ក្រុមការងារពិសេស ចុះបង្ក្រាបយានយន្តដឹកជញ្ជូនលើសទម្ងន់ ២ទីតាំងផ្សេងគ្នា ក្នុងខេត្តពោធិ៍សាត់

01-06-2026 19:08

(ពោធិ៍សាត់)៖ នៅវេលាយប់ថ្ងៃទី៣១ដល់ថ្ងៃទី១​ ខែមិថុនា​ ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ លោករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ក្រុមការងារពិសេស ដឹកនាំដោយ លោក ឯក រដ្ឋ អនុរដ្ឋលេខាធិការ និងជាប្រធានក្រុម សហការជាមួយមន្រ្តីស្ថានីយឃ្លាំងមឿង​ បានចុះបង្ក្រាបយានយន្តធុនធ្ងន់ដឹកលើសទម្ងន់កម្រិតកំណត់នៅចំណុច២ទីតាំងផ្សេងគ្នា​ នៅខេត្តពោធិ៍សាត់។

ករណីទី១ កើតឡើងនៅផ្លូវជាតិលេខ៥៥ គ.មលេខ៣ ស្រុកបាកាន​ ខេត្តពោធិ៍សាត់​ ដោយបានត្រួតពិនិត្យយានយន្តចំនួន ២គ្រឿង​ ប្រភេទសណ្តោងសឺមីរ៉ឺម៉កភ្លៅ៦​ ដោយ​ផ្ទុកទម្ងន់សរុប​ ៨៧តោន​ និង​ ៩០តោន​ គិតជាទម្ងន់លេីស​ស្មេីនឹង​ ៤២តោន​ និង​ ៤៥តោន។

ករណីទី២ នៅផ្លូវជាតិលេខ៥ ចន្លោះគ.មលេខ១៩១​ និងគ.មលេខ១៩២​ ស្រុកបាកាន​ ខេត្តពោធិ៍សាត់​ ដោយបានត្រួតពិនិត្យយានយន្តចំនួន ៤គ្រឿង​ ប្រភេទរថយន្តភ្លៅ៤​ ដោយ​ផ្ទុកទម្ងន់សរុប​ចន្លោះ៣៨តោន ដល់​ ៤៥តោន​ គិតជាទម្ងន់លេីស​ស្មេីនឹង​៨តោន​ រហូតដល់​ ១៥តោន​៕