រដូវវស្សាចូលមកដល់! ប្រជាកសិករនៅស្រុករលាប្អៀង ចាប់ផ្ដើមភ្ជួររាស់ដីធ្វើស្រែចម្ការ និងបានងាកមកប្រើប្រាស់ជីធម្មជាតិ ជំនួសឱ្យជីគីមី
03-06-2026 14:45
(កំពង់ឆ្នាំង)៖ បន្ទាប់ពីមានភ្លៀងធ្លាក់ជោគជាំនាដើមរដូវវស្សាក្នុងខែមិថុនា ឆ្នាំ២០២៦ សង្កេតឃើញថា ប្រជាកសិករនៅគ្រប់ទីកន្លែងក្នុងខេត្តកំពង់ឆ្នាំង បាននាំគ្នាសម្រុកភ្ជួររាស់ធ្វើស្រែវស្សាយ៉ាងសស្រាក់សស្រាំ ប្រកបដោយទឹកចិត្តសប្បាយរីករាយ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ប្រជាកសិករបាននិងកំពុងមមាញឹកក្នុងការភ្ជួររាស់ សាបព្រោះស្រូវវស្សា ស្ថិតនៅក្នុងភូមិគល់គុប ឃុំស្រែថ្មី ស្រុករលាប្អៀរ ពួកគាត់បានឱ្យដឹងថា នៅក្នុងមូលដ្ឋាន ក្នុងស្រុកភូមិរបស់ពួកគាត់ កាលពីអំឡុងដើមខែមេសាមានភ្លៀងធ្លាក់ជោគជាំ ប្រជាកសិករខ្លះក៏បាននាំគ្នាប្រញាប់ចុះភ្ជួររាស់ សាបព្រួសបានមួយចំនួនហើយដែរ។
បើតាមរយៈកសិករនៅទីនោះ, ក្រោយមកក៏មានការរាំងពុំមានភ្លៀងធ្លាក់អស់រយៈពេលជាច្រើនសប្តាហ៍ ដែលបង្កឱ្យស្រូវខ្លះមានការស្វិតក្រៀមរហូតមកដល់ថ្ងៃទី២ ខែមិថុនា ម្សិលមិញនេះ ក៏មានភ្លៀងធ្លាក់មួយមេយ៉ាងធំ នៅគ្រប់ទីកន្លែង ស្ទើរទូទាំងខេត្តកំពង់ឆ្នាំងធ្វើឱ្យប្រជាកសិករសប្បាយរីករាយ ដោយបានធ្វើឱ្យស្រូវរបស់ពួកគាត់ខ្លះរស់ឡើងវិញ និងមានការលូតលាស់ពណ៌ខៀវបំព្រងគ្រប់ទីកន្លែង។ ចំណែកប្រជាកសិករ ដែលពុំទាន់បានចុះភ្ជួររាស់ សាបព្រោះនៅឡើយនោះ ក៏ចាប់ផ្ដើមម្នីម្នានាំគ្នាចុះភ្ជួររាស់សាបព្រួសគ្រប់ៗគ្នាផងដែរ។
កសិករមួយរូប បានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្នប្រជាកសិករដែលប្រកបមុខរបរធ្វើស្រែចំការ ភាគច្រើនពុំសូវប្រើជីគីមីនោះឡើយ ដោយពួកគេបាននាំគ្នាងាកមកប្រើជីធម្មជាតិជំនួសវិញ ដែលជីធម្មជាតិទាំងនោះធ្វើឱ្យស្រូវល្អ បាយឆ្ងាញ់ មានតម្លៃសមរម្យ ចំណែកទិន្នផលស្រូវលក់បានតម្លៃថ្លៃផងដែរ។ ជីធម្មជាតិដែលប្រជាកសិករប្រើប្រាស់សព្វថ្ងៃនេះមានដូចជា លាមកសត្វមាន់, ទា, គោ, ក្របី លាយជាមួយអង្កាម ហើយលាយជាមួយពូជស្រូវ រួចយកទៅព្រោះក្នុងស្រែដែលភ្ជួររួចនោះតែម្ដង។ បើរបបទឹកគ្រប់គ្រាន់ ពេលស្រូវដុះមកគឺមានពណ៌ខៀវស្រងាត់ ហើយដុះរីកលូតលាស់បានយ៉ាងល្អ បាញ់ថ្នាំជំនួយបន្ទាប់បន្សំនិងទទួលបានទិន្នផលខ្ពស់ផងដែរ។
ពាក់ព័ន្ធទៅនឹងរបបទឹកភ្លៀងនារដូវវស្សាឆ្នាំនេះ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានឱ្យដឹងផងដែរថា កាលពីដើមរដូវវស្សាគឺមានភ្លៀងធ្លាក់ជាហូរហែដែរ តែភ្លៀងបានធ្លាក់នៅរាយប៉ាយទៅតាមតំបន់មួយចំនួន ទើបតែថ្ងៃទី២ ខែមិថុនាម្សិលមិញនេះ មានភ្លៀងធ្លាក់នៅទូទាំងខេត្តកំពង់ឆ្នាំងតែម្ដង។
លោក បានបន្តថា ការបង្កបង្កើនផលមានរដូវវស្សាឆ្នាំ២០២៦នេះ ប្រជាកសិករនៅទូទាំងខេត្ត សម្រេចបានទៅលើផ្ទៃដីសម្រាប់ដាំ ដុះស្រូវវស្សាមានចំនួន ៨៣,៧៤៣ហិកតា ស្មើនិង ៥៧,៧៥ភាគរយ លើផែនការ ១៤៥,០០០ហិកតា ក្នុងនោះ ព្រោះស្រូវស្រាល ១៧,០៦៥ហិកតា, ស្រូវកណ្ដាល ៣១,៦៩៥ហិកតា និងព្រោះស្រូវធ្ងន់ ៣៤,៩៨៣ហិកតា (លឿនជាងឆ្នាំ២០២៥ ចំនួន ៣,០០០ហិកតា)៕





































