សមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំងនៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam

03-06-2026 16:44

(ប៉ៃលិន)៖ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ដោយអនុវត្តតាមការដឹកនាំបញ្ជាផ្ទាល់របស់លោកស្រីអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត, សមត្ថកិច្ចចម្រុះ កំពុងឡោមព័ទ្ធទីតាំងមួយកន្លែង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន ដែលសង្ស័យពាក់ព័ន្ធបទល្មើសបច្ចេកវិទ្យា (Online Scam) ដើម្បីពង្រឹងសន្តិសុខសង្គម និងបង្ក្រាបបទល្មើសបច្ចេកវិទ្យា ឱ្យអស់ពីមូលដ្ឋានក្នុងខេត្ត។

យុទ្ធនាការបន្តចុះត្រួតពិនិត្យរដ្ឋបាល និងបង្ក្រាប នៅតាមទីតាំងស្នាក់នៅប្រមូលផ្តុំ ឬទីតាំងសង្ស័យ និងការដាក់ប៉ុស្តិ៍ត្រួតពិនិត្យនៅតាមដងផ្លូវជាតិសំខាន់ៗក្នុងខេត្ត របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត គឺក្នុងគោលបំណង រឹតបន្តឹងនៃការអនុវត្តរបបសន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងខេត្តទាំងមូល ស្របតាមវិធានការចាំបាច់របស់រាជរដ្ឋាភិបាល ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ លើការងារគ្រប់គ្រងសុវត្ថិភាព តាមរយៈការលួចចូល មករស់នៅដោយខុសច្បាប់ នៅតាមទីតាំងរស់នៅប្រមូលផ្តុំរបស់ជនបរទេស តាមសណ្ឋាគារ ផ្ទះសំណាក់ រីសត ផ្ទះជួល ផ្ទះល្វែង និងទីតាំងកាស៊ីណូ ដើម្បីទប់ស្កាត់ និងបង្ក្រាបសកម្មភាពជួញដូរមនុស្ស ជាពិសេសបទល្មើសបច្ចេកវិទ្យា(Online Scam) ឱ្យមានប្រសិទ្ធភាពខ្ពស់។

ក្រោមគោលនយោបាយ និងឆន្ទៈដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ ច្បាស់លាស់ របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានកំពុងអនុវត្តច្បាប់ លើករណីឆបោកតាម ប្រព័ន្ធអនឡាញ (Online Scam) ដោយឃាត់ខ្លួនឧក្រិដ្ឋជន និងអ្នកពាក់ព័ន្ធ បញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោស និងអនុវត្តនីតិវិធី បណ្ដេញចេញទៅប្រទេសកំណើតវិញ៕