ឧបនាយករដ្ឋមន្ត្រីទីម័រឡេស្តេ រៀបចំអាហារល្ងាចជូនរដ្ឋមន្រ្តី ជា វ៉ាន់ដេត គណៈប្រតិភូ និងអ្នកសារព័ត៌មានកម្ពុជា

02-06-2026 21:14

(ឌីលី)៖ លោក Francisco Kalbuadi Lay ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នៅល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំអាហារល្ងាច ជូនលោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) នៃព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូ និងអ្នកសារព័ត៌មានកម្ពុជា។

អាហារល្ងាចនេះ បន្ទាប់ពីលោក ជា វ៉ាន់ដេត បានជួបសម្តែងការគួរសមជាមួយ លោក Francisco Kalbuadi Lay ដើម្បីរាយការណ៍អំពីកិច្ចសហប្រតិបត្តិការ និងការចែករំលែកបទពិសោធន៍ ពាក់ព័ន្ធដំណើរការបរិវត្តកម្មឌីជីថលនៅកម្ពុជា ជាពិសេសការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh នៅកម្ពុជា សម្តៅពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យឌីជីថល។

សូមជម្រាបថា ក្រសួងប្រៃសណីយ និងទូរគមនាគមន៍កម្ពុជា បានអញ្ជើញបណ្តាញសារព័ត៌មាន Fresh News និងអង្គភាពសារព័ត៌មានដទៃទៀត ចូលរួមក្នុង «ពិធីដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl» នៅទីក្រុងឌីលី ប្រទេសទីម័រខាងកើត ចាប់ពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦។

លោក កែវ ពិសិដ្ឋ និពន្ធនាយករង និងលោក ភិន ពិសិដ្ឋ អ្នកថតរូប Fresh News ត្រូវបានលោក លឹម ជាវុត្ថា អគ្គនាយក ចាត់ឲ្យចូលរួមក្នុងកម្មវិធីនេះ៕