ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប ចុះផ្សព្វផ្សាយពីតួនាទី ភារកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ និងកម្មវិធីទូរស័ព្ទដៃ «មតិយើង» ដល់និស្សិតសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ខេត្តសៀមរាប
03-06-2026 14:58
(សៀមរាប)៖ ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦នេះ បានចុះផ្សព្វផ្សាយស្ដីពីអនុក្រឹត្យលេខ ១៩ អនក្រ និងតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋរាជធានីខេត្ត និងរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ «មតិយើង» ជូនដល់សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាខេត្តសៀមរាប ក្រោមវត្តមានរបស់ លោកស្រី ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ សាស្ត្រាចារ្យ និងនិស្សិតជាច្រើនផងដែរ។
ថ្លែងក្នុងឱកាសនោះ លោកស្រី ស៊ិន ណម បានលើកឡើងថា គោលបំណងសំខាន់នៃការផ្សព្វផ្សាយនេះ គឺដើម្បីលើកកម្ពស់អភិបាលកិច្ចក្នុងការផ្ដល់សេវា និងការអភិវឌ្ឍសេដ្ឋកិច្ច នៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការពង្រឹងតួនាទីក្នុងការទទួល និងសម្រុះសម្រួលដោះស្រាយបណ្ដឹងក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្ដល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ។
លោកស្រីបានបន្តថា ការផ្សព្វផ្សាយនេះ ក៏មានគោលដៅកំណត់អំពីយន្តការ គោលការណ៍ បែបបទនីតិវិធីនៃការទទួល និងសម្រុះសម្រួល ដោះស្រាយបណ្ដឹងនៅថ្នាក់ក្រោមជាតិ និង សម្រុះសម្រួលដោះស្រាយបណ្ដឹង ដែលពាក់ព័ន្ធនឹងការផ្ដល់សេវា និងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ។
លោកស្រីបន្តថា សមាជិកាក្រុមប្រឹក្សាខេត្ត ក៏បានវាយតម្លៃខ្ពស់ពីការយល់ដឹងរបស់សាស្ត្រាចារ្យ និស្សិត ពីខ្លឹមសារសំខាន់ៗនៃអនុក្រឹត្យលេខ១៩ អនក្រ និងរបៀបការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ «មតិយើង» បានបង្កើនការយល់ដឹងបន្ថែមទៀតចូលទៅសហគមន៍។
លោកស្រីក៏បានធ្វើការផ្ដាំផ្ញើដល់សាស្ត្រាចារ្យ និស្សិតទាំងអស់ ក្រោយពេលទទួលបានចំណេះដឹងពីការផ្សព្វផ្សាយនេះ ត្រូវបន្តធ្វើការផ្សព្វផ្សាយដល់មិត្តភក្ដិក្នុងសាកលវិទ្យាល័យ ក៏ដូចនៅតាមមូលដ្ឋានរបស់ខ្លួន សំខាន់សមាជិកក្នុងក្រុមគ្រួសារ និងអ្នកជិតខាងខ្លួនផងដែរ។
ជាមួយនេះដែរ មន្ត្រីជំនាញបានធ្វើបទបង្ហាញពីខ្លឹមសារសំខាន់ៗ នៃអនុក្រឹត្យលេខ១៩ អនក្រ, តួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ និងការប្រមូលពាក្យបណ្ដឹងនានាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ធ្វើសម្រាំង វាយតម្លៃ និងបញ្ជូនពាក្យបណ្ដឹងទៅស្ថាប័នមានសមត្ថកិច្ច, តាមដានការដោះស្រាយ និងជូនព័ត៌មានត្រឡប់ទៅម្ចាស់បណ្ដឹង, ស៊ើបអង្កេតបណ្ដឹងលើកអនុសាសន៍ និងតាមដានការអនុវត្តវិធានការដោះស្រាយបណ្ដឹង។
ព្រមទាំងបានបង្ហាត់បង្ហាញលម្អិតអំពីរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ «មតិយើង» ដល់សិក្ខាកាម ព្រោះកម្មវិធីនេះ មានគោលបំណងផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ដែលមានបញ្ហាក្នុងមូលដ្ឋាន ឬភាពមិនពេញចិត្តលើការងារបម្រើសេវាសាធារណៈ និងការគ្រប់គ្រងដោយមានលក្ខខណ្ឌរក្សាការសម្ងាត់ជូនផងដែរ៕













