កាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បន្តនាំអំណោយមនុស្សធម៌ ប្រគល់ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ៤៧គ្រួសារ នៅស្រុកភ្នំព្រឹក
03-06-2026 14:43
(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦នេះ បានចាត់ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត ដឹកនាំដោយលោក ផេង សិទ្ធី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បានអញ្ជើញសួរសុខទុក្ខ និងនាំអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ៤៧គ្រួសារ លើភូមិចំនួន៧ ក្នុងឃុំចំនួន២ នៅស្រុកភ្នំព្រឹក ដែលបានរងគ្រោះបណ្តាលឱ្យរលំទាំងស្រុង ៨ខ្នងផ្ទះ, ប៉ើងដំបូលធ្ងន់ធ្ងរ ៨ខ្នងផ្ទះ និងប៉ះពាល់ដោយអន្លើចំនួន ៣១ខ្នងផ្ទះ។
ពិធីសំណេះសំណាលនាឱកាសនេះមានការអញ្ជើញចូលរួមពីលោក លោកស្រីគណៈកម្មាធិការសាខា អនុសាខាស្រុកក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តជាច្រើនរូបទៀត នៅបរិវេណសាលាឃុំបួរ។
ក្នុងនាម លោក សុខ លូ, លោក ផេង សិទ្ធី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយសេចក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង និងបានសម្តែងនូវការសោកស្តាយជាខ្លាំងចំពោះការខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនាពេលនេះ។
លោក ផេង សិទ្ធី បានគូសបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែឈរនៅលើគោលការណ៍មនុស្សធម៌ដោយ «មិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយអត់បាយ ឬគ្មានទីជម្រក ដោយសារតែអាជ្ញាធរមិនបានដឹង ឬមិនបានដោះស្រាយនោះឡើយ» ទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ចំណែកអំណោយមនុស្សធម៌ជាស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងថវិកាត្រូវបាននាំយកមកចែកជូនក្នុងថ្ងៃនេះ បានជួយសម្រាលនូវការលំបាកចំពោះមុខ និងផ្តល់ភាពកក់ក្តៅដល់ក្រុមគ្រួសាររងគ្រោះទាំងអស់។
ជាមួយគ្នានេះ លោកបានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដូចជា សូមបងបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះអាកាសធាតុ ដែលមានការប្រែប្រួលជាយថាហេតុ ជាពិសេសនៅក្នុងអំឡុងពេលត្រៀមចូល និងនៅក្នុងរដូវវស្សា, សូមការពារសុវត្ថិភាពសមាជិកគ្រួសារ និងកុមារតូចៗ៖ នៅពេលមានភ្លៀងខ្យល់ខ្លាំង ត្រូវណែនាំកូនចៅឱ្យនៅក្នុងផ្ទះ ឬរកជម្រកដែលមានសុវត្ថិភាពខ្ពស់ ចៀសវាងការជ្រកក្រោម ដើមឈើធំៗ និងត្រូវបិទទូរស័ព្ទដៃ ឬឧបករណ៍អគ្គិសនី ដែលអាចបង្កគ្រោះថ្នាក់ដោយសាររន្ទះបាញ់, សូមថែរក្សាសុខភាព និងអនាម័យ ត្រូវរស់នៅមានអនាម័យ ផឹកទឹកឆ្អិន ឬទឹកស្អាត ដើម្បីការពារជំងឺដង្កាត់ផ្សេងៗ ឬការប្រែប្រួលអាកាសធាតុភ្លាមៗ។
លោក ផេង សិទ្ធី បានបន្តថា ទោះបីជាគ្រោះធម្មជាតិយើងមិនអាចហាមឃាត់បាន ប៉ុន្តែយើងអាចកាត់បន្ថយការខូចខាត និងគ្រោះថ្នាក់ដល់អាយុជីវិតបានតាមរយៈការបង្កើនការប្រុងប្រយ័ត្ន និងការសហការជួយគ្នាទៅវិញទៅមកក្នុងស្មារតីសាមគ្គីភាព។
ក្នុងឱកាសនោះក្រុមប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្តភូមិ បានបញ្រ្ជាបការអប់រំផ្សព្វផ្សាយអំពីអនាម័យទឹកស្អាតក្នុងគ្រាអាសន្ន វិជ្ជាសង្គ្រោះបឋម វិធានការបង្ការការឆ្លងរាលដាលនៃជំងឺគ្រុនឈាម សុវត្ថិភាពចរាចរណ៍ គោលការណ៍គ្រឹះចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ការប្រែប្រួលអាកាសធាតុ និងបរិស្ថាន ផ្តោតលើការកាត់ការប្រើប្រាស់ថង់ប្លាស្ទិក សុវត្ថិភាពចរាចណ៍ផ្លូវគោកសរុបអ្នកចូលរួមចំនួន ៦៥នាក់ ស្រី ៣៨នាក់។ បន្ទាប់មកប្រតិភូសាខាបានបន្តចុះសួរសុខទុក្ខ និងនាំយករទេះជនពិការ ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋ ១គ្រួសារ ដែលមានជំងឺស្លាប់មួយជំហៀងខ្លួន មានជីវភាពក្រីក្រស្ថិតនៅភូមិចំការស្រូវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ផងដែរ។
សូមបញ្ជាក់ថា អំណោយដែលនាំមកចែកជូនក្នុង ១គ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ទឹកបរិសុទ្ធ ១កេស, ទឹកស៊ីអ៉ីវ ៦ដប ទឹកត្រី ១ដប, ត្រីខ ១០កំប៉ុង, ឃីត ១កញ្ចប់ និងថវិកាមួយចំនួន។ ដោយឡែកគ្រួសាររងគ្រោះរលំទាំងស្រុកទទួលបានបន្ថែមកៅស៊ូតង់១ ផងដែរ៕










