អង្គភាពប្រឆាំងអំពើពុករលួយ ចេញលិខិតចំហឆ្លើយតបការលើកឡើងរបស់អ្នកស្រី ភី គីមសុង ភរិយា​ជនជាប់ចោទ យ៉ាត កុសល ដែលត្រូវចាប់ខ្លួនក្នុងសំណុំរឿងជាមួយនគរបាលផ្កាយ៣ អ៊ុក ហៃសីឡា

03-06-2026 16:30

(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បានចេញលិខិតចំហឆ្លើយតបការលើកឡើងរបស់អ្នកស្រី ភី គីមសុង ភរិយា​ជនជាប់ចោទ យ៉ាត កុសល ដែលត្រូវចាប់ខ្លួនក្នុងសំណុំរឿង ជាមួយនគរបាលផ្កាយ៣ អ៊ុក ហៃសីឡា ក្រោយមានការបង្ហោះ និងចែកចាយតាមបណ្តាញសង្គមដោយលើកឡើងមិនមានមូលដ្ឋានអំពីការចាប់ខ្លួនប្តីរបស់គាត់។

យោងតាមលិខិតចំហរប​ស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដែលផ្តល់ជូនផ្តាច់មុខដល់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦, ACU បានចាត់ទុកថា ការបំភ្លឺរបស់អ្នកស្រី ភី គីមសុង គឺជាការអះអាង ការទម្លាក់កំហុសដោយអសុទ្ធចិត្ត ដោយចេតនានាំឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ នៃមន្រ្តី និងស្ថាប័ន អង្គភាពប្រឆាំងអំពើពុករលួយដ៏ធ្ងន់ធ្ងរ ដែលមិនអាចទទួលយកបាន ហើយជាការវាយប្រហារ​កិត្តិយសរបស់ អ.ប.ព. និងប្រព័ន្ធយុត្តិធម៌។

ខាងក្រោមនេះជាខ្លឹមសារលម្អិតនៅក្នុងលិខិតចំហរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU)​ ដែលផ្ញើជូនអ្នកស្រី ភី គីមសុង៖

អ្នកស្រី​ ភី គីមសុង ភរិយា​ជនជាប់ចោទ យ៉ាត កុសល កាលពី ២សប្តាហ៍មុននេះ (15/05-2026) បានសរសេរ​ និងផ្សព្វ​ផ្សាយតាម​បណ្តាញ​សង្គមរបស់ឥស្សរជនដ៏ល្បីល្បាញម្នាក់បញ្ជាក់ថា​ ប្តីរបស់អ្នកស្រី គ្មាន​ទោស គ្មានកំហុសអ្វីទេ ជាអ្នកធ្លាប់បួស មិនដែល​ហូប ឬ​លក់ស្រាបារី កាន់សីល ទៀងត្រង់​ មិនសម្លាប់សត្វ ជាអ្នក​ធ្វើការឱ្យគេ ធ្វើតាមតែបញ្ជារបស់​ចៅហ្វាយ​នាយ ហើយមិនដែលបានដឹងថា​ ក្រុមហ៊ុន​ទាំងនោះ ជាក្រុមហ៊ុន​ខុសច្បាប់​ទេ ហើយបានលាឈប់ពីក្រុមហ៊ុននោះ ហើយមករកស៊ី​លក់ដូរ បើកហាងកាហ្វេ​នៅផ្ទះ​ មើលកូន​ ឆ្លៀត​រត់តាក់ស៊ី ហើយ មាស ម៉ារិន ពេលឱ្យប្រើអី ឱ្យដឹក​ទៅនេះ ទៅនោះ តែប្តីគាត់​គិតថ្លៃ​ឈ្នួលធម្មតា។

អ្នកស្រី​ ភី គីមសុង​ បន្ថែមទៀតថា នៅថ្ងៃកើតហេតុ​ (19/04-2026 ម៉ោង 5:49ល្ងាច) មានជនមិនស្គាល់មុខ កម្មង់​កាហ្វេ ៩កែវ ឱ្យដឹកទៅតារាងបាល់​ (ជិតផ្ទះ) ស្រាប់តែទៅដល់ ក៏ត្រូវចាប់យកទៅបាត់ ដោយមិនឱ្យថ្លៃកាហ្វេ ហើយដោយទាំងលុយខ្មែរ ចំនួន ១០ម៉ឺន កាតគ្រីឡាន កាតគ្រីម៉ូតូ អត្តសញ្ញាណបណ្ណ និង​ឯកសារមួយចំនួន ទូរសព្ទ ១គ្រឿង ក្នុងនោះមានកុងធនាគារ​ មានលុយប្រមាណ ១០ម៉ឺនរៀល កងអាគុយ​ ១គ្រឿង... ជំពាក់ប្រាក់ធនាគារ ​ ៧-៨ម៉ឺនដុល្លារ ព្រោះបង់រំលស់ឡាន និងផ្ទះ​...។

ការសរសេរ និងចុះផ្សាយ​នោះបានប៉ះពាល់កិត្តិយស​យ៉ាងខ្លាំង​មកលើ អង្គភាពប្រឆាំងអំពើពុករលួយ​ ព្រោះទាំង​អស់នេះ ជាការសរសេរ​ និងជាការផ្សាយ​ទម្លាក់កំហុស​ដោយចេតនាមកលើ អង្គភាពប្រឆាំងអំពើពុករលួយ​ ដើម្បីឱ្យសាធារណមតិ និងថ្នាក់ដឹកនាំ​យល់ច្រឡំមកលើការអនុវត្តច្បាប់របស់ អ.ប.ព. ហើយដាក់សម្ពាធមកលើ អ.ប.ព. និងតុលាការឱ្យដោះលែង​ជនជាប់ចោទ យ៉ាត កុសល​​ ប្តីរបស់អ្នកស្រី។

អ.ប.ព. បង្ខំចិត្ត​បកស្រាយ​ ​ដោយចាប់ផ្តើមពីអង្គហេតុនៃអំពើស៊ីសំណូក​ពីពួក​មេក្លោង​អនឡាញស្គេម ប្រព្រឹត្តដោយឧត្តមសេនីយឯក អ៊ុក ហៃសីឡា អគ្គនាយករង​ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍, ឧត្តមសេនីយ​​ទោ សរ សំណាង ស្នងការរងនគរបាលរាជធានី ទទួលផែន​គ្រប់គ្រងជនបរទេស ករណី​ផ្តើមគំនិត​ សមគំនិត​ បទស៊ីសំណូក និងស៊ីសំណូក ប្រព្រឹត្តដោយ មាស ម៉ារិន (គេចខ្លួន) សញ្ជាតិខ្មែរ-អាមេរិក (អតីតនាយទាហានអាមេរិក​​ចូលនិវត្តន៍ - បច្ចុប្បន្នជា ឧត្តមសេនីយត្រី​ ទីប្រឹក្សា​ក្រសួងការពារជាតិកម្ពុជា, ទីប្រឹក្សា​រាជរដ្ឋា​ភិបាលកម្ពុជា និងករណីសម្អាតប្រាក់​ប្រព្រឹត្តដោយ​​ អ៊ុក ហៃសីឡា, សរ សំណាង, មាស ម៉ារិន និងករណី​សមគំនិតសម្អាតប្រាក់ ប្រព្រឹត្តដោយ​ កូ ពិសី (ប្រពន្ធ​ សរ សំណាង), យ៉ាត កុសល ដែលក្រោយពី អ.ប.ព. បានបញ្ជូនសំណុំរឿងនេះទៅតុលាការ រហូត​តុលាការ​បានធ្វើការចោទប្រកាន់អ្នកទាំងនោះហើយក្តី ក៏ អ.ប.ព. មិនដែលបានផ្សាយជូនសាធារ​ណ​ជន​ទេ។

តាមការជូន​ព័ត៌មាន និងឯកសារ​ពីឯកឧត្តម សន្តិបណ្ឌិត​ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង​ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​​ Online Scams (គ.ប.ឆ.ប) អ.ប.ព. បានរកឃើញ​ភស្តុ​​តាងគ្រប់គ្រាន់ដែលបង្ហាញថា មាស ម៉ារិន បានស្គាល់មេក្លោងអនឡាញស្គេម ឈ្មោះ តូនី (ក្រុមហ៊ុន Morgan James Co.,ltd) ហើយ តូនី បានសុំឱ្យ មាស ម៉ារិន ជួយការពារ​ឱ្យ​ អនឡាញស្គេម របស់ តូនី ដំណើរការ​ កុំឱ្យសមត្ថកិច្ចមករារាំង ឬចាប់​ ដោយជូនប្រាក់​មួយម៉ឺនដុល្លារ​ ក្នុង ១ខែមកឱ្យ មាស ម៉ារិន។

មាស ម៉ារិន បានយកសំណើនេះ ដោយផ្តួចផ្តើមឱ្យ អ៊ុក ហៃសីឡា ចូលការពារឱ្យអនឡាញស្គេម របស់ តូនី ហើយក៏បានឯកភាព​ មាស ម៉ារិន យក ៤០% (៤ពាន់ដុល្លារ) និងទុកឱ្យ អ៊ុក ហៃសីឡា ៦០% (៦ពាន់ដុល្លារ ក្នុងនោះ អ៊ុក ហៃសីឡា ទុកខ្លួនឯង ៤ពាន់ដុល្លារ និងឱ្យ សរ សំណាង ដែលជាអ្នកធ្វើការងារ​ការពារប្រចាំថ្ងៃ ចំនួន ២ពាន់ដុល្លារ)។ ការចំណាយ និងទទួលសំណូកនេះ មានស័ក្តសិទ្ធភាព ព័ត៌មានរបស់​សមត្ថកិច្ចគ្រោងចុះឆែកឆេរ ក្រុមហ៊ុន Morgan James ត្រូវ មាស ម៉ារិន, សរ សំណាង និង អ៊ុក ហៃសីឡា ចាត់វិធាន​ការ​រារាំងមិនឱ្យចុះឆែក Morgan James ហើយឆែកតែក្រុមហ៊ុនផ្សេង ដែលស្ថិតនៅក្នុងអគារភ្លោះ Twin Tower ជាមួយគ្នា។

ក្រៅពីការ​បង់ប្រចាំខែ ការពារប្រចាំខែ​ តូនី​ បានចាយប្រាក់សម្រាប់ឱ្យ មាស ម៉ារិន, សរ សំណាង និង អ៊ុក ហៃសីឡា ធ្វើការងារ​ផ្សេងៗទៀតឱ្យខ្លួន ហើយក្នុង ១លើកៗ បានឱ្យកម្រៃ ពីរាប់ពាន់ដុល្លារ ទៅមួយម៉ឺនដុល្លារ​ ក្នុងមួយរឿង មានដូចជា ករណី​ឱ្យរកបុគ្គលិកនានា ដែល តូនី ចង់ដឹង ចង់តាមរក តាមរយៈ​ឆែករកមើលប្រវត្តិ​ធ្វើដំណើរ​ចេញចូលព្រលានយន្តហោះ ច្រកទ្វារអន្តរជាតិផ្លូវគោក ឱ្យតាមដាន តូនី ឱ្យចាប់បុគ្គលិករបស់ខ្លួន យកទៅដាក់គុកដោយទម្លាក់កំហុស ជួញដូរ​គ្រឿងញៀន ឬវាយតប់​តាមទីសាធារណៈ។ ក្រៅពីករណី តូនី / Morgan James អ.ប.ព. បានរកឃើញ​អង្គហេតុពុករលួយ ច្រើនករណីទៀត ក្នុងនោះមានករណីទទួលសំណូក ពីក្រុមអនឡាញស្គេមមួយចំនួនទៀត ប្រព្រឹត្តដោយ សរ សំណាង និង អ៊ុក ហៃសីឡា (ជាង ២០អង្គហេតុទៀត) ...។

ករណីសម្អាតប្រាក់ មាស ម៉ារិន, សរ សំណាង និង អ៊ុក ហៃសីឡា បានបង្វែងដាន​ការប្រគល់-ទទួលប្រាក់ពី តូនី មិនឱ្យមើលឃើញថា ប្រាក់របស់ តូនី ជាប្រចាំខែក្តី ជាប្រាក់បង់ឱ្យថ្លៃ​ដោះស្រាយ ក្នុងមួយករណី​ៗក្តី មិនឱ្យឃើញថា ប្រាក់នេះ មកត្រង់​ដល់ មាស ម៉ារិន, សរ សំណាង និង អ៊ុក ហៃសីឡា ទោះជាការប្រគល់សាច់ប្រាក់សុទ្ធក្តី ឬផ្ទេរតាមធនាគារក្តី។

ចរន្ត​ប្រាក់​គឺពី តូនី មក មាស ម៉ារិន ហើយ មាស ម៉ារិន ប្រគល់ឱ្យ អ៊ុក ហៃសីឡា និង សរ សំណាង ប៉ុន្តែលើការជាក់ស្តែង ដោយមាន​សហការសមគំនិតពី យ៉ាត កុសល និង កូ ពិសី និងអ្នកមួយចំនួនទៀត៖

*សាច់ប្រាក់ ១ម៉ឺនដុល្លារដំបូង ត្រូវបាន យ៉ាត កុសល តំណាងឱ្យ មាស ម៉ារិន ទៅយកផ្ទាល់ ពី តូនី ក្នុងឱកាសហូបបាយ រវាង តូនី, យ៉ាត កុសល, សរ សំណាង។​ យ៉ាត កុសល យកប្រាក់នេះ មកឱ្យ មាស ម៉ារិន។
*ការផ្ទេរប្រាក់តាមធនាគារ ត្រូវដំណើរការពី តូនី មក យ៉ាត កុសល (ឬ​អ្នកទី២ ផ្សេងទៀត...) យ៉ាត កុសល ផ្ទេរឱ្យ មាស ម៉ារិន, មាស ម៉ារិន វេរឱ្យភរិយាខ្លួន (រៀល សុភាវីន) រៀល សុភាវីន វេរឱ្យ​ប្តីវិញ (មាស ម៉ារិន) ទើប មាស ម៉ារិន វេរលុយឱ្យ សរ សំណាង, សរ សំណាង ផ្ទេរប្រាក់ឱ្យប្រពន្ធរបស់ខ្លួន (កូ ពិសី) ហើយ កូ ពិសី ផ្ទេរចុងក្រោយឱ្យ អ៊ុក ហៃសីឡា។ ជារួម អ៊ុក ហៃសីឡា ទទួលប្រាក់​រាល់ដង តាមអ្នកស្រី កូ ពិសី ភរិយា សរ សំណាង តែម្នាក់គត់ មិនឱ្យឃើញថា ប្រាក់នោះខ្លួនទទួលបានពី តូនី​ និងពីករណីពុករលួយផ្សេងទៀតទេ។

ហេតុអ្វីអ្នកស្រី​ រៀល សុភាវីន មិនត្រូវ​បានជាប់ពាក់ព័ន្ធ​សមគំនិត​សម្អាតប្រាក់​ក្នុង ករណី រៀល សុភាវីន​ បានទទួល​ប្រាក់ពីប្តី ហើយផ្ទេរឱ្យទៅប្តីវិញ? តាមចម្លើយនៅ អ.ប.ព. អ្នកស្រី​ រៀល សុភាវីន ដឹងត្រឹម​ថា នោះជាប្រាក់​របស់ប្តីដែល​ផ្ទេរមកឱ្យខ្លួន​ ហើយត្រូវបានប្តីប្រាប់ឱ្យ​ផ្ទេរមកវិញតែប៉ុណ្ណោះ មិនបានដឹងថា​ ប្រាក់នោះជា​ប្រាក់ល្មើសច្បាប់ ឬប្រភព​នៃប្រាក់នោះ​មកពី តូនី ទេ។

រីឯអ្នកស្រី កូ ពិសី បានឆ្លើយច្បាស់ថា អ្នកស្រី​ដឹងថា ប្រាក់ដែលខ្លួន​ផ្ទេរ​ឱ្យ អ៊ុក ហៃសីឡា រៀងរាល់ខែ គឺជាប្រាក់​ដែលប្តី​របស់ខ្លួន (សរ សំណាង) ផ្ទេរមកឱ្យខ្លួន ហើយប្រាប់ថា នេះជាប្រាក់​ការពារជនជាតិចិន និងជនជាតិវៀតណាម​ខុសច្បាប់។

យ៉ាត កុសល បានផ្តល់ចម្លើយនៅ អ.ប.ព. ថា «មាស ម៉ារិន បានទូរសព្ទមកខ្ញុំបាទ (យ៉ាត កុសល) ឱ្យទៅជាមួយឈ្មោះ សរ សំណាង ដើម្បីឱ្យខ្ញុំបាទធ្វើជា​តំណាង​របស់​គាត់ (មាស ម៉ារិន) ទៅយកប្រាក់​ (មួយម៉ឺនដុល្លារ) ពីឈ្មោះ តូនី នៅភោជនីយដ្ឋាន​ ប៉ោកី ម្តុំទួលគោក និងនៅអគារ​ណាហ្គាវើល ហើយឈ្មោះ មាស ម៉ារិន បានប្រាប់ទៀតថា មិនបាច់ឱ្យខ្ញុំនិយាយ​អ្វីទេ គ្រាន់តែ​ទៅធ្វើជាតំណាង​របស់គាត់ យកប្រាក់​បានហើយ។ យ៉ាត កុសល ប្រាប់ អ.ប.ព. ទៀតថា ធាតុពិត​ ប្រាក់ខាងលើនោះ គឺជាប្រាក់ថ្លៃ​ការពារ​ឱ្យក្រុមហ៊ុន Morgan Jam Co.,ltd របស់ តូនី»

អ.ប.ព. សុទ្ធតែមានភស្តុតាង​បង្ហាញថា ឈ្មោះ រៀល សុភាវីន, កូ ពិសី និង យ៉ាត កុសល ជាអ្នកធ្វើជា​ជនកណ្តាល​ ក្នុងការទទួលប្រាក់​ ហើយបង្វែងដានចរន្តសាច់ប្រាក់​ (សម្អាតប្រាក់) ឱ្យទៅជនស៊ីសំណូក ប៉ុន្តែ​ចម្លើយរបស់ រៀល សុភាវីន ពិតជាមិនបានដឹងថា នោះជាប្រាក់កខ្វក់ ដែលឱ្យលាងសម្អាត​ទេ ហើយផ្ទុយទៅវិញ កូ ពិសី និង យ៉ាត កុសល សុទ្ធតែ​បានដឹងច្បាស់ថា នោះជា​ប្រាក់ស្មោកគ្រោក ហើយពួកខ្លួនចូលរួមជួយសម្អាតដោយបានទទួលកម្រៃ​ដាក់ហោប៉ៅរៀងៗខ្លួន។

ម្យ៉ាងទៀត ក្នុងភស្តុតាង​ និងឯកសារច្រើនទៀត​ ក៏ដូចជាចម្លើយ​របស់ យ៉ាត កុសល បានបញ្ជាក់ថា យ៉ាត កុសល បានធ្វើជាជំនួយការ​ឱ្យ មាស ម៉ារិន តាំងពីឆ្នាំ២០២៣ ដល់បច្ចុប្បន្ន។ យ៉ាត កុសល មិនត្រឹមតែ​ធ្វើការឱ្យក្រុមហ៊ុន Meta Imperial Co.,​ltd របស់អ្នកស្រី​ រៀល សុភាវីន ភរិយា មាស ម៉ារិន និងក្រុមហ៊ុន Nadi Engineering Co.,​ltd របស់ មាស ម៉ារិន ប៉ុណ្ណោះ តែក៏ធ្វើជា នាយកក្រុមហ៊ុន RTM Green Consultant Co.,​ltd របស់ មាស ម៉ារិន​ ទៀតផង។

ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ អ.ប.ព. គ្រោងរៀបចំ​ ៤ក្រុម ទៅនាំខ្លួនជនសង្ស័យ ៥រូប តែមិនអាចអនុវត្តបាន ​ដោយអ្នកទាំងនោះនៅជាប់ជាមួយភរិយា និងកូន និងជាប់ភារកិច្ច។ មាស ម៉ារិន មិននៅក្នុងប្រទេស, អ៊ុក ហៃសីឡា ទើបចុះយន្តហោះជាមួយភរិយា និងកូន ២នាក់, សរ សំណាង នៅជាប់ភារកិច្ច និង យ៉ាត កុសល ពេលនោះនៅកំពង់ចាម​ ជិះរថយន្ត​មកភ្នំពេញ ជាមួយភរិយា និងកូន។ ដោយ អ.ប.ព. មិនចង់ទៅនាំខ្លួនជនសង្ស័យនៅចំពោះ មុខប្រពន្ធ និងកូន​​ ទើប​ក្រុមការងារនាំខ្លួន ប្តូរ​ទៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦វិញ។

*ក្រុមទី១ បានធ្វើការ​នាំខ្លួន អ៊ុក ហៃសីឡា នៅហាងគុយទាវមួយ
*ក្រុមទី២ រង់ចាំ​ សរ សំណាង និងភរិយា ចេញពីផ្ទះទៅស្រស់ស្រូបពេលព្រឹក ហើយក៏នាំខ្លួនមក អ.ប.ព.។ ដោយមិនចង់ទៅនាំខ្លួន​ យ៉ាត កុសល ពីផ្ទះរបស់គាត់ ដែលជាហាងកាហ្វេ Idol ដែរនោះ ហើយស្របនឹងមានកីឡាករ បានបញ្ជាទិញកាហ្វេ ១០កែវ ថ្លៃ ៤៦ ៥០០រៀល ដោយបានកក់ប្រាក់ ២ម៉ឺនរៀលជាមុន នៅម៉ោង ១៧៖៣០។ នៅម៉ោង ១៧៖៥០ យ៉ាត កុសល មកដល់តារាងបាល់ ប្រគល់កាហ្វេឱ្យអ្នកលេងបាល់ ហើយទើប​ក្រុមទី៣ របស់ អ.ប.ព. ចូលបង្ហាញលិខិត​នាំខ្លួន រួចបាននាំខ្លួន​ យ៉ាត កុសល មកដល់ អ.ប.ព. នៅម៉ោង ១៨៖៣៩។ យប់បន្តិច (ម៉ោង ២១:០០) អ្នកស្រី ភី គីម​សុង ភរិយា យ៉ាត កុសល បានមកដល់ អ.ប.ព. សួរនាំ​ពីប្តីរបស់ខ្លួន។

ក្រោយស្តាប់ចម្លើយ​ យ៉ាត កុសល រួចហើយ​ អ.ប.ព. បានប្រកាសឃាត់ខ្លួន យ៉ាត កុសល ដែលនៅពេលនោះ យ៉ាត កុសល មានជាប់នឹងខ្លួន ដែល អ.ប.ព. បានបញ្ចូនទៅតុលាការ៖

*ប្រាក់ ៩៣ ៧០០ រៀល (២ម៉ឺនរៀល ៤សន្លឹក, ៥ពាន់រៀល ពីរសន្លឹក និង១ពាន់រៀល ៣សន្លឹក, ៥រយរៀល មួយសន្លឹក និង១រយរៀល ពីរសន្លឹក)
*ទូរសព្ទដៃ Samsung Galaxy S10 មួយគ្រឿង
*កង់អគ្គិសនីក្រហមមូយគ្រឿង
*កាបូប​លុយម៉ាក Crocodile មួយ
*អត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរមួយ
*បណ្ណសម្គាល់យានយន្ត CRV ឈ្មោះ អៀប គឹមឡេង មួយ
*បណ្ណបើកបរឈ្មោះ យ៉ាត កុសល មួយ
*កាតធនាគារ J Trust មួយ
*កាតធនាគារ AMK មួយ
*បណ្ណ​ចាក់វ៉ាក់សាំងកូវីត មួយ
*វិក័យបត្រ​លក់កាហ្វេ 46 500រៀល ចុះថ្ងៃទី19 មេសា 2026 …

ពិតមែនតែ​ អ.ប.ព. មិនបានដឹងរឿងអស់ទាំងស្រុងពីឈ្មោះ យ៉ាត កុសល ដូចអ្នកស្រី ភី គីមសុង បានដឹងនោះទេ តែអ្នកស្រី ភី គីមសុង ក៏មិនបានដឹងអំពើខុសច្បាប់ប្រព្រឹត្តដោយប្តីអ្នកស្រី ដូច អ.ប.ព. និងសាមីខ្លួន យ៉ាត កុសល ព្រមទាំងតុលាការនោះទេ។

ការវាយប្រហារ​កិត្តិយសរបស់ អ.ប.ព. និងប្រព័ន្ធយុត្តិធម៌ តាមរូបភាព «បំភ្លឺ» របស់អ្នកស្រី ភី គីមសុង គឺជាការអះអាង ការទម្លាក់កំហុសដោយអសុទ្ធចិត្ត ដោយចេតនា នាំឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ នៃមន្រ្តី និងស្ថាប័ន អង្គភាពប្រឆាំងអំពើពុករលួយ ដ៏ធ្ងន់ធ្ងរ ដែលមិនអាចទទួលយកបាន៕