«ទឹកធ្លាក់ព្រែកស្វាយ» ជាសម្បត្តិធម្មជាតិលាក់ខ្លួននៅលើកោះរ៉ុង រង់ចាំភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅលេងកម្សាន្ត
03-06-2026 17:15
(ព្រះសីហនុ)៖ មានចម្ងាយជាង ៣គីឡូម៉ែត្រ ពីវត្តគិរីជលសាកោះរ៉ុង «ទឹកធ្លាក់ព្រែកស្វាយ» បាននិងកំពុងលាក់ខ្លួនសម្ងំប្រាណ រង់ចាំអ្នកទេសចរទៅលេងកម្សាន្ត។ ទឹកធ្លាក់ព្រែកស្វាយ ជាកំណប់ធម្មជាតិមួយទៀតដែលទេសចរភាគច្រើនមិនសូវបានស្គាល់ច្បាស់ តែមានសម្រស់ស្រស់ស្អាតគួរឱ្យចង់គយគន់។
ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ, ទឹកធ្លាក់នេះមិនត្រឹមតែជាទីកន្លែងកម្សាន្តដ៏ស្រស់ស្អាតសម្រាប់ភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាប្រភពទឹកសាបដ៏មានតម្លៃអស្ចារ្យ សម្រាប់ប្រជាពលរដ្ឋនៅលើកោះមួយដែលត្រូវបានហ៊ុំព័ទ្ធដោយទឹកប្រៃ។ ភាពស្រស់ស្អាត សោភណភាព និងទេសភាពធម្មជាតិជុំវិញទឹកធ្លាក់ បានបង្កើតជាបរិយាកាសដ៏ទាក់ទាញ ដែលអាចអភិវឌ្ឍទៅជាគោលដៅទេសចរណ៍ធម្មជាតិដ៏សំខាន់មួយរបស់កម្ពុជា។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀត គឺប្រភពទឹកសាបដ៏សម្បូរបែប ដែលកំពុងហូរធ្លាក់ចូលសមុទ្រជារៀងរាល់ថ្ងៃ។ ប្រសិនបើមានការសិក្សារៀបចំប្រព័ន្ធស្តុកទឹក ឬអាងរក្សាទឹកឱ្យបានសមស្រប នោះអាចក្លាយជាអត្ថប្រយោជន៍ដ៏ធំធេងសម្រាប់សហគមន៍មូលដ្ឋាន ទាំងការផ្គត់ផ្គង់ទឹកប្រើប្រាស់ ការអភិវឌ្ឍវិស័យទេសចរណ៍ និងការពង្រឹងជីវភាពរស់នៅរបស់ប្រជាកសិករបានផងដែរ។ ការអភិរក្ស និងការគ្រប់គ្រងប្រកបដោយចក្ខុវិស័យ អាចបម្លែងប្រភពទឹកសាបនេះឱ្យក្លាយជាទ្រព្យសម្បត្តិសាធារណៈដ៏មានតម្លៃសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយ។
កោះរ៉ុង មិនត្រឹមតែមានសមុទ្រស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមាន «កំណប់ធម្មជាតិលាក់មុខ» ដែលកំពុងរង់ចាំការសិក្សា ការអភិវឌ្ឍ និងការយកចិត្តទុកដាក់ ដើម្បីឱ្យធនធានទាំងនោះក្លាយជាកម្លាំងជំរុញសេដ្ឋកិច្ច ទេសចរណ៍ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋមូលដ្ឋាន និងអាចបន្ថែមប្រាក់ចំណូលដល់ជាតិផងដែរ៕












































