ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ អញ្ជើញចាក់គ្រឹះបាតក្រោមនៃគម្រោងពង្រីកវិហារធំឥស្លាម គីទ្បូម៉ែត្រលេខ៩

02-06-2026 20:05

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញជាអធិបតីក្នុងពិធី ចាក់គ្រឹះបាតក្រោមនៃគម្រោងពង្រីកវិហារធំឥស្លាមគីទ្បូម៉ែត្រលេខ៩ ដែលជាការមូលមតិគ្នារបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ សង្កាត់ច្រាំងចំរេះទី១។

ជាកិច្ចចាប់ផ្តើម លោក ណូ ម៉ាត់សោត អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាហាកឹមវិហារគីឡូម៉ែត្រលេខ៩ បានឲ្យដឹងថា ការពង្រីកផ្នែកខាងក្រោយនៃវិហារនេះ មានទំហំ ៥៥៨ ម៉ែត្រការ៉េ នឹងគ្រោងចំណាយថវិកាសរុបប្រមាណ ១៩៥,៣០០ ដុល្លារអាមេរិក ដោយសារបច្ចុប្បន្នមានចំនួនបងប្អូនសាសនិកឥស្លាមមានការកើនឡើងជាលំដាប់ ដែលមិនអាចថ្វាយបង្គំអស់នៅក្នុងវិហារ ជាក់ស្តែងកន្លងទៅនៅពេលមានបុណ្យទានធំៗដូចជារ៉យ៉ាហ្វីត្រេះ(ចេញបួស) និងរ៉យ៉ាហាជ្ជីជាដើម គឺបងប្អូនសាសនិកឥស្លាមថ្វាយបង្គំនៅខាងក្រៅថែមទៀតផងដែរ។

ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានរំឮកថា វិហារគីទ្បូម៉ែត្រលេខ៩នេះ សាងសង់ឡើងដោយចំណាយថវិកាប្រហែល ១៨ ម៉ឺនដុល្លារអាមេរិក ហើយត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ១៩៩៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីទី២ (បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា) និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ គិតមកដល់ពេលនេះ វិហារនេះមានអាយុកាលជិត ៣០ឆ្នាំហើយ ហើយក៏ជាវិហារឥស្លាមដំបូងគេបង្អស់ ដែលសម្តេចទាំងទ្វេ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផងដែរ។

លោកបានបញ្ជាក់ថា នេះគឺជាការសាងសង់បន្ថែមតពីវិហារចាស់ ដែលបានសាងសង់នៅចន្លោះឆ្នាំ១៩៩៣ ដល់១៩៩៤ និងបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅឆ្នាំ១៩៩៧។

ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះចាស់ទុំជំនាន់មុន ដែលបានលះបង់កម្លាំងកាយចិត្ត ធនធាន និងគំនិតប្រាជ្ញា ក្នុងការកសាង និងថែរក្សានូវសមិទ្ធផលប្រវត្តិសាស្ត្រមួយនេះឱ្យគង់វង្សរហូតមកដល់បច្ចុប្បន្ន។ លោកបានសង្កត់ធ្ងន់ថា សមិទ្ធផលនេះមិនត្រឹមតែជាកន្លែងសម្រាប់ថ្វាយបង្គុំប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសក្ខីភាពនៃសាមគ្គីភាព និងការរីកចម្រើនរបស់សហគមន៍ផងដែរ។

ក្នុងស្មារតីនេះ លោក អូស្មាន ហាស្សាន់ បានផ្ដាំផ្ញើ និងអំពាវនាវដល់ កូនក្មេងៗជំនាន់ក្រោយ ត្រូវបន្តស្មារតីសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ និងរួមគ្នាថែរក្សា ការពារ ព្រមទាំងអភិវឌ្ឍសមិទ្ធផលដ៏មានតម្លៃទាំងនេះឱ្យបានគង់វង្សយូរអង្វែងតទៅមុខទៀត ដើម្បីជាប្រយោជន៍ដល់ការប្រតិបត្តិសាសនារបស់សហគមន៍ និងជាគំរូដ៏ល្អសម្រាប់អ្នកជំនាន់ក្រោយៗទៀត៕