វិចារណកថា៖ គ្រោះថ្នាក់នៃទឹកកខ្វក់ដែលមិនបានធ្វើប្រព្រឹត្តិកម្ម៖ នៅពេលការបំពុលក្លាយជាបន្ទុកសេដ្ឋកិច្ច និងជាការគំរាមកំហែងដល់ជីវិតមនុស្ស

03-06-2026 13:23

(ភ្នំពេញ)៖ ទឹក គឺជាគ្រឹះនៃជីវិត វាទ្រទ្រង់រាងកាយរបស់យើង គាំទ្រដល់វិស័យកសិកម្ម ជំរុញចរន្តឧស្សាហកម្ម និងរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ី ដែលជាទីពឹងផ្អែកនៃអរិយធម៌របស់មនុស្សជាតិ។

ទោះជាយ៉ាងណាក៏ដោយ ជារៀងរាល់ថ្ងៃនៅទូទាំងសកលលោក ទឹកកខ្វក់រាប់លានម៉ែត្រគូបដែលមិនបានឆ្លងកាត់ការចម្រោះឬធ្វើប្រព្រឹត្តិកម្មឱ្យបានត្រឹមត្រូវ ត្រូវបានបង្ហូរចូលទៅក្នុងទន្លេ បឹង បឹងបួរ និងតំបន់ឆ្នេរ។ អ្វីដែលមើលទៅហាក់ដូចជាបញ្ហាបរិស្ថានសាមញ្ញមួយ តាមពិតទៅ គឺជាវិបត្តិសេដ្ឋកិច្ច និងជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។

មនុស្សជាច្រើនយល់ថា ការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ (ការចម្រោះទឹកកខ្វក់) គឺជាការចំណាយដ៏ខ្ជះខ្ជាយ។ ប៉ុន្តែតាមការពិតការខកខានមិនបានចម្រោះទឹកកខ្វក់ទាំងនោះទៅវិញទេ ដែលត្រូវខាតបង់ថវិការបស់កាន់តែច្រើនលើសលប់។

នៅពេលដែលរោងចក្រ អាជីវកម្ម ឬសហគមន៍ បង្ហូរទឹកកខ្វក់ដែលមិនបានចម្រោះចូលទៅក្នុងប្រភពទឹកធម្មជាតិ ជនរងគ្រោះដំបូងគេ គឺហ្វូងមច្ឆជាតិ ជីវៈចម្រុះក្នុងទឹក និងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់។ ទោះជាយ៉ាងណា ផលវិបាកនេះនឹងរីករាលដាលដល់មនុស្សជាតិយ៉ាងឆាប់រហ័ស។ ប្រភពទឹកដែលរងការបំពុលនឹងបំផ្លាញរបរនេសាទ បំផ្លិចបំផ្លាញជីវភាពរស់នៅ កាត់បន្ថយទិន្នផលកសិកម្ម និងបង្កើនថ្លៃដើមក្នុងការផលិតទឹកស្អាតសម្រាប់បរិភោគ។ កសិករត្រូវប្រឈមនឹងការធ្លាក់ចុះនៃទិន្នផលដំណាំ អ្នកនេសាទចាប់ត្រីបានកាន់តែតិចទៅៗ ហើយតំបន់គោលដៅទេសចរណ៍នានាក៏ត្រូវបាត់បង់ភាពទាក់ទាញរបស់ខ្លួនដែរ។ កត្តាទាំងនេះអាចធ្វើឱ្យសេដ្ឋកិច្ចក្នុងតំបន់ទាំងមូលត្រូវរងការខូចខាត។

ការខាតបង់សេដ្ឋកិច្ចមិនបានបញ្ចប់ត្រឹមនេះទេ។ រដ្ឋាភិបាលត្រូវចំណាយថវិកាកាន់តែច្រើនក្នុងការស្តារប្រព័ន្ធអេកូឡូស៊ីដែលរងការខូចខាត ការតាមដានការបំពុល និងការឆ្លើយតបទៅនឹងគ្រោះអាសន្នផ្នែកបរិស្ថាន។ ប្រព័ន្ធសុខាភិបាលក៏ត្រូវរងបន្ទុកកាន់តែធ្ងន់ធ្ងរ ដោយសារជំងឺឆ្លងតាមទឹក និងជំងឺនានាដែលបង្កឡើងដោយការបំពុល កើតមានឡើងកាន់តែញឹកញាប់។ រាល់ទឹកប្រាក់មួយដុល្លារដែលបានសន្សំដោយសារការមិនធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ជារឿយៗនឹងក្លាយជាការចំណាយរាប់សិបដុល្លារទៅវិញនៅពេលក្រោយ សម្រាប់ការស្តារបរិស្ថានឡើងវិញ និងការព្យាបាលជំងឺ។
អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ ទឹកកខ្វក់ដែលមិនបានធ្វើប្រព្រឹត្តិកម្ម គឺកំពុងគំរាមកំហែងដល់ជីវិតមនុស្សលោក។

ទឹកដែលរងការបំពុល អាចផ្ទុកទៅដោយបាក់តេរី វីរុស បារ៉ាស៊ីត មេរោគ សារធាតុលោហៈធ្ងន់ និងសារធាតុគីមីពុលផ្សេងៗ។ សារធាតុបំពុលទាំងនេះ អាចជ្រាបចូលទៅក្នុងខ្សែច្រវាក់អាហារ តាមរយៈត្រី បន្លែបង្ការ និងសត្វពាហនៈ។ មនុស្សអាចបរិភោគអាហារ និងទឹកដែលមានផ្ទុកសារធាតុពុលទាំងនោះដោយមិនដឹងខ្លួន ដែលធ្វើឱ្យពួកគេប្រឈមនឹងហានិភ័យសុខភាពធ្ងន់ធ្ងរ រួមមាន ជំងឺផ្លូវអាហារ ជំងឺសើស្បែក ការខូចខាតសរីរាង្គខាងក្នុង និងជំងឺមហារីកមួយចំនួន។

កុមារ គឺជាក្រុមដែលងាយរងគ្រោះបំផុត។ ការប៉ះពាល់ជាមួយទឹកដែលរងការបំពុល អាចប៉ះពាល់ដល់ការលូតលាស់ផ្នែករាងកាយ ការអភិវឌ្ឍប្រព័ន្ធប្រាជ្ញាស្មារតី និងសុខុមាលភាពទូទៅរបស់ពួកគេ។ សម្រាប់ក្រុមគ្រួសារដែលរស់នៅក្បែរប្រភពទឹកដែលរងការបំពុល ហានិភ័យទាំងនេះមិនមែនជារឿងស្រមើស្រមៃឡើយ ប៉ុន្តែវាជាផ្នែកមួយនៃជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ។

បញ្ហាប្រឈមនេះ រឹតតែមានសភាពធ្ងន់ធ្ងរឡើងនៅក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងការប្រែប្រួលអាកាសធាតុ។ ការកើនឡើងនៃសីតុណ្ហភាព គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត អាចធ្វើឱ្យសារធាតុបំពុលកាន់តែមានកំហាប់ខាប់ខ្លាំង ឬអាចនាំឱ្យទឹកកខ្វក់ទាំងនោះរីករាលដាលកាន់តែធំ។ កត្តានេះបង្កើនហានិភ័យសុខភាព និងដាក់សម្ពាធបន្ថែមលើប្រភពធនធានទឹកដែលកំពុងតែខ្សត់ខ្សោយស្រាប់។

ទោះជាយ៉ាងណា ដំណឹងល្អគឺថាការបំពុលពីទឹកកខ្វក់ គឺជាបញ្ហាដែលអាចទប់ស្កាត់បានក្នុងកម្រិតខ្ពស់។ បច្ចេកវិទ្យាប្រព្រឹត្តិកម្មទឹកកខ្វក់ទំនើបៗ គឺមានរួចជាស្រេច ហើយមានតម្លៃកាន់តែធូរថ្លៃជាងមុន។ បទប្បញ្ញត្តិបរិស្ថានដ៏ម៉ឺងម៉ាត់ ការអនុវត្តអាជីវកម្មប្រកបដោយការទទួលខុសត្រូវ និងការយល់ដឹងជាសាធារណៈ អាចកាត់បន្ថយការបំពុលពីទឹកកខ្វក់បានយ៉ាងច្រើន។ អ្វីដែលសំខាន់បំផុត ការវិនិយោគលើប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ មិនគួរចាត់ទុកថាជា «ការចំណាយ» នោះទេ ប៉ុន្តែវាគឺជា «ការវិនិយោគ» លើសុខភាពសាធារណៈ កំណើនសេដ្ឋកិច្ច និងវិបុលភាពជាតិ។

កិច្ចខិតខំប្រឹងប្រែងនាពេលថ្មីៗនេះរបស់កម្ពុជា ក្នុងការទប់ស្កាត់ទឹកកខ្វក់រាប់លានម៉ែត្រគូប មិនឱ្យហូរចូលទៅក្នុងប្រភពទឹកធម្មជាតិ បានបង្ហាញយ៉ាងច្បាស់ថា ការការពារបរិស្ថាន គឺជួយគាំទ្រដោយផ្ទាល់ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ច។ ការការពារទន្លេ និងស្ទឹងបឹងបួរ គឺស្មើនឹងការការពារវិស័យជលផល កសិកម្ម ទេសចរណ៍ សុខភាពសាធារណៈ និងមនុស្សជំនាន់ក្រោយ។

មេរៀននេះបានបង្ហាញយ៉ាងច្បាស់ថា ទឹកស្អាត មិនមែនគ្រាន់តែជាបញ្ហាបរិស្ថានមួយមុខនោះទេ។ វាគឺជាទ្រព្យសម្បត្តិសេដ្ឋកិច្ច និងជាខ្សែជីវិត។ រាល់តំណក់ទឹកកខ្វក់ដែលបង្ហូរចូលទៅក្នុងធម្មជាតិដោយគ្មានការចម្រោះ សុទ្ធតែនាំមកនូវថ្លៃដើមលាក់កំបាំង។ រាល់តំណក់ទឹកដែលបានចម្រោះរួច គឺជាការវិនិយោគដើម្បីសហគមន៍ដែលមានសុខភាពល្អជាងមុន សេដ្ឋកិច្ចដែលរឹងមាំជាងមុន និងអនាគតមួយប្រកបដោយចិរភាព។ ការការពារប្រភពទឹក គឺពិតជាការការពារជីវិតខ្លួនឯងផ្ទាល់៕