Fresh Exclusive: សង្គ្រាមចម្លែក៖ ពេលថ្ងៃចរចា ពេលយប់បាញ់គ្នា (Video inside)
03-06-2026 17:52
(ភ្នំពេញ)៖ នៅពេលដែលគ្រាប់មីស៊ីល កំពុងហោះកាត់លើមេឃនៃឈូងសមុទ្រ «ពែ័ក» (Persian Gulf) ហើយ Drone កំពុងត្រូវបាញ់ទម្លាក់ នៅលើអាកាសនៃប្រទេសគុយវ៉ែត (Kuwait) និង បារ៉េន (Bahrain) ពិភពលោក កំពុងឃើញស្ថានភាពចម្លែកមួយដែលកម្រកើតមានក្នុងប្រវត្តិសាស្ត្រសង្គ្រាមសម័យទំនើបនេះ៖ ពេលថ្ងៃគេចរចា ពេលយប់គេបាញ់គ្នា។
ជិត១០០ថ្ងៃមកនេះ សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ មិនបានវិវត្តទៅជាសង្គ្រាមពេញលេញ ហើយក៏មិនបានវិលត្រឡប់ទៅរកសន្តិភាពណាមួយដែរ។ ផ្ទុយទៅវិញ វាកំពុងស្ថិតក្នុងស្ថានភាពដែលអ្នកវិភាគជាច្រើនហៅថា ការចរចាក្រោមសម្លេងគ្រាប់មីស៊ីល។
សង្គ្រាមពេលនេះ មិនមែនជាសង្គ្រាម ដែលអាចវាយផ្តួលគូប្រជែង ឱ្យដួលរលំភ្លាមៗនោះទេ ។ វាជាសង្គ្រាមដើម្បីបង្កើនអំណាចចរចា និងបង្ខំឱ្យភាគីម្ខាងទៀត ទទួលយកលក្ខខណ្ឌដែលខ្លួនមិនចង់បាន។
*សង្គ្រាមរវាងការបង្កើនសម្ពាធ និងភាពអត់ធ្មត់មិនឱ្យផ្ទុះពេញទំហឹង
ការវាយប្រហារថ្មីៗលើកោះ Qeshm, ការបាញ់គ្រាប់មីស៊ីល Hellfire ដាក់លើនាវាដឹកប្រេង និងការវាយតបរបស់អ៊ីរ៉ង់ទៅលើប្រទេស Kuwait និង ប្រទេស Bahrain បានបង្ហាញយ៉ាងច្បាស់ថា សង្គ្រាមនេះកំពុងពង្រីកទៅកាន់តំបន់ឈូងសមុទ្ទទាំងមូល។
ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍គឺ ភាគីទាំងពីរ ហាក់ដូចជាកំពុង “គ្រប់គ្រង” កម្រិតនៃសង្គ្រាមទាំងសងខាងដោយមិនចង់ឱ្យវាផ្ទុះធំដោយពេញលេញឡើយ។
សហរដ្ឋអាមេរិកបាននិយាយថា ការវាយប្រហារលើកោះ Qeshm របស់អ៊ីរ៉ង់ គឺជាប្រតិបត្តិការ ការពារខ្លួន ខណៈទីបញ្ជាការ CENTCOM របស់អាមេរិក បញ្ជាក់ថា កងទ័ពអាមេរិក «នៅតែមានការប្រុងប្រយ័ត្ន និងត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារប្រឆាំងនឹងអំពើឈ្លានពានរបស់អ៊ីរ៉ង់»។
ទន្ទឹមនឹងនេះ អ៊ីរ៉ង់ ក៏បានព្រមានទៅវិញថា «រាល់ការឈ្លានពានណាមួយបន្ថែមមកទៀត នឹងត្រូវឆ្លើយតប ដោយវិធានការខុសពីមុន និងកាន់តែធ្ងន់ធ្ងរជាងមុន»។
សម្តីព្រមានដាក់គ្នាទៅវិញទៅមកនេះ បង្ហាញថា ភាគីទាំងពីរ កំពុងប្រើភាសាគំរាម ច្រើនជាងការ ប្រើភាសា រកការបញ្ចប់សង្គ្រាម។ ពួកគេកំពុងបង្កើនសម្ពាធ ប៉ុន្តែមិនទាន់ចង់ឆ្លងកាត់ដំណាក់កាលចុងក្រោយ ដែលនឹងអាចនាំឱ្យតំបន់មជ្ឈិមបូព៌ាទាំងមូល ផ្ទុះជាសង្គ្រាមពាសពេញតំបន់ឡើយ។
នៅក្នុងសង្គ្រាមបែបនេះ មីស៊ីល និង ដ្រូន មិនមែនគ្រាន់តែជាអាវុធយោធាទេ ប៉ុន្តែជាអាវុធនយោបាយ និងអាវុធចរចា។
សហរដ្ឋអាមេរិក វាយប្រហារលើកោះ Qeshm ដើម្បីចង់បញ្ជូនសារថា ខ្លួនអាចបង្កផលប៉ះពាល់ដល់សមត្ថភាពយោធារបស់អ៊ីរ៉ង់ និងអាចគ្រប់គ្រងស្ថានការណ៍នៅច្រក Hormuz បាន។ ចំណែកអ៊ីរ៉ង់ ដែលបានឆ្លើយតបជាមួយការវាយប្រហារលើមូលដ្ឋានអាមេរិកក្នុងប្រទេសនៅមជ្ឈិមបូព៌ា ក៏ជាសារមួយដែលចង់បញ្ជាក់ថា មូលដ្ឋានអាមេរិក និងសម្ព័ន្ធមិត្តរបស់ក្រុងវ៉ាស្ហ៊ីនតោន ក៏មិនអាចមានសុវត្ថិភាពពេញលេញបានឡើយ នៅពេលដែលការវាយប្រហារដាក់មកលើអ៊ីរ៉ង់នៅតែបន្ត។បើនិយាយឱ្យចំ សង្គ្រាមពេលនេះ គឺជាការចរចាដោយប្រើមីស៊ីលជាភាសាឆ្លើយឆ្លង ជំនួសនូវភាសាការទូត។
*ការចរចាក្រោមស្រមោលនៃសង្គ្រាម
អ្វីដែលធ្វើឱ្យសង្គ្រាមនេះខុសពីសង្គ្រាមបុរាណ គឺការចរចានៅតែបន្ត ទោះកំពុងមានការវាយប្រហារស្ទើរជារៀងរាល់ថ្ងៃ ដាក់គ្នាក៏ដោយ។
ប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា ការចរចាជាមួយអ៊ីរ៉ង់ «ចេះតែនៅបន្ត»ប៉ុន្តែព្រមានថា «គ្មានអ្នកណាអាចដឹងថា តើវានឹងបញ្ចប់បែបណាឡើយ»។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ក៏បានបញ្ជាក់ជាមួយគ្នាដែរថា Washington នឹងពិចារណាបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ចដល់អ៊ីរ៉ង់ លុះត្រាណាតែរដ្ឋាភិបាលក្រុងតេហេរ៉ង់ ព្រមផ្តល់ការបន្ធូរបន្ថយលើកម្មវិធីនុយក្លេអ៊ែរ របស់ខ្លួន។
ប៉ុន្តែនៅម្ខាងទៀតនោះវិញ មន្ត្រីដឹកនាំការចរចារបស់អ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បានព្រមានថា ក្រុងតេហេរ៉ង់ អាច «បោះបង់ចោលការចរចាជាមួយសហរដ្ឋអាមេរិក ហើយឈានទៅរកការប្រឈមមុខដាក់គ្នា» ប្រសិនបើការវាយប្រហាររបស់អ៊ីស្រាអែល លើ ប្រទេសលីបង់ នៅតែបន្ត។
សម្តីព្រមានដាក់គ្នាទៅវិញទៅមកនេះ កំពុងបង្ហាញថាលក្ខខណ្ឌក្នុងការឈានទៅរកសន្តិភាព មានភាពស្មុគស្មាញ និង ប្រទាក់ក្រឡាគ្នាជាខ្លាំង។ ហើយភាសាពិតប្រាដកដែលសហរដ្ឋអាមេរិក និង អ៊ីរ៉ង់កំពុងប្រើដាក់គ្នា គឺការប្រើសម្ពាធយោធា ដើម្បីបង្កើនអំណាចនៅតុចរចា។
នេះគឺជាអ្វី ដែលការចរចាកំពុងស្ថិតក្រោមភ្លើងសង្គ្រាម ដែលជាអត្ថន័យដ៏ពិតប្រាកដរបសវា។
*ច្រក Hormuz: អាវុធសេដ្ឋកិច្ចដ៏ពិតប្រាកដ
ចំណុចសំខាន់បំផុតមួយនៃសង្គ្រាមនេះ គឺច្រក Hormuz។ Hormuz មិនមែនត្រឹមតែជាច្រកសមុទ្រទេ ប៉ុន្តែជាអាវុធសេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់អ៊ីរ៉ង់ ដែលប្រេង និងឧស្ម័នរាវធម្មជាតិ LNG រាប់លានបារ៉ែលក្នុងមួយថ្ងៃ ត្រូវឆ្លងកាត់នៅទីនោះ។ ការរំខានតិចតួចនៅទីនោះ ក៏អាចធ្វើឱ្យទីផ្សារពិភពលោក រងការភ័យខ្លាច និងធ្វើឱ្យតម្លៃថាមពលឡើងខ្ពស់ភ្លាមៗបានដែរ។
អ្នកវិភាគ Alan Eyre បាននិយាយថា ការបិទច្រក Hormuz កំពុង «បង្កើតសម្ពាធបន្ទាន់ និង សម្ពាធកាន់តែបន្ថែម លើទីផ្សារពិភពលោក»។ សម្តីនេះ មានន័យថា អ៊ីរ៉ង់ប្រហែលមិនអាចឈ្នះសហរដ្ឋអាមេរិកដោយយោធាបានទេ ប៉ុន្តែវាអាចធ្វើឱ្យពិភពលោកទាំងមូល “ឈឺចាប់” តាមរយៈការបិទច្រកសេដ្ឋកិច្ចពិភពលោកនេះ។
សម្រាប់សហរដ្ឋអាមេរិក ការបិទច្រក Hormuz ឬការរំខានផ្លូវដឹកជញ្ជួនទំនិញតាមច្រកសមុទ្ទ នេះ អាចបង្កសម្ពាធសេដ្ឋកិច្ច និងនយោបាយយ៉ាងធ្ងន់ធ្ងរ។ នៅពេលដែលតម្លៃប្រេងឡើងខ្ពស់ អតិផរណាក៏ខ្ពស់ និងភាពមិនស្ថិតស្ថេរ នៃទីផ្សារហិរញ្ញវត្ថុ អាចប៉ះពាល់ដល់ស្ថានភាពនយោបាយក្នុងស្រុករបស់សហរដ្ឋអាមេរិក និងប៉ះពាល់ដល់ប្រជាប្រីយភាព នៃការដឹកនាំរបស់លោកដូណាល់ ត្រាំ នៅក្នុងសហរដ្ឋអាមេរិកផងដែរ។
ដូច្នេះហើយ ទើបសហរដ្ឋអាមេរិក កំពុងព្យាយាមរក កិច្ចព្រមព្រៀង មួយ ទោះបីជាកំពុងវាយប្រហារយោធាក៏ដោយ។
*គ្មានអ្នកចង់ចាញ់គ្នុងសង្គ្រាមនេះឡើយ
ប៉ុន្តែបញ្ហាធំបំផុតក្នុងពេលនេះ គឺគ្មានអ្នកណាចង់ចាញ់ក្នុងសង្គ្រាមនេះឡើយ។ អ៊ីរ៉ង់មិនអាច ចុះចាញ់ ចំពោះអាមេរិកបានទេ ពីព្រោះ វានឹងប៉ះពាល់ដល់ភាពស្របច្បាប់នៃរបបដឹកនាំ និងមុខមាត់នយោបាយក្នុងស្រុក និង តំបន់ទាំងមូល។ មេដឹកនាំអ៊ីរ៉ង់បានបញ្ជាក់ជាបន្តបន្ទាប់ថា នឹងមិនមាន «ការចុះចាញ់របស់អ៊ីរ៉ង់ចំពោះសហរដ្ឋអាមេរិក» ឡើយ។
ចំណែកសហរដ្ឋអាមេរិកវិញ ក្នុងពេលដែលសង្គ្រាមជាមួយអ៊ីរ៉ង់ បានអូសបន្លាយប្រមាណជិត ១០០ថ្ងៃរួចមកនេះ ក៏មិនចង់បាត់បង់ឥទ្ធិពលរបស់ខ្លួនបានដែរបើសិនជាមិនបានការធ្វើសម្បទានពីអ៊ឺរ៉ង់លើកម្មវិធីនុយក្លេអ៊ែ័រនោះទេ។ លោក Trump ត្រូវការកិច្ចព្រមព្រៀងមួយដែលអាចបង្ហាញថា Washington អាចបង្ខំឱ្យ អ៊ីរ៉ង់ ត្រូវផ្លាស់ប្តូរជំហរ។
ចំណែកប្រទេសអ៊ីស្រាអែល ក៏ដូចគ្នា។ រដ្ឋាភិបាលក្រុង Tel Aviv មិនចង់បញ្ឈប់សង្គ្រាមនៅពាក់កណ្តាលផ្លូវ ខណៈដែលក្រុម Hezbollah នៅតែអាចបាញ់តបដាក់អ៊ីស្រាអែល និង អ៊ីរ៉ង់នៅតែរក្សាសមត្ថភាពវាយប្រហាររបស់ខ្លួនបានឡើយ។
ដូច្នេះ សង្គ្រាមនេះ មិនអាចត្រូវបានបញ្ចប់ភ្លាមបានទេ ទោះបីភាគីទាំងពីរ មិនចង់ឈ្នះទាំងស្រុងក៏ដោយ ពីព្រោះពេលនេះ ទាំងសហរដ្ឋអាមេរិក អ៊ីស្រាអែល និង អ៊ីរ់ង់ គ្មានអ្នកណាចង់ចាកចេញពីការធ្វើសង្គ្រាមនេះ ដោយបាត់បង់មុខមាត់របស់ពួកគេឡើយ។ នេះហើយជាចំណុចគ្រោះថ្នាក់បំផុត។
នៅពេលដែល “ការរក្សាមុខមាត់” ក្លាយជារឿងសំខាន់ជាង “ការបញ្ចប់សង្គ្រាម” សង្គ្រាមអាចបន្តយូរជាងអ្វីដែលគេរំពឹងទុក។
សេចក្តីសន្និដ្ឋាន៖
ជិត១០០ថ្ងៃមកនេះ សង្គ្រាមអាមេរិក-អ៊ីរ៉ង់ បានបង្ហាញការផ្លាស់ប្តូរធំមួយនៃសង្គ្រាមសម័យទំនើប។ សង្គ្រាមពេលនេះ មិនមែនជាសង្គ្រាមដែលមានអ្នកឈ្នះ និងអ្នកចាញ់ច្បាស់ៗដូចអតីតកាលទៀតទេ។ វាគឺជាសង្គ្រាមនៃសម្ពាធ ការគំរាម ការអត់ធ្មត់ និងការចរចា។
ពេលថ្ងៃ ភាគីទាំងពីរ និយាយអំពីសន្តិភាព។ ប៉ុន្តែពេលយប់ ពួកគេបាញ់មីស៊ីលដាក់គ្នាទៅវិញទៅមក។
ដូច្នេះ នៅចន្លោះសង្គ្រាម និងសន្តិភាពនោះ គឺពិភពលោកទាំងមូល ដែល ក្លាយជាអ្នកទទួលផលប៉ះពាល់មិនអាចគេចរួចបានឡើយ៕
























