្ឋបាល ឃុំ សង្កាត់ គឺមានសារសំខាន់សម្រាប់ភាពជោគជ័យនៃសមាសភាពសហគមន៍។
ថ្នាក់សហគមន៍ ឬថ្នាក់ភូមិ-ក្រុមភូមិ ដឹកនាំការអនុវត្តសកម្មភាពភូមិមានសុខភាពល្អ នៅកម្រិតមូលដ្ឋាន តាមរយៈយន្តការដែលមានស្រាប់។ មន្ទីរអង្គភាពពាក់ព័ន្ធ បន្តចូលរួមគាំទ្រសកម្មភាព ការងារថែទាំសុខភាពបឋមនេះ តាមរយៈការបន្តអប់រំផ្សព្វផ្សាយ ទៅអ្នកពាក់ព័ន្ធរបស់អង្គភាពនីមួយៗ រៀងខ្លួនបន្តទៀត។ អង្គការដៃគូ សូមបន្តចូលរួម និងគាំទ្រសកម្មភាពសុខភាពគ្រប់ទម្រង់ ក្នុងខេត្តស្វាយរៀងជាបន្តបន្ទាប់៕



























