បណ្ឌិត កៅ មុយថង៖ ពីការក្រឡាស់ MOU ២០០១ របស់ថៃ មកកាន់យន្តការ «ផ្សះផ្សាដោយ ចាប់បង្ខំ» របស់កម្ពុជា ក្រោមឆត្រ UNCLOS
03-06-2026 19:23
(ភ្នំពេញ)៖ បណ្ឌិត កៅ មុយថង អ្នកជំនាញសិក្សាស្រាវជ្រាវទំនាក់ទំនងកម្ពុជា-ចិន តាមរយៈបណ្ដាញព័ត៌មាន Fresh News បានឲ្យដឹងថា ព្រឹត្តិការណ៍នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បានកត់ត្រាចូលក្នុងទំព័រប្រវត្តិសាស្ត្រការទូតថ្មី មួយរបស់កម្ពុជា នៅពេលដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចេញសេចក្ដីថ្លែងការណ៍ជាផ្លូវការស្ដីពី «ដំណោះស្រាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការទាមទារ ដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ»។
ក្នុងនាមអ្នកជំនាញលោកបណ្ឌិតមើលឃើញថា ភ្លាមៗបន្ទាប់ពីរបៀបវារៈប្រវត្តិសាស្ត្រនេះត្រូវបានប្រកាស ស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ បាន បង្ហាញនូវធ្លុងសាមគ្គីភាពជាតិយ៉ាងរឹងមាំ តាមរយៈញត្តិគាំទ្រយ៉ាងព្រោងព្រាត។ សកម្មភាពនេះ មិន ត្រឹមតែជាកាយវិការនយោបាយគាំទ្រប្រមុខដឹកនាំប៉ុណ្ណោះទេ ប៉ុន្តែការណ៍នេះគឺជាការបង្ហាញទៅកាន់ សហគមន៍អន្តរជាតិនូវ «កុងសង់ស៊ីសជាតិដាច់ខាត» (Absolute National Consensus) ក្នុងការ ការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ដោយឈរលើខ្សែបន្ទាត់ច្បាប់អន្តរជាតិ និងគោលការណ៍ សន្តិវិធីជាដាច់ខាត។
១. បរិបទ និងបុព្វហេតុគតិយុត្ត៖ ឥរិយាបថ «ឯកតោភាគី» របស់ភាគីថៃ
ការសម្រេចចិត្តដើរផ្លូវច្បាប់អន្តរជាតិនៃរាជរដ្ឋាភិបាលកម្ពុជា គឺជាវិធានការឆ្លើយតបជាយុទ្ធសាស្ត្រ បន្ទាប់ពីភាគីថៃបានសម្រេចចិត្តដើរចេញ និងប្រកាសលុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ (MOU 2001) ជាឯកតោភាគី កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦កន្លងទៅ។
MOU ឆ្នាំ២០០១ គឺជាក្របខណ្ឌគតិយុត្តទ្វេភាគី (Bilaterial Legal Framework) តែមួយគត់ ដែលប្រទេសទាំងពីរ ប្រើប្រាស់ជាមូលដ្ឋានគ្រឹះសម្រាប់ធ្វើការចរចាលើតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នា (Overlapping Claims Area - OCA)។ ការប្រកាសរំលាយចោលនូវយន្តការនេះដោយឯកតោភាគីពីសំណាក់ទីក្រុងបាងកក មិនត្រឹមតែជាការបំផ្លាញទំនុកចិត្តការទូតប៉ុណ្ណោះទេ ប៉ុន្តែវាបានឆ្លុះបញ្ចាំងឱ្យឃើញនូវចំណុចអវិជ្ជមានជាយុទ្ធសាស្ត្រចំនួន៣គឺ៖
- អស្ថិរភាពខាងគោលនយោបាយ និងឥរិយាបថត្រឡប់ត្រឡិន ដែលជាការបង្ហាញយ៉ាងច្បាស់ ពីការមិនគោរពតាមគោលការណ៍ច្បាប់អន្តរជាតិជាមូលដ្ឋាន គឺវិធាន Pacta sunt servanda (កិច្ចព្រមព្រៀងត្រូវតែគោរពដោយសុឆន្ទៈ)។ ការប្រែប្រួលខ្សែបន្ទាត់នយោបាយផ្ទៃក្នុងរបស់ថៃ តែងតែរុញច្រានឱ្យរដ្ឋនេះរំលោភលើកាតព្វកិច្ចអន្តរជាតិដែលខ្លួនជាហត្ថលេខី។
- ការខ្វះសុឆន្ទៈនយោបាយ (Lack of Good Faith)៖ ការព្យាយាមគេចវេសពីយន្តការចរចា ដែលមានលក្ខណៈជាប្រព័ន្ធ ដោយការអូសបន្លាយពេលវេលា និងកេងចំណេញយុទ្ធសាស្ត្រផ្ទៃក្នុងរបស់ថៃ។
- កង្វះសុឆន្ទៈនយោបាយ ដែលបានឆ្លុះបញ្ចាំងតាមរយៈការដកខ្លួនចេញពីយន្តការចរចាដែល មានលក្ខណៈជាប្រព័ន្ធ ដោយជំនួសមកវិញនូវយុទ្ធសាស្ត្រអូសបន្លាយពេលវេលា ហើយបានព្យាយាមកេងចំណេញផលប្រយោជន៍នយោបាយផ្ទៃក្នុង ក្នុងគោលបំណងពន្យារការបែង ចែកផលប្រយោជន៍ធនធានធម្មជាតិ។
- ការតាំងខ្លួន និងប្រើប្រាស់ឥទ្ធិពលជារដ្ឋខ្លាំង ដែលដិតដាមដោយចរិតឯកតោភាគី តាមរយៈការបំផ្លាញក្របខណ្ឌច្បាប់ទ្វេភាគី ដើម្បីបង្កើតឱ្យមានភាពខ្វះចន្លោះគតិយុត្តក្នុងចេតនាញ៉ាំង ឱ្យមានការដាក់សម្ពាធ និងកេងចំណេញលើកម្ពុជា ទាំងផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ។
២. របត់យុទ្ធសាស្ត្រ៖ ការផ្លាស់ប្តូរទីលានប្រកួត ពី «ទ្វេភាគី» មក «ពហុភាគីអន្តរជាតិ»
ការរំលោភបំពាន និងការដើរចេញជាឯកតោភាគីរបស់ភាគីថៃ បានក្លាយជាកាតាលីករដ៏សំខាន់ បំប្លែងទៅជាឱកាសយុទ្ធសាស្ត្រសម្រាប់កម្ពុជា ក្នុងការប្រើប្រាស់សិទ្ធិស្របច្បាប់ដែលមានចែងក្នុងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ (UNCLOS)។ កម្ពុជាបានសម្រេចចិត្ត ដើរជំហានវាយបកផ្នែកគតិយុត្ត តាមរយៈការដាក់ពាក្យប្ដឹងជាផ្លូវការ ដើម្បីបើកយន្តការនៃការផ្សះផ្សា ដោយចាប់បង្ខំ (Compulsory Conciliation) យោងតាមមាត្រា ២៩៧, ២៩៨ និងឧបសម្ព័ន្ធទី៥ (Annex V) នៃអនុសញ្ញា។
ជំហានយុទ្ធសាស្ត្រនេះ បានប្តូរទម្រង់នៃការប្រកួតពីការចរចាទ្វេភាគីដែលថៃតែងតែព្យាយាមគ្រប់គ្រង និងបង្គាប់បញ្ជាមកជាទីលានពហុភាគីអន្តរជាតិ ដែលមានវិធានច្បាប់តឹងរ៉ឹង និងតម្លាភាពខ្ពស់។ ក្រោមឆត្រយុត្តាធិការនៃច្បាប់ UNCLOS ប្រទេសថៃត្រូវបានចងភ្ជាប់ដោយកាតព្វកិច្ចដាច់ខាត (Absolute Obligation) ត្រូវតែចូលខ្លួនមកដោះស្រាយវិវាទនៅលើតុការទូតអន្តរជាតិ ដោយមិនអាចប្រើប្រាស់យុទ្ធសាស្ត្រគំរាមកំហែង ឬអូសបន្លាយពេលតទៅទៀតបានឡើយ។
៣. យន្តការច្បាប់ទាំង៣ ដែលទម្លុះភាពជាប់គាំង (Stalemate)
ដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជាបានឈ្វេងយល់កាន់តែច្បាស់ ភាពចាប់បង្ខំនៅក្នុងយន្តការនេះ មិនមែនសំដៅលើការបង្ខំឱ្យទទួលយកលទ្ធផលនៃសេចក្តីសម្រេចនោះទេ ប៉ុន្តែវាគឺជាកាតព្វកិច្ចដាច់ខាត ខាងនីតិវិធី (Procedural Mandate) ពោលគឺបង្ខំឱ្យរដ្ឋភាគីចុងចោទ ត្រូវតែមកអង្គុយដោះស្រាយ វិវាទ ទោះបីជាពួកគេចង់ ឬមិនចង់ក៏ដោយតាមរយៈខ្នោះច្បាប់ចំនួន៣៖
ក. ការផ្តួចផ្តើមចំណាត់ការជាឯកតោភាគី (Unilateral Initiation)
ម្ពុជាមានសិទ្ធិពេញលេញក្នុងការដាក់ពាក្យប្តឹងទៅកាន់អគ្គលេខាធិការ UN ដើម្បីបង្កើតគណៈ កម្មការផ្សះផ្សា ដោយមិនចាំបាច់មានការយល់ព្រម ឬការឯកភាពជាមុនពីភាគីថៃឡើយ។ ថៃមិនអាច ប្រើសិទ្ធិវ៉េតូ (Veto) ដើម្បីរារាំងចំណាត់ការនេះបានឡើយ។
ខ. ភាពដាច់ខាតក្នុងការបង្កើតគណៈកម្មការ (Compulsory Constitution)
រដ្ឋភាគីទាំងអស់មានកាតព្វកិច្ចច្បាប់ក្នុងការចូលរួមការពារផលប្រយោជន៍ និងបង្ហាញភស្តុតាង របស់ខ្លួន។ ប្រសិនបើថៃជ្រើសរើសផ្លូវរឹងរូស មិនព្រមសហការ ឬមិនព្រមតែងតាំងសមាជិក (អ្នកផ្សះ ផ្សា) របស់ខ្លួនចូលក្នុងគណៈកម្មការ ក៏មិនអាចធ្វើឱ្យនីតិវិធីនេះជាប់គាំងដែរ។ ច្បាប់អន្តរជាតិអនុញ្ញាត ឱ្យ អគ្គលេខាធិការ UN ធ្វើការតែងតាំងសមាជិកជំនួស ដើម្បីឱ្យគណៈកម្មការដំណើរការជាផ្លូវការ។
គ. កាតព្វកិច្ចចូលរួម និងតម្លៃនៃការបាត់បង់កេរ្តិ៍ឈ្មោះ (Reputational Cost)
រដ្ឋភាគីមានកាតព្វកិច្ចច្បាប់ក្នុងការចូលរួមបង្ហាញភស្តុតាង និងការពារផលប្រយោជន៍ខ្លួន។ ប្រសិនបើថៃអវត្តមាន គណៈកម្មការនៅតែបន្តអង្គសេចក្តីនៃវិវាទជាដរាប។ ការដើរចេញពីដំណើរការនេះនឹងធ្វើឱ្យថៃបាត់បង់មុខមាត់ និងប្រឈមនឹងសម្ពាធការទូតយ៉ាងធ្ងន់ធ្ងរពីសហគមន៍អន្តរជាតិ។
៤. សំណាញ់សុវត្ថិភាព និង ច្រកចេញប្រកបដោយកិត្តិយស
យន្តការផ្សះផ្សាដោយចាប់បង្ខំ គឺជាសំណាញ់សុវត្ថិភាពដ៏ឈ្លាសវៃនៃអនុសញ្ញា UNCLOS ដែលត្រូវបានសហគមន៍អន្តរជាតិប្រសិទ្ធនាមថាជា «ធម្មនុញ្ញនៃមហាសមុទ្រ»។ វាត្រូវបានរចនាឡើង ជាពិសេសសម្រាប់ដោះស្រាយវិវាទដែលពាក់ព័ន្ធនឹងអធិបតេយ្យភាពជាតិដ៏តឹងរ៉ឹង ដូចជាព្រំដែន សមុទ្រ និងធនធានធម្មជាតិ ដែលជាតំបន់ប្រផេះដែលរដ្ឋនានាមិនចង់ប្រគល់ជោគវាសនាឱ្យតុលាការ កាត់សេចក្តីបែប «ចាញ់-ឈ្នះ» (Zero-sum game) បង្ខំលើក្បាលពួកគេ។
ទន្ទឹមនឹងនេះយន្តការនេះក៏ជួយបង្កើតនូវច្រកចេញប្រកបដោយកិត្តិយស (Honorable Exit) សម្រាប់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ៖
- កាត់បន្ថយសម្ពាធនយោបាយផ្ទៃក្នុង៖ ការដោះស្រាយក្រោមការសម្របសម្រួលរបស់គណៈកម្មការជំនាញអន្តរជាតិ ដូចជាការចូលរួមរបស់អ្នកជំនាញច្បាប់លំដាប់សកល លោក Peter Taksøe-Jensen និងលោក Jean-Marc Thouvenin ក្នុងករណីអូស្ត្រាលី-ទីម័រខាងកើត នឹងជួយឱ្យរដ្ឋាភិបាលទាំងពីរចៀសផុតពីការចោទប្រកាន់អំពីការធ្វើសម្បទាន ឬការចុះចាញ់ពីសំណាក់ចរន្តជាតិនិយមជ្រុលក្នុងស្រុក។
- ការបង្កើតមូលដ្ឋានចរចាស្អាតស្អំ៖ ទោះបីជារបាយការណ៍ និងអនុសាសន៍ចុងក្រោយគ្មានលក្ខណៈបង្ខំផ្លូវច្បាប់ (Non-binding) ប៉ុន្តែវាមានតម្លៃនយោបាយ និងឥទ្ធិពលការទូតខ្ពស់បំផុត ដែលអាចយកធ្វើជាមូលដ្ឋានគ្រឹះមិនលំអៀងសម្រាប់ការសម្រេចបាននូវកិច្ចព្រមព្រៀង ចុងក្រោយរវាងរដ្ឋទាំងពីរ។
៥. បរិបទភូមិសាស្ត្រនយោបាយតំបន់៖ ផលប្រយោជន៍រួមនៃសន្តិភាព និងការអភិវឌ្ឍ
នៅក្នុងសកលភាវូបនីយកម្មសតវត្សរ៍ទី២១ វិវាទដែនសមុទ្ររវាងកម្ពុជានិងថៃ មិនមែនជារឿង ដាច់ដោយឡែកនៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែវាមានឥទ្ធិពលយ៉ាងខ្លាំងដល់និរន្តរភាពនៃខ្សែ ចង្វាក់ផ្គត់ផ្គង់ និងការតភ្ជាប់ភស្តុភារកម្ម (Logistics Corridors) នៅក្នុងតំបន់អាស៊ានទាំងមូល។ ក្នុងទិដ្ឋភាពនេះ យន្តការច្បាប់ UNCLOS ដែលកម្ពុជាកំពុងប្រើប្រាស់ គឺដើរស្របគ្នាយ៉ាងល្អឥតខ្ចោះទៅនឹងទស្សនទានគន្លឹះនៃនយោបាយការបរទេសចិន ពោលគឺ «ការកសាងសហគមន៍វាសនារួមនៃមនុស្ស ជាតិ» (Community with a Shared Future for Mankind) ដែលផ្តោតលើសសរស្តម្ភពីរជាចម្បង៖
- សន្តិភាពឈ្នះ-ឈ្នះ ជាមូលដ្ឋានគ្រឹះ៖ ទីក្រុងប៉េកាំងជានិច្ចកាលតែងតែប្រកាន់ជំហរ ចង់ឃើញបណ្តាប្រទេសជិតខាង រក្សាបាននូវសន្តិភាព និងស្ថិរភាពយុទ្ធសាស្ត្រ ដោយដោះស្រាយវិវាទ តាមរយៈការចរចាដោយសន្តិវិធី និងច្បាប់អន្តរជាតិ។ សន្តិភាពនៅច្រកសមុទ្រថៃ គឺជាខឿនការពារ សន្តិសុខថាមពល និងសន្តិសុខនាវាចរណ៍តំបន់ ដែលជាផលប្រយោជន៍រួមរបស់អាស៊ីទាំងមូល។
- ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ (High-Quality Development)៖ ចិនចង់ឃើញតំបន់ OCA ក្លាយជាតំបន់ទាញយកផលប្រយោជន៍សេដ្ឋកិច្ចរួមគ្នា (Joint Development) ជាជាងតំបន់ជម្លោះយោធា។ ស្ថិរភាពគតិយុត្តដែលបង្កើតឡើងដោយយន្តការ UNCLOS នឹងទាក់ទាញទំនុក ចិត្តពីវិនិយោគិនអន្តរជាតិ រួមទាំងការគាំទ្រផ្នែកបច្ចេកវិទ្យា និងហិរញ្ញវត្ថុពីចិន ក្រោមគំនិតផ្តួចផ្តើមខ្សែ ក្រវាត់និងផ្លូវ (BRI) ដើម្បីបំប្លែងតំបន់ជម្លោះនេះ ទៅជាប៉ូលកំណើនសេដ្ឋកិច្ច និងថាមពលដ៏រឹង មាំសម្រាប់ប្រជាជាតិទាំងពីរ។
ហេតុនេះការដើរលើផ្លូវច្បាប់អន្តរជាតិរបស់កម្ពុជា មិនត្រឹមតែជាការការពារអធិបតេយ្យភាពផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការតម្រង់ទិសដៅនយោបាយការបរទេសមួយដ៏ឈ្លាសវៃ ដែលទទួលបានការគាំទ្រជាយុទ្ធសាស្ត្រពីមហាអំណាចតំបន់ដូចជាប្រទេសចិន ដែលមានបំណងប្រាថ្នារួមក្នុងការ រក្សាសន្តិភាព ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។
៦. មេរៀនប្រវត្តិសាស្ត្រ៖ មនសិការសតវត្សរ៍ទី ២១
ប្រជាជាតិកម្ពុជាសង្ឃឹមថា ភាគីថៃនឹងមានសុឆន្ទៈពិតប្រាកដ និងមិនដើរតាមដានប្រវត្តិសាស្ត្រ ចាស់ ដែលនាំមកនូវភាពអាម៉ាស់លើឆាកអន្តរជាតិ ដូចករណីរឿងក្តីប្រាសាទព្រះវិហារកាលពីឆ្នាំ១៩៦២ នៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នោះឡើយ។ នៅក្នុងយុគសម័យសតវត្សរ៍ ទី២១ ពិភពលោកលែងផ្ដល់ឱកាសឱ្យមានវប្បធម៌ «រដ្ឋទំនើង» ឬការប្រើប្រាស់កម្លាំងបាយយោធាមក ដោះស្រាយវិវាទព្រំដែនទៀតហើយ។
ជារួមមកសេចក្តីសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលនេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងពី ភាពចាស់ទុំខាងការទូត និងភាពឈ្លាសវៃខាងយុទ្ធសាស្ត្រច្បាប់។ កម្ពុជាបានបំប្លែងដោយជោគជ័យនូវ ការគំរាមកំហែង និងការដកខ្លួនជាឯកតោភាគីរបស់ថៃ ឱ្យទៅជាកាតព្វកិច្ចច្បាប់អន្តរជាតិដាច់ខាត។ នេះជាការអនុវត្តយ៉ាងពិតប្រាកដនូវទស្សនទានការទូតរបស់កម្ពុជាគឺ៖ «ការទាញភាគីជម្លោះឱ្យចេញពី សមរភូមិប្រយុទ្ធដែលប្រឈមនឹងហានិភ័យយោធា មកកាន់ សមរភូមិការទូតនិងច្បាប់ ដែលធានាដោយឆត្រអន្តរជាតិ ដើម្បីសន្តិភាព ស្ថិរភាព និងផលប្រយោជន៍យូរអង្វែងរបស់ប្រជាជននៃប្រទេសទាំងពីរ»៕




