អាជ្ញាធរខេត្តស្ទឹងត្រែង អំពាវនាវដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគា្រស ចូលរួមទប់ស្កាត់បទល្មើសនានា ជាពិសេសក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)
03-06-2026 16:00
(ស្ទឹងត្រែង)៖ ដើម្បីទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ គ្រប់គ្រងសន្តិសុខ-សណ្តាប់ធ្នាប់កន្លែងស្នាក់នៅរបស់កម្មករ និងទប់ស្កាត់អំពើល្មើសផ្សេងៗ (គ្រឿងញៀន និងអំពើហិង្សា) ស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ បានចុះធ្វើបច្ចុប្បន្នភាព កម្មករ និយោជិត នៅក្រុមហ៊ុន សល សភាពាណិជ្ជ។
លោក ឃឿប លីនណា ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ការចុះពិនិត្យ និងធ្វើបច្ចុប្បន្នភាពនេះ គឺយោងតាមស្មារតីអង្គប្រជុំរបស់រដ្ឋបាលខេត្តថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ស្តីពីបញ្ហាគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព និងយោងតាមអនុក្រឹត្យលេខ០៣ អនក្រ.ប.ក ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ, នាយកដ្ឋានការងារកុមារ សហការជាមួយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង ក៏បានចុះយុទ្ធនាការផ្សព្វផ្សាយ ស្តីពីការបង្ការ ទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ ជាមួយនិងក្រុមហ៊ុនចំនួន២ គឺក្រុមហ៊ុន សុភក្តិនីកា និងក្រុមហ៊ុន សល សុភាពាណិជ្ជ មានទីតាំងនៅស្រុកសេសានខេត្តស្ទឹងត្រែង។
ក្រុមការងារជំនាញរបស់មន្ទីរ បានសហការជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាស តាមសិប្បកម្មនានា រួមដៃគ្នាទប់ស្កាត់ និងលុបបំបាត់ឱ្យបានដាច់ខាតនូវរាល់ទម្រង់នៃទាសភាព ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ និងការងារប្រកបដោយគ្រោះថ្នាក់ ដើម្បីធានាបាននូវប្រសិទ្ធភាពការងារខ្ពស់ និងការការពារសិទ្ធិកុមារបានយ៉ាងពិតប្រាកដ។
ជាមួយគ្នានេះ លោក សាន់ និមល ស្នងការរង នៃស្នងការដ្ឋាននគបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា កំលាំងនគរបាលចុះពិនិត្យ ស្រង់ស្ថិតិ ធ្វើបច្ចុប្បន្នភាពនាពេលនេះ គឺអនុវត្តតាមអនុក្រឹត្យលេខ០៣ អនក្រ.ប.ក ឈានទៅគ្រប់គ្រងឱ្យបានលើសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និងបានស្នើដល់ក្រុមហ៊ុន សហគ្រាសក្នុងខេត្ត ដោយសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីរក្សាបាននូវសុវត្ថភាព ជូនកម្មករនិយោជិត និងក្រុមហ៊ុន។
លោក បានសង្កត់ធ្ងន់ថា «បើទោះបីខេត្តស្ទឹងត្រែង ជាតំបន់ឆ្លងកាត់ តែបរិបទថ្មី ក្រុមឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) បានផ្លាស់ប្តូទម្រង់ថ្មី នៃការប្រមូលផ្តុំ ដែលបំបែកជារូបភាពតូចៗជ្រកក្រោម ផ្ទះស្នាក់នៅ ផ្ទះសំណាក់ ផ្ទះជួល រឺតាមសហគ្រាស ក្រុមហ៊ុន ដែលតម្រូវឱ្យកំលាំងមានសមត្ថិកិច្ច ចុះពិនិត្យ និងស្រង់ស្ថិតិឱ្យបានគ្រប់ជ្រុងជ្រោយ»។
បន្ថែមពីនេះ លោកស្នងការរងខេត្តស្ទឹងត្រែង អំពាវនាវឱ្យម្ចាស់ក្រុមហ៊ុន រោងចក្រសហគ្រាស ត្រូវមានការសហការល្អ និងត្រូវរាយការណ៍ជូនសមត្ថកិច្ចពាក់ព័ន្ធឱ្យបានទាន់ពេលវេលា ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ផ្សេងៗនៅក្នុងមូលដ្ឋាន ជាពិសេសគឺបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ដែលកំពុងបង្កការគំរាមកំហែងដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពបងប្អូនប្រជាពលរដ្ឋនិងអ្នកវិនិយោគ៕


























