ព្រឹត្តិការណ៍កសិកម្មដ៏ធំបំផុតលើកទី២! វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE26) នឹងរៀបចំប្រព្រឹត្តទៅនៅថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៦ខាងមុខនេះ
03-06-2026 17:46
(ភ្នំពេញ)៖ លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារៀបចំកម្មវិធី «ផ្សព្វផ្សាយវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE26)» ដោយមានការចូលរួមពី អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា(FAO) អង្គការសង្គមស៊ីវិល តំណាងក្រុមហ៊ុនឯកជន ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធប្រមាណជិត១០០នាក់ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE26) ដែលនឹងផ្តល់ឱកាសឱ្យអ្នកចូលរួមស្វែងយល់ពីបច្ចេកវិទ្យាទំនើបៗ ផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងកិច្ចសហការដើម្បីជំរុញវិស័យកសិកម្មឱ្យកាន់តែរីកចម្រើន។
ទន្ទឹមនឹងនោះ លោក ប្រាក់ ដាវីដ បានលើកឡើងពីជោគជ័យ នៃការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះ កាលពីលើកទី១ ក្នុងឆ្នាំ២០២៥ ដែលសរបញ្ជាក់ឱ្យឃើញថាព្រឹត្តិការណ៍នេះ មិនត្រឹមតែជាការដាក់បង្ហាញផលិតផលនោះទេ ប៉ុន្តែជាឱកាសនៃការផ្លាស់ប្តូរគំនិត បង្កើតទំនាក់ទំនងធុរកិច្ចថ្មីៗ និងពង្រឹងសមត្ថភាពប្រកួតប្រជែងទាំងក្នុងទីផ្សារក្នុងស្រុក និងឆាកអន្តរជាតិ។ លោកសូមលើកទឹកចិត្តឱ្យអ្នកពាក់ព័ន្ធទាំងអស់ បន្តចូលរួមគាំទ្រឱ្យបានច្រើនជាងឆ្នាំមុនបន្ថែមទៀត។
តាមគម្រោងព្រឹត្តិការណ៍ វេទិកាពិព័រណ៍កសិកម្មកម្ពុជា(CAFE26) ដែលដឹកនាំរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) និងដោយមានការចូលរួមសហការពីក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជននានា នឹងរៀបចំប្រព្រឹត្តទៅនៅថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ៕














