កសិដ្ឋានចិញ្ចឹមគោ នៅស្រុកស្នួល រយៈពេល១០ឆ្នាំ ពីការចិញ្ចឹមគោ៤ក្បាល កើនឡើងជាង៣០០ក្បាល រហូតក្លាយទៅជាសហគ្រាសផលិតចំណីសត្វ លក់លើទីផ្សារ
03-06-2026 17:23
(ក្រចេះ)៖ កសិដ្ឋានចិញ្ចឹមគោមួយកន្លែង នៅចំណុចគីឡូម៉ែត្រ៩២ ស្ថិតក្នុងឃុំពីរធ្នូ ស្រុកស្នូល ខេត្តក្រចេះ បានចាប់ផ្ដើមពីការចិញ្ចឹមគោបួនក្បាល ក្នុងរយៈពេល១០ឆ្នាំ រហូតបានពង្រីកខ្លួន កើនឡើងដល់ជាង ៣០០ក្បាលសម្រាប់ ការចិញ្ចឹមគោយកសាច់លក់ផ្គត់ផ្គង់នៅលើទីផ្សារសព្វថ្ងៃនេះ។
លោក ឆាយ ប៉ាង ម្ចាស់កសិដ្ឋានខាងលើនេះ បានបញ្ជាក់ថា កសិដ្ឋានរបស់លោកបានចាប់ផ្ដើមការចិញ្ចឹមគោ សាកល្បងយកសាច់លើកដំបូងចំនួន៤ក្បាលប៉ុណ្ណោះ បន្ទាប់ពីការសាកល្បងបានទទួលលទ្ធផលល្អ លោកក៏ចាប់ផ្ដើមដាក់ទុនពង្រីកបន្ថែម រហូតអភិវឌ្ឍន៍ខ្លួនទៅជាសហគ្រាសផលិតចំណីសត្វ ឈ្មោះ «ដង្ខៅ ប៉ាង» ដែលសព្វថ្ងៃកសិដ្ឋានមួយនេះ ចិញ្ចឹមគោយកសាច់រហូតជាង៣០០ក្បាល ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងបន្តចែកចាយទៅតាមបណ្ដាខេត្តផ្សេងទៀតផងដែរ។
ម្ចាស់កសិដ្ឋានខាងលើ បានបញ្ជាក់ថា នៅក្នុងដំណើរការចិញ្ចឹមគោនៅក្នុងកសិដ្ឋានមួយនេះ មានគោសាច់ ជិត៣០០ក្បាល និងគោពូជជាង 50ក្បាល គឺបានរៀបចំទ្រង់ខណ្ឌដាច់ដោយឡែកពីគ្នាចំនួន៤កន្លែង ដោយមានរៀបចំប្រព័ន្ធភ្លើងទឹក ដោយមានអ្នកមើលថែប្រចាំថ្ងៃ សម្រាប់ដាក់ចំណីអាហារ រួមទាំងពេទ្យសត្វចំនួន៤នាក់នៅប្រចាំការផងដែរ។
តាមបទពិសោធន៍របស់លោកដែលទទួលបានក្នុងរយៈពេល ១០ឆ្នាំនេះ បានបង្ហាញអំពីការថែទាំនឹងបំប៉នរយៈពេលខ្លីដើម្បីឆាប់បានលក់នៅលើកទីផ្សារ លោកថា ជាទូទៅគោ គឺចិញ្ចឹមឲ្យស្មៅនិងចម្បើង ប៉ុន្តែដើម្បីបំប៉នរយៈពេលខ្លីឲ្យសាច់មានគុណភាព គឺត្រូវតែប្រើចំណីសម្រេចបន្ថែម ក្នុងរយៈពេល៣ទៅ៤ខែ បញ្ចេញលក់ក៏ទៅតាមទីផ្សារ ដែលមានអតិថិជនកម្មង់ទិញ នៅទីផ្សារក្នុងស្រុកក៏ដូចជាតាមបណ្ដាខេត្ត តម្លៃ១២,៥០០ ទៅ១៣,០០០ ក្នុងមួយគីឡូ។
សម្រាប់ចំណីដែលកសិដ្ឋានបានប្រើប្រាស់រាល់ថ្ងៃគឺបើផលិតកែច្នៃដោយខ្លួនឯង ពីវត្ថុធាតុដើមដែលប្រមូលចេញពីកសិករ ទុកសម្រាប់ប្រើប្រាស់ជាចំណី នៅក្នុងកសិដ្ឋានរបស់ខ្លួនរហូតទទួលបានជោគជ័យ ពង្រីកក្លាយទៅជាសហគ្រាសផលិតចំណីសត្វដែលមានឈ្មោះថាដង្ខៅប៉ាង សម្រាប់លក់ចែកចាយទីផ្សារ នៅក្នុងស្រុកផងនិងទីផ្សារនៅតាមបណ្ដាលខេត្តទូទាំងប្រទេសដោយមានការចុះបញ្ជីការត្រឹមត្រូវពីក្រសួងពាក់ព័ន្ធ។
តាមរយៈភាពជោគជ័យការចិញ្ចឹមគោរបស់ម្ចាស់កសិដ្ឋានខាងលើ ក៏បានលើកទឹកចិត្ត ដល់កសិករដែលមានបំណងចង់ចិញ្ចឹមគោយកសាច់ គឺមិនចាំបាច់តែបងប្អូនមានទន់ធំ អាចចិញ្ចឹមបាននោះទេ ពីព្រោះវាជាការងារបន្ទាប់បន្សំក្រៅពីការងារស្នូលជាមន្ត្រីរាជ ការងារជាកងកម្លាំង ឬជាអ្នករកស៊ីអ្វីក៏ដោយ ពីព្រោះនៅក្នុងការចិញ្ចឹមសត្វ គឺសត្វគោមានភាពងាយស្រួលជាងគេ ហើយក៏ធុញនឹងជំងឺជាងគេដែរ គ្រាន់តែរៀបចំដាក់ទ្រុងឲ្យបានត្រឹមត្រូវ ដាក់ចំណីមួយថ្ងៃតែពីរដង និងមានចំណីសម្រេចបន្ថែមដើម្បីបំប៉ន មានដីអាចដាំស្មៅខ្លះទៀត ទុកអាចចាប់ផ្ដើមការចិញ្ចឹមពង្រីកពីមួយឆ្នាំទៅមួយឆ្នាំរហូតដល់អាចមានទុនបន្ថែម អាចបើកជាកសិដ្ឋានដោយខ្លួនឯងបាន៕










