រដ្ឋមន្ត្រី ហួត ហាក់៖ ប្រព័ន្ធទូទាត់ QR ឆ្លងដែន កម្ពុជា-ឥណ្ឌា នឹងជួយទាក់ទាញភ្ញៀវទេសចរឥណ្ឌាមកកម្ពុជាកាន់តែច្រើន
03-06-2026 11:50
(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាអបអរសាទរ ក្នុងឱកាសនៃពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធទូទាត់ UPI/QR ឆ្លងដែនរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌា ដែលរៀបចំឡើងដោយស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា។
ពិធីនេះមានការចូលរួមពីលោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាន់ខ្ពស់ក្រសួង និងស្ថាប័នរដ្ឋ ថ្នាក់ដឹកនាំជាន់ខ្ពស់ពីធនាគារ និងវិស័យឯកជន ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូប។
រដ្ឋមន្ត្រី ហួត ហាក់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្ថានទូតឥណ្ឌា ធនាគារជាតិនៃកម្ពុជា និងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ដែលបានសហការយ៉ាងជិតស្និទ្ធក្នុងការសម្រេចបាននូវសមិទ្ធផលដ៏សំខាន់នេះ។
លោកបានគូសបញ្ជាក់ថា ការតភ្ជាប់ប្រព័ន្ធទូទាត់ឌីជីថលឆ្លងដែននេះ មិនត្រឹមតែជាការរីកចម្រើនផ្នែកបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែជាស្ពានភ្ជាប់ប្រជាជន អាជីវកម្ម និងភ្ញៀវទេសចររវាងប្រទេសទាំងពីរ ឱ្យកាន់តែមានភាពងាយស្រួល សុវត្ថិភាព និងប្រសិទ្ធភាពក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីបានកោតសរសើរចំពោះគំនិតផ្តួចផ្តើមនេះ ដែលស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជំរុញបរិវត្តកម្មឌីជីថល និងអភិវឌ្ឍវិស័យទេសចរណ៍ឱ្យក្លាយជាវិស័យទំនើប ធន់ និងមានភាពប្រកួតប្រជែង ដែលជាវិស័យត្រូវបានចាត់ទុកជា «មាសបៃតង» ដោយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា។
រដ្ឋមន្ត្រី ហួត ហាក់ បានគាំទ្រចំពោះការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់ UPI/QR ឆ្លងដែនរវាងប្រទេសទាំងពីរនេះ ដែលនឹងផ្តល់នូវភាពងាយស្រួលក្នុងការធ្វើដំណើរ គាំទ្រដល់អាជីវកម្មទេសចរណ៍ និងជំរុញការកសាងសេដ្ឋកិច្ចឌីជីថលដែលមានភាពតភ្ជាប់ និងបរិយាបន្ន ព្រមទាំងជាការរឹតចំណងមិត្តភាពរវាងប្រទេស និងប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត។
បន្ថែមពីលើនេះ ប្រព័ន្ធទូទាត់ UPI/QR ឆ្លងដែននេះ ក៏នឹងជួយលើកកម្ពស់បទពិសោធន៍ធ្វើដំណើរដ៏រលូនរបស់ភ្ញៀវទេសចរ និងប្រជាជនឥណ្ឌា ព្រមទាំងបង្កើតឱកាសថ្មីៗសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងឥណ្ឌា តាមរយៈការបង្កើនចំនួនភ្ញៀវទេសចរ ការពង្រឹងការតភ្ជាប់ជើងហោះហើរ ការលើកកម្ពស់ទេសចរណ៍សាសនា និងសុខុមាលភាព និងការពង្រឹងកិច្ចសហការរវាងវិស័យទេសចរណ៍នៃប្រទេសទាំងពីរ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ប្រព័ន្ធទូទាត់ QR ឆ្លងដែនរវាងកម្ពុជា និងឥណ្ឌា ពិតជាផ្តល់នូវភាពងាយស្រួល និងការទាក់ទាញបន្ថែមដល់ភ្ញៀវទេសចរ និងប្រជាជនឥណ្ឌាមកទស្សនាកម្ពុជាឱ្យកាន់តែច្រើនឡើង ជាពិសេសក្នុងរដូវកាលបៃតង និងអំឡុងព្រឹត្តិការណ៍យោគៈអន្តរជាតិដ៏ធំ ដែលនឹងរៀបចំនៅកម្ពុជានាខែមិថុនានេះ។
សូមជម្រាបថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ កម្ពុជា បានទទួលស្វាគមន៍ភ្ញៀវទេសចរឥណ្ឌាប្រមាណ ២២,០០០នាក់ ហើយរំពឹងថា ចំនួននេះនឹងបន្តកើនឡើងបន្ថែមទៀត តាមរយៈការពង្រឹងការតភ្ជាប់ ការសម្រួលការធ្វើដំណើរ និងការអនុវត្តគំនិតផ្តួចផ្តើមថ្មីៗ ដែលជួយបង្កើនភាពងាយស្រួល និងបទពិសោធន៍របស់ភ្ញៀវទេសចរ ជាពិសេសព្រឹត្តិការណ៍យោគៈអន្តរជាតិ ដែលនឹងរៀបចំនៅក្នុងប្រទេសកម្ពុជា៕













