កេនយ៉ា៖ ការតវ៉ាប្រឆាំងសំណើរបស់សហរដ្ឋអាមេរិក ជុំវិញទីតាំងធ្វើចត្តាឡីស័ក្តអ្នកជំងឺអេបូឡា បង្កឱ្យមានមនុស្សស្លាប់ ២នាក់
03-06-2026 14:27
(ណៃរ៉ូប៊ី)៖ តុលាការនៃប្រទេសកេនយ៉ា បានបន្តការបង្គាប់ឱ្យបិទទីតាំងចត្តាឡីស័ក្តអ្នកជំងឺអេបូឡា របស់សហរដ្ឋអាមេរិក រយៈពេល ៣សប្តាហ៍ទៀត ហើយបង្គាប់ឱ្យរដ្ឋាភិបាលកេនយ៉ា បង្ហាញកិច្ចព្រមព្រៀងរបស់ខ្លួនជាមួយទីក្រុងវ៉ាស៉ីនតោន ខណៈដែលការតវ៉ាប្រឆាំងនឹងទីតាំងនេះ បង្កឱ្យមានមនុស្សពីរនាក់ស្លាប់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦។
គម្រោងរៀបចំគ្រែអ្នកជំងឺចំនួន ៥០ ក្នុងមូលដ្ឋានទ័ព នៅភាគកណ្តាលប្រទេសកេនយ៉ាសម្រាប់ជនជាតិអាមេរិក ដែលបានប៉ះពាល់នឹងវីរុសអេបូឡា មកពីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ឬអូហ្កាន់ដា បាននាំឱ្យមានការខឹងសម្បារពីសំណាក់ប្រជាជនកេនយ៉ា។ ពួកគេចោទប្រកាន់ថាសំណើរបស់អាមេរិក បង្កើតហានិភ័យជុំវិញការថែទាំអ្នកជំងឺ។
ចៅក្រម ក៏បានបង្គាប់ឱ្យរដ្ឋាភិបាលកេនយ៉ា បង្ហាញកិច្ចព្រមព្រៀង និងពិធីការប្រតិបត្តិទាំងអស់ដែលពាក់ព័ន្ធទីតាំងនោះ ត្រឹមរយៈពេល ៧ថ្ងៃ ហើយកំណត់ពេលបើកសវនាការបន្ទាប់ នៅថ្ងៃទី២៣ ខែមិថុនា។
កាលពីថ្ងៃចន្ទ មនុស្សរាប់រយនាក់បានតវ៉ាប្រឆាំងក្នុងទីក្រុង Nanyuki ដោយអ្នករៀបចំការតវ៉ា លោក Patrick Wahome បាននិយាយថា មនុស្សពីរនាក់ត្រូវបានសម្លាប់ដោយគ្រាប់កាំភ្លើង ក្រោយប៉ូលិសបើកការបាញ់ប្រហារ។ អ្នកនាំពាក្យប៉ូលិសកេយ៉ា លោក Michael Muchiri ថាលោកមិនបានដឹងអំពីការស្លាប់នោះទេ៕





