មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្ពោធដាក់ឱ្យដំណើរការម៉ាស៊ីន MRI ថ្មី ដើម្បីឆ្លើយតបទៅនឹងតម្រូវការព្យាបាល ជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង
01-06-2026 14:54
(ភ្នំពេញ)៖ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ផ្នែករូបភាពវេជ្ជសាស្ត្រនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការម៉ាស៊ីន MRI ថ្មី ដែលមានទីតាំងនៅជាន់ផ្ទាល់ដី អគារធិបតីសន្តិភាព ក្រោមអធិបតីភាពលោកសាស្ត្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្នុងឱកាសដ៏មានសារៈសំខាន់នេះ លោកសាស្ត្រាចារ្យ ងី ម៉េង បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ផ្នែករូបភាពវេជ្ជសាស្ត្រ ក្នុងការបន្តអភិវឌ្ឍសមត្ថភាពបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធ និងគុណភាពសេវាសុខាភិបាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការព្យាបាលជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។
លោកសាស្ត្រាចារ្យបានគូសបញ្ជាក់ថា «ការបំពាក់ម៉ាស៊ីន MRI ដែលជាបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនប្រសិទ្ធភាពនៃការធ្វើរោគវិនិច្ឆ័យ ដោយផ្តល់នូវរូបភាពដែលមានភាពច្បាស់លាស់ និងលទ្ធផលឆាប់រហ័ស ជួយឱ្យក្រុមវេជ្ជបណ្ឌិតអាចធ្វើការពិនិត្យ វាយតម្លៃ និងព្យាបាលអ្នកជំងឺបានកាន់តែត្រឹមត្រូវ និងទាន់ពេលវេលា»។
លោកសាស្ត្រាចារ្យបានថ្លែងបន្តថា ការដាក់ឱ្យដំណើរការម៉ាស៊ីន MRI នេះ គឺជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងសមត្ថភាពសេវាពិនិត្យ និងព្យាបាលជំងឺរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ស្របតាមបេសកកម្មលើកកម្ពស់គុណភាពសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងស្តង់ដារខ្ពស់។
ជាទីបញ្ចប់ លោកសាស្ត្រាចារ្យបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួម និងគាំទ្រដល់ការរៀបចំពិធីសម្ពោធនេះឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។
សូមជម្រាបថា ក្នុងរយៈពេលកន្លងមក ផ្នែកវិទ្យុសាស្រ្តបានផ្តល់សេវាកម្មយ៉ាងសកម្ម និងមានប្រសិទ្ធភាព ដោយមានចំនួនអ្នកជំងឺប្រើប្រាស់សេវា៖
*សេវា Ultrasound (Echo) ប្រមាណ ៨៥,០០០នាក់
*សេវា ថតកំារស្មីអុិច X-Ray ប្រមាណ ៨៧,០០០នាក់
*សេវា ថតសុីធីស្កេន CT Scan ប្រមាណ ១៨,០០០នាក់ ក្នុងមួយឆ្នាំ
ចំណែកឯសេវា MRI ថ្មីនេះ ផ្នែកបានប៉ាន់ប្រមាណថា នឹងអាចផ្តល់សេវាបានចន្លោះពី ៥,០០០នាក់ទៅ ៨,០០០នាក់ ក្នុងមួយឆ្នាំ ក្នុងឆ្នាំដំបូង។
ម៉ាស៊ីនដែលបានកំពុងដាក់ឲ្យប្រើប្រាស់ គឺម៉ាក GE SIGNA Prime 1.5 Tesla ដែលជាម៉ាស៊ីនមានបច្ចេកវិទ្យាទំនើប អាចផ្តល់រូបភាពមានគុណភាពខ្ពស់ ជួយក្នុងការធ្វើរោគវិនិច្ឆ័យជំងឺខួរក្បាល ឆ្អឹងខ្នងសរសៃប្រសាទ បេះដូង ថ្លើម សរសៃសាច់ដុំ សន្លាក់ឆ្អឹង និងសរីរាង្គផ្សេងៗ បានយ៉ាងមានប្រសិទ្ធភាព។
មានប្រព័ន្ទ AI ដែលផ្តល់ភាពងាយស្រួលជូនអ្នកជំងឺ ជាមួយគ្នានេះ ផ្នែកវិទ្យុសាស្រ្តក៏បានពង្រឹងធនធានមនុស្ស ដោយមានក្រុមគ្រូពេទ្យឯកទេសវិទ្យុសាស្រ្ត បុគ្គលិកបច្ចេកទេស MRI, CT Scan, X-Ray និង Ultrasound ដែលមានបទពិសោធន៍ និងកំពុងបន្តបណ្តុះបណ្តាលជាប្រចាំ។
លើសពីនេះ ផ្នែកក៏បានអភិវឌ្ឍប្រព័ន្ធការងារបែប Digital ដោយប្រើប្រាស់ប្រព័ន្ធ PACS, RIS និងការរក្សាទុកទិន្នន័យអេឡិចត្រូនិក ដែលជួយឲ្យការគ្រប់គ្រងរូបភាពវេជ្ជសាស្រ្ត និងការចេញលទ្ធផល មានភាពរហ័ស ត្រឹមត្រូវ និងមានសុវត្ថិភាព។
សម្រាប់ការថែទាំម៉ាស៊ីន ក៏មានប្រព័ន្ធ maintenance និង quality control ជាប្រចាំ ដោយសហការជាមួយវិស្វករបច្ចេកទេស និងក្រុមហ៊ុនជំនាញ ដើម្បីធានាថា ម៉ាស៊ីនអាចដំណើរការបានល្អ មានសុវត្ថិភាព និងបន្តផ្តល់សេវាបានយូរអង្វែងផងដែរ។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ហ៊ុយ ស្រ៊ុយ នាយផ្នែករូបភាពវេជ្ជសាស្រ្ត៕



























