មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី និងថ្នាក់ដឹកនាំខេត្តកណ្ដាល ជួបសំណេះសំណាលជាមួយភរិយាវីរកងទ័ពជួរមុខ នៅស្រុកកោះធំ

02-06-2026 20:09

(កណ្តាល)៖ បន្ទាប់ពីបញ្ចប់ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋនៅស្រុកកោះធំ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦នេះ លោក វ៉ា ស៉ីមសូរិយា អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានបន្តចុះជួបសំណេះសំណាលជាមួយភរិយារបស់វីរកងទ័ពជួរមុខ ចំនួន៩គ្រួសារ នៅស្រុកកោះធំ។

លោក គួច ចំរើន បានបញ្ជាក់ថា ដោយទទួលបានការផ្តាំផ្ញើ និងណែនាំពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅរៀងរាល់មណកម្មវិធីប្រជុំ គឺរម្លឹកឱ្យអាជ្ញាធរមូលដ្ឋានផ្សារភ្ជាប់ពីជីវភាព មនោសញ្ចេតនា ការយកចិត្តទុកដាក់ពីសុខទុក្ខរបស់ក្រុមគ្រួសារ ជាពិសេសភរិយា និងកូនៗរបស់វីរកងទ័ពនៅជួរមុខ។

លោកអភិបាលខេត្តបន្តថា ភរិយា និងកូនៗរបស់វីរកងទ័ព ជាអ្នកទទួលរងនូវផលប៉ះពាល់ទុក្ខលំបាកដោយផ្ទាល់ពីការឃ្លាតឆ្ងាយពីប្តី ពីឪពុក ជាកងទ័ពនៅជួរមុខនេះគឺជាការលះបង់មួយដ៏ធំធេង ហើយការលំបាករបស់កងទ័ពជួរមុខ គឺមានតែក្រុមគ្រួសារផ្ទាល់ទេ ដែលដឹងច្បាស់អំពីសុខទុក្ខរបស់ពួកគាត់។ តែសម្រាប់ប្រជាពលរដ្ឋដែលមិនមានសាច់ញាតិជាកងទ័ពជួរជួរមុខ បានត្រឹមដឹងសុខទុក្ខតាមរយៈការបង្ហាញដោយសារព័ត៌មាន ឬវីដេអូសកម្មភាពផ្សេងៗ ដូចនេះមានតែក្រុមគ្រួសារវីរកងទ័ពជួរមុខនោះទេ ដែលមានការឈឺចាប់ខ្លាំងជាងបងប្អូនផ្សេងទៀត ព្រោះថាការរំលោភបំពានទឹកដីពីសំណាក់យោធាថៃ និងការធ្វើឱ្យវីរកងទ័ពរបស់យើងទទួលរងគ្រោះថ្នាក់ផ្សេងៗ ដែលធ្វើឱ្យយើងជាក្រុមគ្រួសារវីរកងទ័ពជួបមុខ មានការឈឺចាប់បំផុត។

លោកអភិបាលខេត្ត បានបញ្ជាក់ថា យល់ពីការលំបាកដូច្នេះហើយទើបរាជរដ្ឋាភិបាលតែងតែណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តរក្សាវប្បធម៌សួរសុខទុក្ខក្រុមគ្រួសារ ភរិយា របស់កងទ័ពជួរមុខដែលមករស់នៅមូលដ្ឋាន ដើម្បីក្តាប់បាន និងដោះស្រាយនូវបញ្ហាប្រឈម សំណូមពររបស់ពួកគាត់ និងត្រូវយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់គ្រួសារកងទ័ពជួរមុខនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឱ្យវីរកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនមានអារម្មណ៍ស្ងប់ ព្រោះថាក្រុមគ្រួសាររបស់គាត់ត្រូវបានយកចិត្តទុកដាក់ មើលការខុសត្រូវ និងមិនបោះបង់ពួកគាត់ចោលឡើយ នោះធ្វើឱ្យស្មារតីក្នុងការការពារបូរណភាពទឹកដីរបស់យើង កាន់តែអង់អាចក្លាហាន មោះមុត ក្នុងការការពារបូរណភាពទឹកដី។

ជាមួយគ្នានេះដែរ លោក គួច ចំរើន បានផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដោយក្ដីនឹករលឹកបំផុត។

អភិបាលខេត្តកណ្ដាល ក៏បានជម្រាបជូនដល់ក្រុមគ្រួសារវីរកងទ័ពជួរមុខថានៅពេលជួបបញ្ហាប្រឈម សំណូមពរ សូមរាយការណ៍ជូនអាជ្ញាធរដែលនៅជិតបំផុត ដើម្បីពួកគាត់ជួយសម្របសម្រួល និងដោះស្រាយបានទាន់ពេលវេលា ហើយក៏សូមឱ្យបងប្អូនមានទំនាក់ទំនងល្អជាមួយអាជ្ញាធរដែលនៅជិតខ្លួន ដើម្បីមានភាពងាយស្រួលក្នុងការផ្ដល់ព័ត៌មាន ឬតម្រូវការចាំបាច់ណាមួយដែលបងប្អូនត្រូវការដើម្បីឱ្យពួកគាត់បានជួយផ្ដល់សេវាឱ្យបានលឿន រហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ផងដែរ។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្តក៏បានឧបត្ថម្ភដល់ភរិយារបស់វីរកងទ័ពជួរមុខទាំង ៩គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកា ២០ម៉ឺនរៀល អង្ករ ៥០គីឡូ មី១កេស ទឹកផ្លែឈើ ១កេស ទឹកស៊ីអ៉ីវ១យួរ និងទឹកត្រី ១យួរ៕