អភិបាលរាជធានីភ្នំពេញ បន្តជំរុញយ៉ាងម៉ឺងមាត់ ឱ្យអាជ្ញាធរខណ្ឌទាំង១៤ បំពេញការងារព្រមៗគ្នា ដោយប្ដេជ្ញាថា លុបបំបាត់បទល្មើស Online Scams ឱ្យអស់បទល្មើសក្នុងមូលដ្ឋានរបស់ខ្លួន
03-06-2026 16:54
(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យតាមទីតាំងសង្ស័យ ប្រព្រឹត្តបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន ៨២ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ៤៧៨នាក់ ក្នុងនោះ ជនបរទេសពុំមានលិខិតឆ្លងដែនចំនួន១០នាក់។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្រុមការងារ មិនបានឃើញបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះឡើយ។
នេះបើតាមលោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦។
លោកស្រីបន្តថា រដ្ឋបាលខណ្ឌទាំង១៤ បានធ្វើចុះត្រួតពិនិត្យតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារ អគារស្នាក់នៅរួមមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការគ្រប់គ្រងសន្ដិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្ដុំ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។
លោកស្រីអ្នកនាំពាក្យបានអះអាទៀតថា កន្លងមក និងបន្តទៅមុខទៀត គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញនៅតែជំរុញយ៉ាងម៉ឺងមាត់ ឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បំពេញការងារព្រមៗគ្នា ដោយប្ដេជ្ញាថា លុបបំបាត់ឱ្យអស់បទល្មើស ក្នុងមូលដ្ឋានរបស់ខ្លួនទាំងស្រុង។
លោកស្រី ដោ សម្ផស្ស បញ្ជាក់ទៀតថា សរុបជារួមក្នុងប្រតិបត្តិការត្រួតពិនិត្យ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារត្រួតពិនិត្យទីតាំងសរុបបាន ចំនួន៨២ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៤៧៨នាក់ (ស្រី១៤២នាក់) ពុំមានលិខិតឆ្លងដែនចំនួន១០នាក់។
ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បានអនុវត្តការផាកពិន័យ ចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំតាមអនុក្រឹត្យ លេខ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាល មាត្រា២០ ជំពូកទី៦ ស្ដីពីទណ្ឌកម្ម បានផាកពិន័យសរុប ចំនួន ៣ទីតាំងមនុស្សចំនួន៥នាក់ គិតជាថវិកាសរុបបានចំនួន ២០.០០០.០០០រៀល (ម្ភៃលានរៀល)៕















































