ទេសរដ្ឋមន្រ្តី គន់ គីម៖ ពលរដ្ឋភៀសសឹកជិត ៣ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល (Video inside)
03-06-2026 17:21
(បន្ទាយមានជ័យ)៖ ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា ក្នុងចំណោមប្រជាពលរដ្ឋភៀសសឹកប្រមាណ៣ពាន់គ្រួសារ មកទល់ពេលនេះមានផ្ទះបណ្តោះអាសន្ន ចំនួនជាង២ពាន់ខ្នង បានសាងសង់រួចរាល់ជាស្ថាពរ បូករួមជាមួយការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ទឹក និងអគ្គិសនី ក្រោមការគិតគូរ និងដឹកនាំយ៉ាងយកចិត្តទុកដាក់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងតាមរយៈក្រសួង-ស្ថាប័នពាក់ព័ន្ធទើបសម្រេចលទ្ធផលយ៉ាងល្អប្រសើរ។
បន្ថែមលើសពីនេះ ដើម្បីជួយគាំទ្រដល់ជីវភាពប្រចាំ ពិសេសអាជីវករដែលមានមុខរបរ ទេសរដ្ឋមន្រ្តី គន់ គីម បញ្ជាក់ថា ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចាប់ផ្តើមរៀបចំផ្សារបណ្តោះអាសន្ន ជូនប្រជាពលរដ្ឋភៀសសឹក ដើម្បីបងប្អូនមានទីតាំងលក់ដូរជាលក្ខណៈប្រមូលផ្តុំ ដែលនៅបរិវេណជិតផ្ទះបណ្តោះអាសន្នក្នុងភូមិសាស្រ្តខាងលើ។
ផ្សារបណ្តោះអាសន្ននេះ គឺជាផែនការសកម្មភាពដោះស្រាយជាជំហានៗរបស់រាជរដ្ឋាភិបាល ដើម្បីឲ្យអាជីវករជាប្រជាពលរដ្ឋភៀសសឹកទទួលបានទីតាំងលក់សមរម្យ មានសណ្តាប់ធ្នាប់ របៀបរៀបរយ និងអនាម័យ៕























