រដ្ឋមន្រ្តីសង្គមកិច្ច ចាត់ក្រុមការងារយកអំណោយជូនគ្រួសារជនមានពិការ រស់នៅភូមិថ្មីសែនជ័យ ឃុំទួលសូភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ

02-06-2026 20:23

(ត្បូងឃ្មុំ)៖ ដោយទទួលបានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ដ៏ពី លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តត្បូងឃ្មុំ និងសាខាមូលនិធិជនពិការខេត្ត បានសហការជាមួយអាជ្ញាធរមូលដ្ឋានបានចុះសួរសុខទុក្ខជនមានពិការភាព ១រូប ឈ្មោះ ផុន វ័យ ភេទប្រុស អាយុ ៥៨ឆ្នាំ មានពិការភាពជើងទាំង២ពីកំណើត រស់នៅភូមិថ្មីសែនជ័យ ឃុំទួលសូភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ជាមួយគ្នានេះដែរ ក្រុមការងារបាននាំយកអំណោយរបស់លោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន ជូនគ្រួសារជនមានពិការភាពរូបនេះ ដោយកញ្ចប់អំណោយរួមមាន៖ អង្ករ ៥០គីឡូ មី ២កេស ត្រីខ ២យួរ ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ ប្រេងឆា ១ដប មុង ១រាយ ភួយ ១រាយ កន្ទេល ១រាយ ខ្នើយ ១រាយ និងថវិកាមួយចំនួន។

កន្លងមកគ្រួសាររបស់គាត់ទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល តាមរយៈការទទួលបានបណ្ណសមធម៌កម្រិត១ ដោយទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលជារៀងរាល់ខែ។ ជាមួយគ្នានេះមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តត្បូងឃ្មុំ និងអាជ្ញាធរមូលដ្ឋាន បានផ្តល់បណ្ណសម្គាល់ជនមានពិការភាពជូនគ្រួសារគាត់ ដើម្បីទទួលបានអត្ថប្រយោជន៍នានា។

ក្រុមការងារបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់រដ្ឋមន្ត្រីសង្គមកិច្ច និងលោកជំទាវ ដែលលោកទាំងពីរតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះជនងាយរងគ្រោះ និងរងគ្រោះ ពិសេសបងប្អូនជនមានពិការភាពដែលជួបការលំបាកនានា និងបានអំពាវនាវដល់ជនមានពិការភាពគ្រប់ៗរូបឱ្យទៅទទួលសេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដោយមិនបង់ថ្លៃ។

មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តត្បួងឃ្មុំ នឹងបន្តតាមដានស្ថានភាពគ្រួសារនេះទៅតាមនីតិវិធី ដើម្បីធានាថាពួកគេទទួលបានសេវាសង្គមកិច្ចសមស្រប៕