តំណាងប្រធានស្ដីទីព្រឹទ្ធសភា នាំយកជំនួយមនុស្សធម៌ និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ជូនដល់បញ្ជាការដ្ឋានអង្គរក្ស
03-06-2026 15:02
(ភ្នំពេញ)៖ លោក ម៉ម ប៊ុននាង តំណាងលោក អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងជាប្រធានគណៈកម្មការអង្កេតបោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំគណៈប្រតិភូព្រឹទ្ធសភា នាំយកជំនួយមនុស្សធម៌របស់ព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ ប្រគល់ជូនដល់បញ្ជាការដ្ឋានអង្គរក្ស។
ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់សមាជិកគណៈកម្មការទី១០ ព្រឹទ្ធសភា, សមាជិក សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣, តំណាងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក សុខ សំណាង និងនាយទាហាន បញ្ជាការដ្ឋានអង្គរក្ស។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក យ៉ាត ទូច មេបញ្ជាការរង និងជានាយកខុទ្ទកាល័យបញ្ជាការដ្ឋានអង្គរក្ស តំណាងនាយឧត្តមសេនីយ៍ផ្កាយមាស៤ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ(ខ.ភ.ម) និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស បានសម្តែងនូវក្តីរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ម៉ម ប៊ុននាង និងគណៈប្រតិភូ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក និងមានតម្លៃ នាំយកជំនួយមនុស្សធម៌ដ៏ថ្លៃថ្លា និងមិនអាចកាត់ថ្លៃបាន ក្នុងការជួយលើកស្ទួយសុខុមាលភាពកងទ័ព និងក្រុមគ្រួសារ។
ក្នុងនាម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង, លោក នឹងចាត់ចែង គ្រប់គ្រង និងនាំយកជំនួយមនុស្សធម៌ទាំងអស់នេះ ប្រើប្រាស់ក្នុងបញ្ជាការដ្ឋានអង្គរក្សសម្រាប់ការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំ និងការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានគង់វង្ស។
ជាមួយគ្នានេះ លោក ម៉ម ប៊ុននាង បានពាំនាំការផ្តាំផ្ញើការសាកសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, លោក អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងលោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា ជូនដល់នាយកទានហាន និងពលទាហានទាំងអស់នៃបញ្ជាការដ្ឋានអង្គរក្ស។
លោកប្រធានគណៈប្រតិភូព្រឹទ្ធសភា បានមានប្រសាសន៍បន្តថា ព្រឹទ្ធសភានីតិកាលទី៥ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពវាងវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានកំណត់អាទិភាពការងារដែលផ្តោតលើការចូលឱ្យជិតអង្គបោះឆ្នោត និងសហគមន៍មូលដ្ឋាន និងការជំរុញការងារការទូតសភា ដែលមានទិសដៅសំខាន់ពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ននីតិប្បញ្ញត្តិនៃបណ្តាប្រទេសជាមិត្តទាំងអស់ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។
ក្នុងស្មារតីនេះ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាព្រឹទ្ធសភា បានអនុវត្តការងារការទូតប្រកបដោយបុរេសកម្ម ដើម្បីបុព្វហេតុការពារផលប្រយោជន៍ និងកិត្យានុភាពជាតិ ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ជាពិសេសក្នុងពេលមានសង្គ្រាមឈ្លានពានរបស់ថៃ មកលើកម្ពុជាយើង។
លោក បានបន្តថា ក្រោមកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងគណៈកម្មការទី១០ ព្រឹទ្ធសភា ជាមួយ មូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណៈរដ្ឋកូរ៉េ ដោយមានការសម្របសម្រួលពីសំណាក់លោក សុខ សំណាង និងសហការី, គណៈប្រតិភូព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិសកល បាននាំយកនូវជំនួយមនុស្សធម៌ រួមមាន ឱសថ ចំនួន២៧មុខ ក្នុងទំហំទឹកប្រាក់ចំនួន ១,០១៧,០៣៩ (មួយលាន ដប់ប្រាំពីរពាន់ សាមសិបប្រាំបួន)ដុល្លារអាមេរិក មកប្រគល់ជូនបញ្ជាការដ្ឋានអង្គរក្ស ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពនាយទាហាន និងពលទានហាន ឱ្យបានកាន់តែប្រសើរ ។
មូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណៈរដ្ឋកូរ៉េ បានផ្តល់នូវជំនួយមនុស្សធម៌ដល់ព្រឹទ្ធសភាកម្ពុជា ដែលរួមមានៈ ឱសថ គ្រឿងបរិក្ខាពេទ្យ សម្លៀកបំពាក់ និងឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ ចំនួន ២០លើក ក្នុងទំហំទឹកប្រាក់ ៣០,៦៣១,៣៩៥(សាមសិបលាន ប្រាំមួយរយសាមសិប មួយពាន់ បីរយកៅសិបប្រាំ)ដុល្លារអាមេរិក រួចមកហើយ។
ជំនួយមនុស្សធម៌ទាំងអស់ ត្រូវបានថ្នាក់ដឹកនាំព្រឹទ្ធសភា គ្រប់គ្រង និងបែងចែកទៅតាមបណ្តារាជធានី ខេត្ត មន្ទីរពេទ្យ មណ្ឌលសុខភាព ជនងាយរងគ្រោះ ពិសេសប្រជាជនភៀសសឹកនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ប្រកបដោយតម្លាភាព គណនេយ្យភាព និងចំគោលដៅ ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យបានកាន់ប្រសើរឡើង ស្របតាមបំណងប្រាថ្នាដ៏ថ្លៃថ្លារបស់ព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល (Global Life Sharing)។ គណៈកម្មការទី១០ ព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល មានផែនការចុះហត្ថលេខាលើ MOU លើកទី៣ ដើម្បីបង្កើនទំហំជំនួយមនុស្សធម៌សរុបឲ្យដល់ប្រមាណ ៦៥លានដុល្លារអាមេរិក ត្រឹមឆ្នាំ២០២៩៕



















