ឧត្ដមសេនីយ៍ឯក ណុប រ័ត្ននិមល៖ ការហ្វឹកហ្វឺន ជាការងារចាំបាច់របស់កងទ័ព ដើម្បីពង្រឹងសមត្ថភាព គុណភាពក្នុងជួរកងទ័ព ពង្រឹងខឿនការពារជាតិ
03-06-2026 10:16
(ភ្នំពេញ)៖ លោកឧត្ដមសេនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស បានថ្លែងថា ការហ្វឹកហ្វឺន បណ្តុះបណ្តាល និងបំប៉ន គឺជាការងារចាំបាច់នៅចំពោះមុខរបស់ កងយោធពលខេមរភូមិន្ទ ក្នុងកិច្ចពង្រឹងសមត្ថភាព គុណភាពក្នុងជួរកងទ័ព ដើម្បីពង្រឹងខឿនការពារជាតិ ការពារអធិបតេយ្យបូរណភាពទឹកដីកម្ពុជា។
ការលើកឡើងរបស់ ឧត្ដមសេនីយ៍ឯក ណុប រ័ត្ននិមល បានធ្វើឡើងក្នុងឱកាសលោកអញ្ជើញតំណាងនាយឧត្តមសេនីយ៍ផ្កាយមាស៤ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ធ្វើបាឋកថា ស្តីពីភាពជាអ្នកដឹកនាំ នៅវិទ្យាស្ថានបញ្ជាការ-សេនាធិការ នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅភូមិពោធិ៍ ឃុំដំណាក់វាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
នាឱកាសនោះដែរ ឧត្ដមសេនីយ៍ឯក ណុប រ័ត្ននិមល បានបញ្ជាក់ថា ដើម្បីចូលរួមនៅក្នុងផែនការកំណែទម្រង់កងយោធពលខេមរភូមិន្ទ និងតាមគោលបំណងរបស់អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ វិទ្យាស្ថានបញ្ជាការ-សេនាធិការ ត្រូវពង្រឹងវិន័យ ពង្រីកសមត្ថភាព គុណភាព ជូនដល់បុគ្គលិក ជាពិសេសយោធាចារ្យ និងធ្វើទំនើបកម្មហ្វឹកហ្វឺន កម្មវិធីសិក្សា និងមេរៀនន បន្ថែមទៀត ដើម្បីឱ្យឆ្លើយតប និងឱ្យបានសមស្របទៅតាមសភាពការណ៍ថ្មីៗ អភិវឌ្ឍផ្នែកបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ននេះ។
ឧត្ដមសេនីយ៍ឯក ណុប រ័ត្ននិមល បានលើកឡើងដែរថា នាពេលបច្ចុប្បន្ន ស្ថានការណ៍សន្តិសុខអន្តរជាតិ និងតំបន់កំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស និងមានភាពស្មុគស្មាញកាន់តែខ្លាំងឡើងដែលបង្កើតជាបញ្ហាប្រឈមថ្មីៗទាំងក្នុងទម្រង់ប្រពៃណី និងមិនប្រពៃណី។ ការប្រកួតប្រជែងរវាងមហាអំណាច ការបន្តកើតមានជម្លោះប្រដាប់អាវុធនៅតំបន់ផ្សេងៗ និងការគំរាមកំហែងមិនប្រពៃណី ដូចជាសង្គ្រាមព័ត៌មាន បច្ចេកវិទ្យា និងការរំខានតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល បានជំរុញឱ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រទេស ត្រូវបន្តពង្រឹងសមត្ថភាព វិន័យ និងការត្រៀមខ្លួនឱ្យកាន់តែរឹងមាំ។
ឧត្ដមសេនីយ៍ឯក ណុប រ័ត្ននិមល បានបញ្ជាក់ថា ក្នុងកម្រិតតំបន់អាស៊ាន ប្រទេសសមាជិកនៅតែប្រកាន់ខ្ជាប់គោលការណ៍សន្តិភាព កិច្ចសហ ប្រតិបត្តិការ និងការដោះស្រាយបញ្ហាដោយសន្តិវិធី។ ទោះជាយ៉ាងណា បញ្ហាព្រំដែន និងភាពមិនច្បាស់លាស់មួយចំនួននៅតែជាបញ្ហាស្មុគស្មាញ ដែលតម្រូវឱ្យប្រទេសសមាជិកទាំងអស់ មានការយកចិត្តទុកដាក់ខ្ពស់ និងគោរពច្បាប់អន្តរជាតិយ៉ាងម៉ឺងម៉ាត់។
ឧត្ដមសេនីយ៍ឯក ណុប រ័ត្ននិមល បានឱ្យដឹងថា សម្រាប់កម្ពុជា សន្តិភាព និងការឯកភាពជាតិ គឺជាសមិទ្ធផលដ៏មានតម្លៃមហាសាល ដែលបានមក ពីការអនុវត្តនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។ កម្ពុជា តែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ សន្តិភាព មិត្តភាព និងការរួមរស់ដោយសុខសាន្តជាមួយប្រទេសជិតខាង ហើយនេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
នៅក្នុងឱកាសនោះ ឧត្ដមសេនីយ៍ឯក ណុប រ័ត្ននិមល បាននាំយកមកនូវថវិកា និងសម្ភារមួយចំនួនដែលជាអំណោយដ៏ថ្លៃថ្លារបស់នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រី ឧបត្ថម្ភជូនដល់វិទ្យាស្ថានបញ្ជាការ-សេនាធិការ ផងដែរ៕










































