បណ្ឌិត ខែក វីរៈ៖ តើប៉េកាំងកំពុងក្លាយជាមជ្ឈមណ្ឌលការទូតពិភពលោកថ្មីដែរឬទេ?
03-06-2026 19:18
(ភ្នំពេញ)៖ នៅក្នុងរយៈពេលត្រឹមតែប្រាំខែដំបូងនៃឆ្នាំ២០២៦ ពិភពលោកបានឃើញបាតុភូតការទូតថ្មីដ៏គួរឱ្យចាប់អារម្មណ៍មួយ នោះគឺការធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងរបស់មេដឹកនាំជាច្រើនមកពីតំបន់ផ្សេងៗនៃពិភពលោក។ ស្របពេលដែលមេដឹកនាំចិន មិនទាន់បានចេញទៅប្រទេសណាមួយឡើយពាក់កណ្តាលឆ្នាំ២០២៦នេះ។ បើយោងតាមសារព័ត៌មាន Financial Times ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២៦ លោក ស៊ី ជីនពីង បានទទួលមេដឹកនាំបរទេសជាង ២០រូប រួមមានមេដឹកនាំមកពីសហរដ្ឋអាមេរិក រុស្ស៊ី ចក្រភពអង់គ្លេស កាណាដា ប៉ាគីស្ថាន និងប្រទេសជាច្រើនទៀត។ ក្នុងចំណោមមេដឹកនាំទាំងនោះ មានទាំងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Keir Starmer នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif ព្រមទាំងមេដឹកនាំមកពីអាហ្វ្រិក អាមេរិកឡាទីន និងអឺរ៉ុបជាច្រើនទៀត។ វត្តមានមេដឹកនាំធំៗទាំងនោះក្នុងទឹកដីចិនបានធ្វើឱ្យអ្នកវិភាគមួយចំនួនចាប់ផ្តើមសួរសំណួរថា តើប៉េកាំងកំពុងក្លាយជាមជ្ឈមណ្ឌលការទូតថ្មីរបស់ពិភពលោកដែរឬទេ? លោកបណ្ឌិត ខែក វីរៈ អ្នកជំនាញភូមិសាស្រ្តនយោបាយ បានបង្ហាញការកត់សម្គាល់ថា ភាគច្រើននៃទស្សនកិច្ចទាំងនេះបានកើតឡើងនៅក្នុងបរិបទដែលលោក ស៊ី ជីនពីង មិនបានធ្វើដំណើរទៅក្រៅប្រទេសច្រើនដូចមុនឡើយ។ ផ្ទុយទៅវិញ មេដឹកនាំពិភពលោកជាច្រើនបានធ្វើដំណើរមកកាន់ប៉េកាំងដើម្បីជួបលោកដោយផ្ទាល់។ ពិតហើយបើយើងមើលពីជ្រុងពីនៃទស្សនៈភូមិសាស្ត្រនយោបាយ បាតុភូតនេះអាចត្រូវបានបកស្រាយថា ជាសញ្ញាមួយនៃការកើនឡើងនៃឥទ្ធិពលរបស់ចិនក្នុងនាមជាមជ្ឈមណ្ឌលអំណាចសេដ្ឋកិច្ច និងការទូតសកល។ ប្រទេសជាច្រើន មិនថាជាសម្ព័ន្ធមិត្តរបស់អាមេរិក ឬជាប្រទេសកំពុងអភិវឌ្ឍន៍នោះទេ សុទ្ធតែយល់ថា ការរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយចិន គឺជាកត្តាសំខាន់សម្រាប់ផលប្រយោជន៍សេដ្ឋកិច្ច និងយុទ្ធសាស្ត្ររបស់ខ្លួន។ អ្នកជំនាញភូមិសាស្រ្តនយោបាយខាងលើបានបន្តថា ប្រសិនបើក្នុងអំឡុងសង្គ្រាមត្រជាក់ និងក្រោយសង្គ្រាមត្រជាក់ វ៉ាស៊ីនតោន និងទីក្រុងសំខាន់ៗនៅអឺរ៉ុបត្រូវបានចាត់ទុកជាមជ្ឈមណ្ឌលនៃការសម្រេចចិត្តអន្តរជាតិ នោះនៅដើមឆ្នាំ២០២៦ ប៉េកាំងហាក់ដូចជាកំពុងបង្ហាញខ្លួនជាចំណុចប្រសព្វថ្មីនៃការទូតពិភពលោកអញ្ចឹងដែរ។ ទស្សនកិច្ចរបស់លោក ត្រាំ និងលោក ពូទីន ទៅកាន់ចិនក្នុងរយៈពេលប្រហាក់ប្រហែលគ្នា បានបង្ហាញថា ទាំងមហាអំណាចលោកខាងលិច និងមហាអំណាចអឺរ៉ាស៊ី សុទ្ធតែយល់ថា ចិនគឺជាតួអង្គដែលមិនអាចរំលងបានក្នុងការដោះស្រាយបញ្ហាសំខាន់ៗរបស់ពិភពលោក មិនថាពាក់ព័ន្ធនឹងពាណិជ្ជកម្ម សន្តិសុខ ថាមពល អ៊ុយក្រែន តៃវ៉ាន់ ឬស្ថិរភាពសេដ្ឋកិច្ចពិភពលោកឡើយ។ បើទោះជាមានការកើនឡើងនៃតួនាទីដ៏សំខាន់របស់ប៉េកាំង មិននេះនៅហាក់មិនទាន់មានន័យថា ចិនអាចជំនួសសហរដ្ឋអាមេរិកក្នុងតួនាទីជាមហាអំណាចដឹកនាំពិភពលោកនោះទេ។ ស្ថានភាពនេះ វាបង្ហាញពីនិន្នាការនៃការផ្លាស់ប្តូរពីប្រព័ន្ធឯកប៉ូល (Unipolarity) ទៅកាន់ប្រព័ន្ធពហុប៉ូល (Multipolarity) ដែលមជ្ឈមណ្ឌលអំណាចជាច្រើនកំពុងកើតមានឡើងក្នុងពេលតែមួយ។ ក្នុងន័យនេះ ប៉េកាំងកំពុងក្លាយជាមជ្ឈមណ្ឌលអំណាចដ៏សំខាន់មួយ ប៉ុន្តែមិនមែនជាមជ្ឈមណ្ឌលតែមួយគត់នោះទេ។ ហេតុនេះហើយ ទើបមានអ្នកវិភាគមួយចំនួនបានលើកជាសំណួរថា៖ «ពីមុនសម័យសង្គ្រាមលោកលើកទី២មាន «យ៉ាល់តា» ក្នុងឆ្នាំ១៩៤៥ ចុះ «ប៉េកាំង» ឆ្នាំ២០២៦ តើពិភពលោកកំពុងឃើញការផ្លាស់ទីមជ្ឈមណ្ឌលអំណាច ដោយប្តូរទិសដៅពីអាត្លង់ទិកមកកាន់អាស៊ីដែរឬទេ?»។ បើតាមលោកបណ្ឌិត ខែក វីរៈ វាហាក់បីដូចជាលឿនពេក ក្នុងការផ្តល់ចម្លើយច្បាស់លាស់ណាមួយក្នុងទិដ្ឋភាពនេះ ប៉ុន្តែគេក៏មិនអាចប្រកែកបានឡើយថា ការប្រមូលផ្តុំមេដឹកនាំពិភពលោកនៅប៉េកាំងក្នុងដើមឆ្នាំ២០២៦ គឺពិតជាបាតុភូតភូមិសាស្ត្រនយោបាយដ៏សំខាន់មួយ ដែលអាចជាសញ្ញាបង្ហាញពីការផ្លាស់ប្តូរទម្ងន់នៃអំណាច និងការទូតសកលពីតំបន់អាត្លង់ទិកទៅកាន់តំបន់អាស៊ីបន្តិចម្តងៗ។ ១.ការកើនឡើងនៃឥទ្ធិពលរបស់ចិន បើនិយាយពីចិនប្រជាជនខ្មែរស្ទើរមួយប្រទេសស្គាកល់ស្គាល់ចិនប្បាស់ណាស់ មនុស្សវ័យកណ្តាលភាគច្រើនធ្វើស្គាល់តាមរយៈខ្សែភាពយន្តបុរាណរបស់ចិន មើលរឿងចិនសម័យហុងកុង ឯអ្នករកស៊ីវិញច្បាស់ជាស្គាល់តាមរយៈសម្ភារៈប្រើប្រាស់ និងស្គាល់ពេលឃើញខ្មែរកាត់ចិន សែនពេលបុណ្យចូលឆ្នាំចិន ស្របពេលយុវវ័យសម័យថ្មី ស្គាល់តាមរយៈខ្សែភាពយន្តចិនខ្លីៗដោយអេអាយ និងតាមមធ្យោបាយច្ចេកវិទ្យាដែលជាបណ្តាញសង្គមចិន TikTok, WeChat សេវាកម្មដឹកជញ្ជូនអាហារតាមក្រុមហ៊ុនផេនដា ដែលផ្ទុះខ្លាំងក្រោយពេលកូវីដ និងតាក់ស៊ីចិនដូចជា វ៉ៅណោជាដើម។ ទឡ្ហីករណ៍ទាំងអស់នេះ ជាភស្តុតាមថ្មីមួយបន្ថែមទៀតដែលជាចំណែកនៃអំណាចទន់របស់ចិនក្នុងកម្ពុជានិយាយដោយឡែក និងក្នុងពិភពលោកទាំងមូលនិយាយជារួម។ ពិតមែនហើយ ការកើនឡើងរបស់សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានចាត់ទុកថាជាបាតុភូតភូមិសាស្ត្រនយោបាយដ៏សំខាន់បំផុតមួយក្នុងសតវត្សទី២១។ ចាប់តាំងពីការចាប់ផ្តើមគោលនយោបាយកំណែទម្រង់ និងបើកទូលាយ (Reform and Opening Up) ក្រោមការដឹកនាំរបស់លោក តេង ស៊ាវពីង (Deng Xiaoping) ក្នុងឆ្នាំ១៩៧៨មក ចិនបានផ្លាស់ប្តូរខ្លួនចេញពីប្រទេសក្រីក្រ និងឯកោ ទៅជាមហាអំណាចសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក។ គេមើលឃើញថាក្នុងរយៈពេលជាងបួនទសវត្សរ៍ ចិនសម្រេចបានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស បង្កើនសមត្ថភាពឧស្សាហកម្ម បច្ចេកវិទ្យា និងយោធា ដែលធ្វើឱ្យប្រទេសនេះក្លាយជាតួអង្គដ៏មានឥទ្ធិពលនៅក្នុងប្រព័ន្ធអន្តរជាតិ។ ការរីកចម្រើនរបស់ចិន មិនមែនជាបញ្ហាសេដ្ឋកិច្ចតែមួយមុខនោះទេ ប៉ុន្តែជាការផ្លាស់ប្តូរតុល្យភាពអំណាចពិភពលោកទាំងមូល។ ប្រសិនបើនៅក្នុងទសវត្សរ៍ទី១៩៩០ ពិភពលោកស្ថិតក្រោមភាពជាមហាអំណាចតែមួយរបស់សហរដ្ឋអាមេរិក នោះនៅដើមសតវត្សទី២១ ចិនបានចាប់ផ្តើមក្លាយជាគូប្រជែងយុទ្ធសាស្ត្រដ៏សំខាន់បំផុតរបស់អាមេរិក។ ការពង្រីកឥទ្ធិពលសេដ្ឋកិច្ចតាមរយៈគម្រោងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (Belt and Road Initiative- BRI) ការវិនិយោគនៅអាស៊ី អាហ្វ្រិក និងអាមេរិកឡាទីន ព្រមទាំងការអភិវឌ្ឍសមត្ថភាពយោធា បានធ្វើឱ្យចិនក្លាយជាកត្តាសំខាន់ក្នុងការកំណត់សណ្តាប់ធ្នាប់ពិភពលោកថ្មី។ ស្ថានភាពបែបនេះ សម្រាប់អ្នកវិភាគភូមិសាស្ត្រនយោបាយ ការកើនឡើងរបស់ចិន គឺជាចំណុចស្នូលនៃការផ្លាស់ប្តូរពីពិភពលោកឯកប៉ូល(Unipolar World) ទៅកាន់ពិភពលោកដែលមានលក្ខណៈពហុប៉ូល (Multipolar World)។ ការកើនឡើងនេះ បានជំរុញឱ្យកើតមានការប្រកួតប្រជែងថ្មីៗនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក សមុទ្រចិនខាងត្បូង បញ្ហាតៃវ៉ាន់ បច្ចេកវិទ្យាទំនើប ព្រមទាំងខ្សែច្រវាក់ផ្គត់ផ្គង់សកល។ ក្នុងន័យនេះ ការយល់ដឹងអំពីមូលហេតុ និងលទ្ធផលនៃការកើនឡើងរបស់ចិន គឺជាគន្លឹះសំខាន់មួយសម្រាប់ការយល់ដឹងអំពីភូមិសាស្ត្រនយោបាយសហសម័យ។ ១.១ កំណែទម្រង់ និងបើកទូលាយ ឬបើចំហរជើងមេឃ (១៩៧៨–២០០០) បន្ទាប់ពីការបញ្ចប់បដិវត្តន៍វប្បធម៌ (Cultural Revolution) និងមរណភាពរបស់លោក ម៉ៅ សេទុង ក្នុងឆ្នាំ១៩៧៦ ប្រទេសចិនបានប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរ កម្រិតផលិតកម្មទាប បច្ចេកវិទ្យាហួសសម័យ និងប្រាក់ចំណូលប្រជាជនទាបបំផុត។ នៅក្នុងបរិបទនេះ លោក តេង ស៊ាវពីង (Deng Xiaoping) បានក្លាយជាអ្នកដឹកនាំដ៏សំខាន់មួយដែលបានកំណត់ទិសដៅអភិវឌ្ឍថ្មីសម្រាប់ប្រទេសចិន។ នៅឆ្នាំ១៩៧៨ ចិនបានប្រកាសអនុវត្តគោលនយោបាយ «កំណែទម្រង់ និងបើកទូលាយ» (Reform and Opening-Up Policy) ដែលមានគោលបំណងផ្លាស់ប្តូរពីប្រព័ន្ធសេដ្ឋកិច្ចផែនការកណ្តាលដ៏តឹងរឹង ទៅកាន់សេដ្ឋកិច្ចដែល ផ្តល់តួនាទីកាន់តែច្រើនដល់ទីផ្សារ និងការវិនិយោគបរទេស។ កំណែទម្រង់នេះបានចាប់ផ្តើមពីវិស័យកសិកម្ម តាមរយៈប្រព័ន្ធ Household Responsibility System ដែលអនុញ្ញាតឱ្យកសិករមានសិទ្ធិគ្រប់គ្រងផលិតកម្ម និងលក់ផលិតផលលើសពីកូតារដ្ឋ។ បន្ទាប់មក កំណែទម្រង់ត្រូវបានពង្រីកទៅកាន់វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ។ រដ្ឋាភិបាលចិនបានបង្កើតតំបន់សេដ្ឋកិច្ចពិសេស (Special Economic Zones - SEZs) នៅទីក្រុង Shenzhen, Zhuhai, Shantou និង Xiamen ដើម្បីទាក់ទាញទុន វិនិយោគ បច្ចេកវិទ្យា និងជំនាញគ្រប់គ្រងពីបរទេស។ ក្នុងរយៈពេលមិនដល់ពីរទសវត្សរ៍ Shenzhen បានប្រែក្លាយពីភូមិនេសាទតូចមួយ ទៅជាមជ្ឈមណ្ឌលឧស្សាហកម្ម និងបច្ចេកវិទ្យាដ៏ធំបំផុតមួយរបស់ពិភពលោក ដែលជានិមិត្តរូបនៃភាពជោគជ័យនៃគោលនយោបាយកំណែទម្រង់របស់ចិន។ បើយើងមើលពីជ្រុងទស្សនៈភូមិសាស្ត្រនយោបាយ គោលនយោបាយកំណែទម្រង់ និងបើកទូលាយ មិនមែនគ្រាន់តែជាយុទ្ធសាស្ត្រសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែជាយុទ្ធសាស្ត្រជាតិរយៈពេលវែងសម្រាប់ការស្តារឡើងវិញនូវអំណាចជាតិរបស់ចិន។ មេដឹកនាំចិនបានយល់ឃើញថា ប្រទេសមួយមិនអាចក្លាយជាមហាអំណាចបានទេ ប្រសិនបើគ្មានមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ។ ដូច្នេះចិនបានជ្រើសរើសយកការអភិវឌ្ឍសេដ្ឋកិច្ចជាអាទិភាពទីមួយ ខណៈរក្សាបរិយាកាសអន្តរជាតិប្រកបដោយស្ថិរភាព ដើម្បីប្រមូលផ្តុំធនធានសម្រាប់ការអភិវឌ្ឍជាតិ។ នេះជាមូលហេតុដែលលោក តេង ស៊ាវពីង បានលើកឡើងនូវគោលគំនិត «លាក់សមត្ថភាព រង់ចាំពេលវេលាសមស្រប» (Hide your strength, bide your time) ដែលជាគោលការណ៍ការទូតដ៏សំខាន់របស់ចិនអស់រយៈពេលជាច្រើនទសវត្សរ៍។ ម្យ៉ាងវិញទៀត ការបើកទូលាយសេដ្ឋកិច្ចក៏បានអនុញ្ញាតឱ្យចិនភ្ជាប់ខ្លួនចូលទៅក្នុងសេដ្ឋកិច្ចសកលផងដែរ។ ក្រុមហ៊ុនអន្តរជាតិជាច្រើនបានផ្ទេរមូលដ្ឋានផលិតកម្មទៅកាន់ប្រទេសចិន ដោយសារកម្លាំងពលកម្មមានតម្លៃទាប ទំហំទីផ្សារធំ និងការគាំទ្រពីរដ្ឋាភិបាល។ ជាលទ្ធផល ចិនបានក្លាយជាមជ្ឈមណ្ឌលផលិតកម្មសំខាន់បំផុតមួយរបស់ពិភពលោក និងទទួលបានអត្រាកំណើនសេដ្ឋកិច្ចជាមធ្យមប្រមាណ ៩-១០ ភាគរយក្នុងមួយឆ្នាំអស់រយៈពេលជាច្រើនទសវត្សរ៍។ ភាពជោគជ័យនេះបានបង្កើតមូលដ្ឋានសម្រាប់ការកើនឡើងនៃអំណាចជាតិគ្រប់វិស័យ រួមទាំងអំណាចសេដ្ឋកិច្ច បច្ចេកវិទ្យា យោធា និងការទូត។ គេចាំបានថា នៅចុងទសវត្សរ៍ទី១៩៩០ និងដើមទសវត្សរ៍ទី២០០០ ចិនបានចាប់ផ្តើមលេចឡើងជាមហាអំណាចសេដ្ឋកិច្ចថ្មី ដែលអាចប្រកួតប្រជែងជាមួយមជ្ឈមណ្ឌលសេដ្ឋកិច្ចធំៗរបស់ពិភពលោក។ ទោះបីជានៅពេលនោះ ចិនមិនទាន់បង្ហាញមហិច្ឆតាប្រកួតប្រជែងដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិកក៏ដោយ ប៉ុន្តែគ្រឹះសេដ្ឋកិច្ចដែលបានកសាងឡើងក្នុងសម័យកំណែទម្រង់ បានក្លាយជាមូលដ្ឋានដ៏សំខាន់សម្រាប់ការកើនឡើងរបស់ចិនក្នុងនាមជាមហាអំណាចសកលនៅសតវត្សទី២១។ ដូច្នេះ អ្នកវិភាគជាច្រើនចាត់ទុកឆ្នាំ១៩៧៨ ជាចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់បំផុតមួយ ដែលបានផ្លាស់ប្តូរមិនត្រឹមតែអនាគតរបស់ចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្លាស់ប្តូរតុល្យភាពអំណាចពិភពលោកទាំងមូលផងដែរ។ កំណែទម្រង់ឆ្នាំ១៩៧៨ មិនមែនគ្រាន់តែជាការកែទម្រង់សេដ្ឋកិច្ចទេ ប៉ុន្តែជាយុទ្ធសាស្ត្រជាតិដ៏ជោគជ័យបំផុតមួយក្នុងប្រវត្តិសាស្ត្រសម័យទំនើប។ ចិនបានប្រើប្រាស់សេដ្ឋកិច្ចជាឧបករណ៍សម្រាប់កសាងអំណាចជាតិ (National Power) មុននឹងបម្លែងអំណាចសេដ្ឋកិច្ចនោះទៅជាអំណាចយោធា បច្ចេកវិទ្យា និងភូមិសាស្ត្រនយោបាយ។ ការកើនឡើងរបស់ចិនបង្ហាញថា នៅក្នុងប្រព័ន្ធអន្តរជាតិ សេដ្ឋកិច្ចគឺជាមូលដ្ឋានគ្រឹះនៃអំណាចជាតិ និងជាចំណុចចាប់ផ្តើមនៃការក្លាយជាមហាអំណាច។ មែនហើយអស់រយៈពេលប្រមាណ២២ឆ្នាំ ចាប់ពីឆ្នាំ១៩៧៨ ដល់ឆ្នាំ២០០០ ប្រទេសចិនបានស្ថិតនៅក្នុងដំណាក់កាលនៃការរៀបចំ និងកសាងមូលដ្ឋានសម្រាប់ការអភិវឌ្ឍជាតិ។ ក្នុងអំឡុងពេលនេះ រដ្ឋាភិបាលចិនបានអនុវត្តកំណែទម្រង់សេដ្ឋកិច្ចជាបន្តបន្ទាប់ បើកទូលាយទ្វារទៅកាន់ពិភពលោកខាងក្រៅ បញ្ជូននិស្សិត និងអ្នកជំនាញទៅសិក្សានៅបរទេស ព្រមទាំងលុបបំបាត់ឧបសគ្គជាច្រើនដើម្បីទាក់ទាញការវិនិយោគ និងបច្ចេកវិទ្យាពីបរទេស។ គោលនយោបាយទាំងនេះមានគោលបំណងសំខាន់ក្នុងការជំរុញប្រទេសដ៏ធំមួយនេះឱ្យរីកចម្រើនទៅមុខជាបន្តបន្ទាប់ តាមរយៈការប្រមូលផ្តុំទុន ចំណេះដឹង បច្ចេកវិទ្យា និងបទពិសោធន៍គ្រប់គ្រងពីពិភពលោក។ នៅដើមសតវត្សទី២១ កិច្ចខិតខំប្រឹងប្រែងជាងពីរទសវត្សរ៍បានចាប់ផ្តើមបង្ហាញលទ្ធផលយ៉ាងច្បាស់។ ចិនបានឈានចូលដល់ដំណាក់កាលដែលអ្នកសេដ្ឋកិច្ចជាច្រើនហៅថា Take-off Stage ឬដំណាក់កាលហក់ឡើង ដែលជាពេលវេលានៃការរីកចម្រើនសេដ្ឋកិច្ចយ៉ាងលឿន និងការកើនឡើងយ៉ាងខ្លាំងនៃសមត្ថភាពផលិតកម្ម។ ចាប់ពីពេលនោះមក ចិនមិនត្រឹមតែក្លាយជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់របស់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចាប់ផ្តើមផ្លាស់ប្តូរតុល្យភាពសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយនៅអាស៊ី និងពិភពលោកទាំងមូលផងដែរ។ ការហក់ឡើងរបស់ចិនក្រោយឆ្នាំ២០០០ បានក្លាយជាបាតុភូតមួយដែលអ្នកវិភាគជាច្រើនចាត់ទុកថា ជាការផ្លាស់ប្តូរដ៏ធំបំផុតមួយនៃប្រព័ន្ធអន្តរជាតិក្រោយការបញ្ចប់ សង្គ្រាមត្រជាក់។ ១.២ ចិនជាមហាអំណាចសេដ្ឋកិច្ច (២០០០–២០១២) ចិនបានធ្វើឱ្យប្រទេសខ្លួនស្របតាមធម្មជាតិនោះគឺ «ព្រះអាទិត្យរះឡើងពីទិសខាងកើត» មានន័យថា ស្តេចសេដ្ឋកិច្ចសម័យថ្មីគឺចេញពីដើមបូព៌ា និយយាយឱ្យចំគឺចិននេះឯង។ ក្នុងនាមជាមហាអំណាចថ្មី ចិនបានឆក់យកតួនាទីជាបងធំសេដ្ឋកិច្ចទី២របស់ពិភពលោក។ ជាក់ស្តែងការចូលដល់សតវត្សទី២១ គឺជាចំណុចរបត់ដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រអភិវឌ្ឍន៍របស់ចិន។ បន្ទាប់ពីបានចំណាយពេលជាងពីរទសវត្សរ៍ក្នុងការកែទម្រង់ និងកសាងមូលដ្ឋានសេដ្ឋកិច្ច ប្រទេសចិនបានឈានចូលដល់ដំណាក់កាលដែលអ្នកសេដ្ឋកិច្ចជាច្រើនហៅថា «Take-off Stage» ឬដំណាក់កាលហក់ឡើង។ ក្នុងអំឡុងឆ្នាំ២០០០ ដល់ឆ្នាំ២០១២ សេដ្ឋកិច្ចចិនបានរីកចម្រើនក្នុងអត្រាជាមធ្យមប្រមាណ ១០ ភាគរយក្នុងមួយឆ្នាំ ដែលជាអត្រាកំណើនខ្ពស់បំផុតមួយក្នុងប្រវត្តិសាស្ត្រសេដ្ឋកិច្ចសម័យទំនើប។ កំណើននេះបានធ្វើឱ្យចិនក្លាយជាមជ្ឈមណ្ឌលផលិតកម្មដ៏ធំបំផុតរបស់ពិភពលោក និងជាកម្លាំងជំរុញដ៏សំខាន់មួយនៃសេដ្ឋកិច្ចសកល។ ចំណុចសំខាន់បំផុតមួយនៃដំណាក់កាលនេះ គឺការចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (World Trade Organization – WTO) នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០០១។ ការចូលរួមក្នុង WTO បានអនុញ្ញាតឱ្យចិនភ្ជាប់ខ្លួនយ៉ាងពេញលេញទៅក្នុងប្រព័ន្ធពាណិជ្ជកម្មសកល និងទទួលបានឱកាសកាន់តែទូលំទូលាយក្នុងការនាំចេញផលិតផលទៅកាន់ទីផ្សារអន្តរជាតិ។ ចាប់ពីពេលនោះមក ក្រុមហ៊ុនអន្តរជាតិធំៗជាច្រើនបានបង្កើនការវិនិយោគនៅក្នុងប្រទេសចិន ខណៈដែលចិនបានក្លាយជាមូលដ្ឋានផលិតកម្មសម្រាប់ក្រុមហ៊ុនពហុជាតិជាច្រើន។ ការរួមបញ្ចូលគ្នារវាងកម្លាំងពលកម្មដ៏ច្រើន ទុនវិនិយោគបរទេស និងការគាំទ្រពីរដ្ឋាភិបាល បានធ្វើឱ្យចិនទទួលបានឋានៈជា «រោងចក្ររបស់ពិភពលោក» (Factory of the World)។ ក្នុងអំឡុងពេលនេះ ទុនបម្រុងបរទេសរបស់ចិនបានកើនឡើងយ៉ាងឆាប់រហ័ស ខណៈដែលការនាំចេញបានកើនឡើងរាប់សិបដង។ ទីក្រុងឆ្នេរសមុទ្រជាច្រើន ដូចជា សៀងសហៃ (Shanghai),ស៊ិនជីន (Shenzhen), គង័ចូវឬក្វាងចូវ (Guangzhou) និងធៀនជីន (Tianjin) បានក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្ម និងពាណិជ្ជកម្មដ៏សំខាន់របស់ពិភពលោក។ ទន្ទឹមនឹងនេះ ចិនក៏បានវិនិយោគយ៉ាងច្រើនទៅលើហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវល្បឿនលឿន កំពង់ផែ ព្រលានយន្តហោះ និងបណ្តាញផ្លូវដែកល្បឿនលឿន ដែលបានជួយបង្កើនប្រសិទ្ធភាពនៃការផលិត និងការដឹកជញ្ជូន។ ការអភិវឌ្ឍទាំងនេះបានធ្វើឱ្យសេដ្ឋកិច្ចចិនក្លាយជាសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកនៅឆ្នាំ២០១០ ដោយវ៉ាដាច់ជប៉ុន និងនៅពីក្រោយតែសហរដ្ឋអាមេរិកប៉ុណ្ណោះ។ បើយើងមើលពីទស្សនៈភូមិសាស្ត្រនយោបាយវិញ ការកើនឡើងសេដ្ឋកិច្ចរបស់ចិនក្នុងដំណាក់កាលនេះ បានចាប់ផ្តើមផ្លាស់ប្តូរតុល្យភាពអំណាចពិភពលោក។ អំណាចសេដ្ឋកិច្ចបានក្លាយជាមូលដ្ឋានសម្រាប់ការពង្រីកឥទ្ធិពលការទូត ការវិនិយោគក្រៅប្រទេស និងការពង្រឹងសមត្ថភាពយោធា។ ចិនបានបង្កើនទំនាក់ទំនងសេដ្ឋកិច្ចជាមួយអាស៊ី អាហ្វ្រិក អាមេរិកឡាទីន និងមជ្ឈិមបូព៌ា ដើម្បីធានាប្រភពវត្ថុធាតុដើម ថាមពល និងទីផ្សារសម្រាប់សេដ្ឋកិច្ចរបស់ខ្លួន។ នេះជាការចាប់ផ្តើមនៃយុទ្ធសាស្ត្រ «ឆ្ពោះទៅពិភពខាងក្រៅ ឬ Going Out Strategy» ដែលលើកទឹកចិត្តឱ្យក្រុមហ៊ុនចិនធ្វើការវិនិយោគនៅក្រៅប្រទេស និងពង្រីកឥទ្ធិពលសេដ្ឋកិច្ចរបស់ចិននៅលើឆាកអន្តរជាតិ។ ចំពោះវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ២០០៨ ក៏បានក្លាយជាចំណុចរបត់សំខាន់មួយផងដែរ។ ខណៈដែលសហរដ្ឋអាម៉េរិក និងអឺរ៉ុបជួបប្រទះវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ចិននៅតែអាចរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់តាមរយៈគម្រោងជំរុញសេដ្ឋកិច្ចទ្រង់ទ្រាយធំរបស់រដ្ឋាភិបាល។ ស្ថានភាពនេះបានធ្វើឱ្យអ្នកវិភាគជាច្រើនចាប់ផ្តើម មើលឃើញថា មជ្ឈមណ្ឌលទម្ងន់សេដ្ឋកិច្ចពិភពលោកកំពុងផ្លាស់ប្តូរបន្តិចម្តងៗពីមហាសមុទ្រអាត្លង់ទិកទៅកាន់តំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ការកើនឡើងរបស់ចិនលែងត្រូវបានគេចាត់ទុកថាជាបាតុភូតសេដ្ឋកិច្ចតែមួយមុខទៀតហើយ ប៉ុន្តែបានក្លាយជាបញ្ហាយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់មហាអំណាចផ្សេងៗ ជាពិសេសសហរដ្ឋអាមេរិក។ ជារួមដំណាក់កាលឆ្នាំ២០០០–២០១២ គឺជាសម័យដែលចិនបានបម្លែងអំណាចសេដ្ឋកិច្ចទៅជាឥទ្ធិពលអន្តរជាតិ។ ប្រសិនបើដំណាក់កាល ១៩៧៨–២០០០ ជារយៈពេលនៃការកសាងមូលដ្ឋានអភិវឌ្ឍន៍ នោះដំណាក់កាល ២០០០–២០១២ គឺជាសម័យដែលចិនបានចាប់ផ្តើមបង្ហាញសមត្ថភាពរបស់ខ្លួននៅលើឆាកពិភពលោក។ ការរីកចម្រើនដ៏ឆាប់រហ័សនេះ បានបង្កើតមូលដ្ឋានសម្រាប់ការកើនឡើងរបស់ចិនក្នុងនាមជាមហាអំណាចសកលនៅសម័យលោក ស៊ី ជីនពីង ដែលនឹងត្រូវពិភាក្សានៅផ្នែកបន្ទាប់។ ១.៣ សម័យលោក ស៊ី ជីនពីង និងសុបិន្តចិន (២០១២–បច្ចុប្បន្ន) មេដឹកនាំធំដែលគេចងចាំក្នុងការដឹកនាំប្រទេសចិនមានច្រើន តែអ្វីគេកត់សម្គាល់ឈ្មោះនោះ គឺមានមិនច្រើនឡើយដូចជា លោកម៉ៅ សេទុង, លោកតេងស៊ីវភីង និងបច្ចុប្បន្ន (២០២៦) លោក ស៊ី ជីនពីង ជាដើម។ គេចាំបានថា ការឡើងកាន់អំណាចរបស់លោក ស៊ី ជីនពីង (Xi Jinping) នៅឆ្នាំ២០១២ ត្រូវបានចាត់ទុកថាជាចំណុចរបត់ដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រសាធារណរដ្ឋប្រជាមានិតចិន។ ប្រសិនបើមេដឹកនាំជំនាន់មុន ផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ច និងការរក្សាបរិយាកាសអន្តរជាតិប្រកបដោយស្ថិរភាព នោះលោក ស៊ី ជីនពីង បានចាប់ផ្តើមជំរុញគោលនយោបាយដែលមានមហិច្ឆតាខ្ពស់ជាងមុន ក្នុងគោលបំណងស្តារឡើងវិញនូវឋានៈរបស់ចិនជាមហាអំណាចពិភពលោក។ គោលគំនិតស្នូលរបស់លោកស៊ីគឺ «សុបិន្ត ចិន» (Chinese Dream) ដែលផ្តោតលើការស្តារឡើងវិញនូវភាពរុងរឿងជាតិ ការពង្រឹងអំណាចជាតិ និងការធ្វើឱ្យចិនក្លាយជាប្រទេសសង្គមនិយមទំនើបនៅពាក់កណ្តាលសតវត្សទី២១។ មែនហើយ ខុសពីយុគសម័យលោក តេង ស៊ាវពីង ដែលលើកទឹកចិត្តឱ្យ «លាក់សមត្ថភាព និងរង់ចាំពេលវេលាសមស្រប» លោក ស៊ី ជីនពីង បានជំរុញឱ្យចិនបង្ហាញតួនាទីកាន់តែសកម្មនៅលើឆាកអន្តរជាតិ។ ចិនបានចាប់ផ្តើមបង្ហាញការអះអាងកាន់តែខ្លាំងឡើងចំពោះផលប្រយោជន៍ជាតិរបស់ខ្លួន មិនថានៅសមុទ្រចិនខាងត្បូង បញ្ហាតៃវ៉ាន់ សមុទ្រចិនខាងកើត ឬនៅក្នុងស្ថាប័នអន្តរជាតិនានានោះទេ។ ការផ្លាស់ប្តូរនេះបានធ្វើឱ្យអ្នកវិភាគជាច្រើនចាត់ទុកថា ចិនបានផ្លាស់ប្តូរពីយុទ្ធសាស្ត្រ «ការកើនឡើងដោយសន្តិវិធី» (Peaceful Rise) ទៅរកយុទ្ធសាស្ត្រ «ការការពារផលប្រយោជន៍ជាតិកាន់តែសកម្ម» (Assertive Power)។ ជាក់ស្តែងគម្រោងដ៏សំខាន់បំផុតមួយក្នុងសម័យលោក ស៊ី គឺ «គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ» (Belt and Road Initiative – BRI) ដែលត្រូវបានប្រកាសនៅឆ្នាំ២០១៣។ គម្រោងនេះមានគោលបំណងពង្រឹងការតភ្ជាប់ផ្នែកហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម ថាមពល និងការវិនិយោគរវាងចិន និងតំបន់ផ្សេងៗនៃពិភពលោក។ គឺតាមរយៈ BRI នេះហើយ ដែលចិនបានវិនិយោគរាប់សែនលានដុល្លារនៅអាស៊ី អាហ្វ្រិក អឺរ៉ុប និងអាមេរិកឡាទីន។ ក្នុងន័យនេះ បើយើងមើលពីជ្រុងទស្សនៈភូមិសាស្ត្រនយោបាយ BRI មិនមែនគ្រាន់តែជាគម្រោងសេដ្ឋកិច្ចនោះទេ ប៉ុន្តែជាយុទ្ធសាស្ត្រពង្រីកឥទ្ធិពល និងការកសាងបណ្តាញទំនាក់ទំនងដែលអាចគាំទ្រដល់ផលប្រយោជន៍រយៈពេលវែងរបស់ចិន។ ទន្ទឹមនឹងការពង្រីកឥទ្ធិពលសេដ្ឋកិច្ច ចិនក៏បានបង្កើនការវិនិយោគយ៉ាងច្រើនលើវិស័យបច្ចេកវិទ្យា និងយោធា។ គម្រោង «Made in China 2025» ត្រូវបានបង្កើតឡើងដើម្បីធ្វើឱ្យចិនក្លាយជាមេដឹកនាំពិភពលោកក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ ដូចជា បញ្ញាសិប្បនិម្មិត (AI) បន្ទះឈីប (Semiconductors) មនុស្សយន្ត យានយន្តអគ្គិសនី និងបច្ចេកវិទ្យាទំនើបផ្សេងៗ។ ពេលជាមួយគ្នានេះ កងទ័ពរំដោះប្រជាជនចិន (PLA) ក៏បានធ្វើទំនើបកម្មយ៉ាងឆាប់រហ័ស តាមរយៈការបង្កើនថវិកាយោធា ការកសាងកងទ័ពជើងទឹក និងការអភិវឌ្ឍអាវុធទំនើបៗ។ ការអភិវឌ្ឍទាំងនេះបានធ្វើឱ្យចិនក្លាយជាគូប្រជែងយុទ្ធសាស្ត្រដ៏សំខាន់បំផុតរបស់សហរដ្ឋអាមេរិក។ ជាលទ្ធផល ការកើនឡើងរបស់ចិននៅក្នុងសម័យលោក ស៊ី ជីនពីង បាននាំឱ្យកើតមានការប្រកួតប្រជែងយុទ្ធសាស្ត្រកាន់តែខ្លាំងឡើងរវាងចិន និងសហរដ្ឋអាមេរិក។ ការប្រកួតប្រជែងនេះបានពង្រីកពីវិស័យពាណិជ្ជកម្ម ទៅកាន់បច្ចេកវិទ្យា សន្តិសុខ សមុទ្រ អវកាស និងឥទ្ធិពលភូមិសាស្ត្រនយោបាយ។ ត្រង់នេះ អ្នកវិភាគជាច្រើនបានប្រៀបធៀបស្ថានភាពនេះទៅនឹង «ការប្រកួតប្រជែងមហាអំណាច» (Great Power Competition) ដែលកំពុងក្លាយជាលក្ខណៈសំខាន់នៃប្រព័ន្ធអន្តរជាតិក្នុងសតវត្សទី២១។ ប្រសិនបើការកើនឡើងរបស់ចិនក្នុងដំណាក់កាល ២០០០–២០១២ គឺជាការកើនឡើងផ្នែកសេដ្ឋកិច្ច នោះចាប់ពីឆ្នាំ២០១២មក ការកើនឡើងនេះបានវិវត្តទៅជាការកើនឡើងផ្នែកភូមិសាស្ត្រនយោបាយ ដែលមានឥទ្ធិពលដោយផ្ទាល់ទៅលើសណ្តាប់ធ្នាប់ពិភពលោកទាំងមូល។ ជាមួយគ្នានេះដែរ ពីជ្រុងទស្សនៈភូមិសាស្ត្រនយោបាយ សម័យលោក ស៊ី ជីនពីង គឺជាដំណាក់កាលដែលចិនបានផ្លាស់ប្តូរពី Economic Power ទៅជា Comprehensive National Power។ ពោលគឺ សេដ្ឋកិច្ចដែលបានកសាងឡើងក្នុងរយៈពេលជាងបីទសវត្សរ៍ ត្រូវបានបម្លែងទៅជាឧបករណ៍សម្រាប់ពង្រីកឥទ្ធិពលការទូត បច្ចេកវិទ្យា យោធា និងស្ថាប័នអន្តរជាតិ។ ដូច្នេះ អ្នកវិភាគជាច្រើនចាត់ទុកថា ការឡើងកាន់អំណាចរបស់លោក ស៊ី ជីនពីង មិនត្រឹមតែជាការផ្លាស់ប្តូរមេដឹកនាំប៉ុណ្ណោះទេ ប៉ុន្តែជាការផ្លាស់ប្តូរយុទ្ធសាស្ត្រជាតិរបស់ចិន ពី «ការកើនឡើងដោយស្ងប់ស្ងាត់» ទៅកាន់ «ការកើនឡើងក្នុងនាមជាមហាអំណាចសកល»។ ១.៤ ផលប៉ះពាល់ភូមិសាស្ត្រនយោបាយនៃការកើនឡើងរបស់ចិន ពិតហើយ ដូចបានរៀបរាប់ខាងលើការកើនឡើងរបស់ចិន មិនត្រឹមតែជាបាតុភូតសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការផ្លាស់ប្តូរដ៏ធំមួយនៃតុល្យភាពអំណាចពិភពលោក។ ក្នុងរយៈពេលជាងបួនទសវត្សរ៍ ចិនបានផ្លាស់ប្តូរខ្លួនពីប្រទេសកំពុងអភិវឌ្ឍន៍មួយ ទៅជាមហាអំណាចដែលមានឥទ្ធិពលលើសេដ្ឋកិច្ច ពាណិជ្ជកម្ម បច្ចេកវិទ្យា និងនយោបាយអន្តរជាតិ។ ការផ្លាស់ប្តូរនេះបានធ្វើឱ្យប្រព័ន្ធអន្តរជាតិដែលធ្លាប់ស្ថិតក្រោមការដឹកនាំរបស់សហរដ្ឋអាម៉េរិកតែមួយ ក្លាយជាប្រព័ន្ធដែលមានការប្រកួតប្រជែងកាន់តែខ្លាំងរវាងមហាអំណាច។ ដូច្នេះ អ្នកវិភាគជាច្រើនចាត់ទុកការកើនឡើងរបស់ចិនថា ជាព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយដ៏សំខាន់បំផុតមួយក្រោយការបញ្ចប់សង្គ្រាមត្រជាក់។ - ផលប៉ះពាល់ទីមួយ៖ ការផ្លាស់ប្តូរពីពិភពលោកឯកប៉ូល (Unipolar World) ទៅកាន់ពិភពលោកដែលមានលក្ខណៈពហុប៉ូល (Multipolar World)។ ក្នុងទសវត្សរ៍ទី១៩៩០ សហរដ្ឋអាមេរិកគឺជាមហាអំណាចតែមួយដែលគ្រប់គ្រងសេដ្ឋកិច្ច សន្តិសុខ និងស្ថាប័នអន្តរជាតិជាច្រើន។ ប៉ុន្តែការកើនឡើងរបស់ចិនបានធ្វើឱ្យកើតមានមជ្ឈមណ្ឌលអំណាចថ្មីមួយដែលអាចប្រកួតប្រជែងជាមួយអាម៉េរិកបានទាំងផ្នែកសេដ្ឋកិច្ច បច្ចេកវិទ្យា និងយោធា។ ការវិវត្តនេះបានជំរុញឱ្យប្រទេសជាច្រើនចាប់ផ្តើមកែសម្រួលគោលនយោបាយការបរទេស និងយុទ្ធសាស្ត្រសន្តិសុខរបស់ខ្លួន ដើម្បីសម្របខ្លួនទៅនឹងតុល្យភាពអំណាចថ្មី។ - ផលប៉ះពាល់ទីពីរ៖ ការកើនឡើងនៃការប្រកួតប្រជែងរវាងចិន និងសហរដ្ឋអាមេរិក។ ចាប់តាំងពីទសវត្សរ៍ឆ្នាំ២០១០មក ទំនាក់ទំនងរវាងប្រទេសទាំងពីរបានផ្លាស់ប្តូរពីភាពជាដៃគូពីសេដ្ឋកិច្ច ទៅកាន់ភាពជាគូប្រជែងយុទ្ធសាស្ត្រ។ ការប្រកួតប្រជែងនេះបានពង្រីកពីវិស័យពាណិជ្ជកម្ម ទៅកាន់បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត បន្ទះឈីប (Semiconductors) អវកាស សន្តិសុខសមុទ្រ និងការប្រកួតប្រជែងឥទ្ធិពលនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ អ្នកវិភាគខ្លះបានប្រៀបធៀបស្ថានភាពនេះទៅនឹង «អន្ទាក់ធូស៊ីឌីដេស» (Thucydides Trap)( )ដែលសំដៅលើហានិភ័យនៃជម្លោះរវាងមហាអំណាចកំពុងឡើង និងមហាអំណាចដែលកំពុងគ្រប់គ្រង ឬមហាអំណាចចាស់និងមហាអំណាចថ្មី។ - ផលប៉ះពាល់ទីបី៖ ការកើនឡើងនៃសារៈសំខាន់ភូមិសាស្ត្រនយោបាយរបស់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ការពង្រីកអំណាចសេដ្ឋកិច្ច និងយោធារបស់ចិន បានធ្វើឱ្យតំបន់នេះក្លាយជាចំណុចកណ្តាលនៃការប្រកួតប្រជែងមហាអំណាច។ បញ្ហាសមុទ្រចិនខាងត្បូង បញ្ហាតៃវ៉ាន់ សមុទ្រចិនខាងកើត និងសន្តិសុខផ្លូវដឹកជញ្ជូនសមុទ្រ បានក្លាយជាបញ្ហាយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ប្រទេសជាច្រើន។ ជាការឆ្លើយតប សហរដ្ឋអាម៉េរិក ជប៉ុន ឥណ្ឌា និងអូស្ត្រាលី បានពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈយន្តការផ្សេងៗ ដូចជា Quad និង AUKUS ដើម្បីរក្សាតុល្យភាពអំណាចនៅក្នុងតំបន់។ - ផលប៉ះពាល់ទីបួន៖ ការពង្រីកឥទ្ធិពលសេដ្ឋកិច្ចរបស់ចិនទៅកាន់ពិភពលោកកំពុងអភិវឌ្ឍន៍។ តាមរយៈគម្រោង Belt and Road Initiative (BRI) ចិនបានវិនិយោគយ៉ាងច្រើនទៅលើហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងដឹកជញ្ជូននៅអាស៊ី អាហ្វ្រិក មជ្ឈិមបូព៌ា និងអាមេរិកឡាទីន។ ប្រទេសជាច្រើនបានទទួលអត្ថប្រយោជន៍ពីការវិនិយោគ និងការតភ្ជាប់ថ្មីៗ ប៉ុន្តែក៏មានការព្រួយបារម្ភផងដែរអំពីបញ្ហាបំណុល ការពឹងផ្អែកសេដ្ឋកិច្ច និងឥទ្ធិពលនយោបាយដែលអាចកើតមានពីការពង្រីកអំណាចរបស់ចិន។ ជារួមមក ការកើនឡើងរបស់ចិនបានក្លាយជាកត្តាស្នូលមួយដែលកំពុងកំណត់សណ្តាប់ធ្នាប់ពិភពលោកក្នុងសតវត្សទី២១។ វាបានផ្លាស់ប្តូរតុល្យភាពអំណាច បង្កើតការប្រកួតប្រជែងយុទ្ធសាស្ត្រថ្មី និងធ្វើឱ្យតំបន់ជាច្រើនមានសារៈសំខាន់ភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើង។ ការយល់ដឹងអំពីផលប៉ះពាល់នៃការកើនឡើងរបស់ចិន ដូច្នេះគឺជាគន្លឹះសំខាន់មួយសម្រាប់ការយល់ដឹងអំពីការផ្លាស់ប្តូរសណ្តាប់ធ្នាប់ពិភពលោក និងការប្រកួតប្រជែងមហាអំណាចក្នុងសម័យបច្ចុប្បន្ន។ សេចក្តីសន្និដ្ឋាន៖ យើងអាចនិយាយបានថា ចិនកំពុងធ្វើខ្លួនឱ្យស្របតាមធម្មជាតិ គឺព្រះអាទិត្យរះឡើងពីទិសខាងកើត ហើយចិនហាក់កំពុងប្រើនយោបាយសមុទ្រ ដែលជាជង្រុកនៃការប្រមូលផ្តុំទឹកសាបមកពីគ្រប់ទិសទីនិងមជ្ឈដ្ឋាននានា សំដៅពង្រឹងទំនាក់ទំនងដើម្បីឈ្នះទាំងអស់គ្នា។ នៅចំពោះមុខ ប្រទេសជាច្រើនហាក់ត្រូវការមាត់ចិន សេដ្ឋកិច្ចចិន និងទីផ្សារចិនដើម្បីពង្រឹងខឿនសេដ្ឋកិច្ចជាតិខ្លួន។ ប៉ុន្តែប្រទេសទាំងអស់នោះ ជួនកាលក៏បានហាមប្រាមមិនឱ្យគេឬប្រទេសដទៃ មិនឱ្យរកស៊ីជាមួយចិនផងដែរ ស







