នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញប្រកាសចូលកាន់តំណែង នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួន៧រូប

03-06-2026 12:30

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញប្រកាសចូលកាន់តំណែង នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួន៧។ ពិធីនេះត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ។

នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ទាំង៧រូប ដែលត្រូវបានប្រកាសឲ្យចូលកាន់តំណែងនោះរួមមាន៖

*ទី១៖ ឧត្តមសេនីយ៍ឯក លី ឡាយ ពីប្រធាននាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ ទៅជាអនុប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ
*ទី២៖ ឧត្តមសេនីយ៍ទោ ឡោ សុខា ជាអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន
*ទី៣៖ ឧត្តមសេនីយ៍ទោ ពៅ កល្យាណ ពីអនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ទៅជាអនុប្រធានសេនាធិការដ្ឋាន
*ទី៤៖ ឧត្តមសេនីយ៍ទោ ទិត្យ ប៊ុនណា ពីអនុប្រធាននាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត ទៅជាប្រធាននាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត
*ទី៥៖ ឧត្តមសេនីយ៍ទោ ជា សណ្តាប់ ពីអនុប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ ទៅជាប្រធាននាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ
*ទី៦៖ ឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត ពីអនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ ទៅជាប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ
*ទី៧៖ ឧត្តមសេនីយ៍ត្រី ម៉េង ហ៊ុយ ពីស្នងការរង នៃស្នងការដ្ឋានហិរញ្ញកិច្ច និងភស្ដុភារ ទៅជាស្នងការ នៃស្នងការដ្ឋានហិរញ្ញកិច្ច និងភស្ដុភារ។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត មានជំនឿចិត្តយ៉ាងមុតមាំថា នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ទាំង៧រូប ដែលត្រូវប្រកាសចូលកាន់តំណែង នឹងខិតខំពុះពារដឹកនាំអង្គភាពឲ្យបានល្អ និងទទួលបានជោគជ័យដូចអ្វីដែលបានធ្វើការប្តេជ្ញាចិត្ត។

នាយឧត្តមសេនីយ៍ ស ថេត បានណែនាំឲ្យបន្តខិតខំពង្រឹងអនុវត្តការងារ បំពេញតួនាទីដឹកនាំ គ្រប់គ្រងកងកម្លាំងឲ្យបានត្រឹមត្រូវ ដោយត្រូវរក្សាពិសោធន៍ល្អៗ រួមជាមួយបច្ចុប្បន្នភាពលើចំណុចដែលមានការខ្វះខាត។ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ដោយយកចិត្តទុកដាក់សុខទុក្ខមន្ត្រីក្រោមឱវាទ ខណៈការដឹកនាំកម្លាំងត្រូវឲ្យមានតម្លាភាព ផ្ដល់យុត្តិធម៌ចំពោះកូនចៅ និងបែងចែក ប្រគល់ភារកិច្ចដល់មន្ត្រីឲ្យចំជំនាញ កុំបែងចែកបក្ខពួក ត្រូវមានរបបប្រជុំទៀងទាត់ ត្រួតពិនិត្យការងារ និងតម្រង់ទិស និងត្រូវមានការលើកទឹកចិត្តដល់មន្ត្រីដែលមានស្នាដៃ តែត្រូវអនុវត្តវិន័យមន្ត្រីដែលប្រព្រឹត្តខុសឆ្គង ក្នុងករណីធ្ងន់ធ្ងរត្រូវចាត់វិធានការតាមផ្លូវច្បាប់។

នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានជំរុញឲ្យអនុវត្តការងារឲ្យមានស្មារតីទទួលខុសត្រូវខ្ពស់ គោរពច្បាប់ ហ៊ានលះបង់ខ្ពស់ ផ្ដល់ជាគំរូល្អសម្រាប់កូនចៅ ពង្រឹងក្រមសីលធម៌ វិជ្ជាជីវរៈដល់កងកម្លាំងចុះប្រតិបត្តិការ ដោយត្រូវធានាដាច់ខាតរក្សាការសម្ងាត់មុនពេលប្រតិបត្តិការ កុំរកផលចំណេញ ឬប្រព្រឹត្តខុសច្បាប់ នាំឲ្យប៉ះពាល់ដល់ កិត្តិយសអង្គភាព និងកងកម្លាំងនគរបាលជាតិទាំងមូល។

ជាមួយគ្នានេះ ត្រូវខិតខំបង្កើនស្នាដៃ កសាងអង្គភាព តាមយៈការលើកកម្ពស់សមត្ថភាពផ្ទាល់ខ្លួន រួមទាំងមន្ត្រីក្រោមឱវាទ ការអភិវឌ្ឍអង្គភាព ស្របតាមបរិបទឌីជីថល (ទំនើបកម្ម) និងបង្កើនការទំនាក់ទំនងរវាងនាយកដ្ឋាន និងអង្គភាពផ្សេងៗចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយផ្លាស់ប្តូរព័ត៌មានជំនាញទៅវិញទៅមក និងត្រៀមកម្លាំងសម្រាប់ចូលរួមក្នុងយន្តការផ្សេងៗ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ស ថេត បានដាក់បទបញ្ជាឲ្យគ្រប់អង្គភាពជំនាញពាក់ព័ន្ធ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឲ្យកាន់តែសកម្ម ខ្លាំងក្លាបន្ថែមទៀត។ ចំពោះស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវបិទទ្វារផ្ទះឲ្យជិត ពោលកុំឲ្យមានការជ្រៀតចូលពីខេត្តផ្សេងៗ ភូមិសាស្ត្រទទួលខុសត្រូវរៀងៗខ្លួន ដើម្បីធ្វើការបោសសម្អាតឲ្យបានស្អាត។

ចំពោះការងារប្រឆាំងបទល្មើសវិញ ត្រូវដាក់ចេញវិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីលុបបំបាត់បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ជាពិសេសបទល្មើសដែលធ្វើឲ្យប៉ះពាល់ដល់ចិត្តសាស្ត្រសង្គម ករណីលួច ឆក់ ប្លន់ គ្រឿងញៀន ក្មេងទំនើង និងករណីបាត់ក្មេងជាដើម។ ដោយឡែក ការបំពេញតួនាទីភារកិច្ច ត្រូវតែធ្វើឡើងក្រមសីលធម៌វិជ្ជាជីវៈឲ្យសាកសមជាមន្ដ្រីនគរបាលជាតិ៕